ម៉ាស៊ីនកិនចំណីសត្វក្នុងស្រុក បង្កភាពងាយស្រួល និងកាត់បន្ថយចំណាយរបស់បងប្អូនកសិករ

ស្វាយរៀង ៖ បងប្អូនប្រជាកសិករខ្មែរដែលមានចិញ្ចឹមសត្វ ជាពិសេសនៅតាមស្រុកស្រែចំការតែងតែនិយមឱ្យចំណីដោយលាយចំណីផ្សេងៗរួមជាមួយ​នឹងដើមចេក ឬដំណាំដទៃទៀតដើម្បីបំប៉ន និងជំរុញការលូតលាស់របស់សត្វ។ ដោយមើលឃើញពីតម្រូវការចាំបាច់ និងអាចបង្កភាពងាយស្រួលដល់ការឱ្យចំណីទាំងនោះ ស្ថាបនិកខ្មែរម្នាក់បានច្នៃបង្កើតគ្រឿងយន្តកសិកម្មមួយប្រភេទគឺ ម៉ាស៊ីនកិនចំណីសត្វ ដែលអាចជួយកាត់បន្ថយចំណាយ និងចំណេញពេលវេលាបានយ៉ាងប្រសើរ។

លោក សុខ បូរិន ម្ចាស់សិប្បកម្ម សុខ បូរិន ផលិតគ្រឿងយន្តកសិកម្ម ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានប្រាប់ AMS ឱ្យដឹងថា លោកបានបង្កើតម៉ាស៊ីនកិនចំណីសត្វនេះឡើង ដោយសារមើលឃើញពីផលលំបាករបស់កសិករខ្មែរក្នុងការផលិតចំណីសត្វ ក៏ដូចជាការធ្វើជីសម្រាប់ដាំដំណាំ និងចង់ជួយឱ្យប្រជាកសិករខ្មែរអាចទទួលបានផលចំណេញច្រើនពីការប្រើប្រាស់ធនធានក្បែរផ្ទះ មិនប្រើជាតិគីមី មិនប៉ះពាល់ដល់សុខភាព ចំណេញពេលវេលា ចំណេញថវិកា ​និងមិនប៉ះពាល់ដល់បរិស្ថាន។

លោកបានបញ្ជាក់ថា ម៉ាស៊ីនកិនចំណីសត្វប្រភេទនេះ អាចកិនដើមចេក ដំឡូងមី ដើមពោត ក៏ដូចជាស្មៅផ្សេងៗសម្រាប់ឱ្យសត្វស៊ី។ ក្រៅពីនេះវាក៏ជាប្រភេទម៉ាស៊ីនពហុមុខងារ ពោលគឺអាចកិនចំណីសត្វក៏បាន ឬកិនមែកឈើផ្សេងៗសម្រាប់ធ្វើជីកំប៉ុស ឬវត្ថុធាតុដើមផ្សេងទៀតសម្រាប់ដាំដំណាំក៏បាន ដោយសារម៉ាស៊ីននេះត្រូវបានបំពាក់ដោយកំបិតសម្រាប់ហាន់ដ៏មុតស្រួច អាចកិនបំបែកមែកឈើបានយ៉ាងងាយ ហើយកម្លាំងម៉ាស៊ីនមានច្រើនជម្រើស រួមមានប្រើម៉ូទ័រ ប្រើម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត ពោលគឺអាស្រ័យតាមតម្រូវការរបស់បងប្អូនប្រជាកសិករ ដែលមានតម្លៃចាប់ពី ២៨០ដុល្លារឡើងទៅ។

លោកបានមានប្រសាសន៍ថា ៖

«ត្បិតតម្លៃវារាងថ្លៃជាងម៉ាស៊ីននាំចូលក៏ពិតមែន តែម៉ាស៊ីនដែលចេញពីសិប្បកម្មមួយនេះមានគុណភាពល្អ បំពាក់ដោយគ្រឿងបង្គុំធន់ មាំ មិនងាយខូច អាចប្រើប្រាស់បានរយៈពេលយូរ។ ហេតុនេះហើយទើបបងប្អូនដែលបានប្រើហើយ តែងនិយាយតៗគ្នាពីព័ត៌មានក៏ដូចជាគុណភាពល្អដែលប្រៀបបាននឹងការផ្សព្វផ្សាយទៅដល់តំបន់ឆ្ងាយៗទូទាំងប្រទេស ។ ជាក់ស្ដែងមានបងប្អូនមួយចំនួនដែលធ្លាប់ប្រើប្រាស់ម៉ាស៊ីននាំចូលពីប្រទេសជិតខាង បានងាកមកប្រើប្រាស់ម៉ាស៊ីនរបស់សិប្បកម្ម សុខ បូរិន វិញ ដោយសារតែគុណភាពល្អ និងមានភាពធន់របស់ម៉ាសស៊ីន»

បច្ចុប្បន្ន សិប្បកម្មរបស់លោក បូរិន មានកម្មករប្រមាណ ១០នាក់ ដែលមានតួនាទីផ្សេងៗគ្នា ហើយអាចដំឡើងម៉ាស៊ីនបាន ១គ្រឿងប៉ុណ្ណោះក្នុង១ថ្ងៃពោលគឺនៅមិនទាន់គ្រប់តាមតម្រូវការរបស់អតិថិជនឡើយ។

គួរបញ្ជាក់ដែរថា លោក បូរិន បានចាប់ផ្ដើមផលិតម៉ាស៊ីនកិនចំណីសត្វនេះឡើងកាលពីឆ្នាំ២០១៧ ដែលដើមឡើយសិប្បកម្មសរបស់លោកមានផលិតត្រឹមប្រភេទឧបករណ៍ស្នប់ទឹកប៉ុណ្ណោះ ហើយក្រោយមកទើបមានការរៀបចំផែនការបង្កើតម៉ាស៊ីនកិនចំណីសត្វដោយបានចំណាយដើមទុនអស់ប្រមាណ២០ម៉ឺនដុល្លារ។

ម្ចាស់សិប្បកម្មក្នុងក្រុងស្វាយរៀងរូបនេះបានបន្ថែមឲ្យដឹងទៀតថា ទោះជាលោកជាអ្នករចនាម៉ូដ និងបង្កើតម៉ាស៊ីនកិនចំណីនេះឡើង តែពុំមានវត្ថុធាតុដើមក្នុងស្រុកឡើយ គឺត្រូវកម្ម៉ង់ឱ្យប្រទេសជិតខាងជាអ្នកផលិតគ្រឿងបង្គុំ បន្ទាប់មកលោកក៏យកមកដំឡើងនៅសិប្បកម្មផ្ទាល់តែម្ដង។ ក្រៅពីនេះលោកក៏មានគម្រោងផលិតម៉ាស៊ីនថ្មីដែលមានមុខងារផ្សេងៗទៀតសម្រាប់បងប្អូនកសិករ ប៉ុន្តែបច្ចុប្បន្ន ត្រូវបានរាំងស្ទះដោយសារបញ្ហាកូវីដ១៩ ហើយបញ្ហាអ្នកជំនាញនៅមានកម្រិត វត្ថុធាតុដើមក៏ត្រូវការនាំចូលទៀតនោះ បានចោទជាបញ្ហាសម្រាប់អាជីវកម្មមួយនេះផងដែរ។

យ៉ាងណាក៏ដោយ លោក សុខ បូរិន ក៏ថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រម៉ាស៊ីនច្នៃដោយកូនខ្មែរ និងលើកទឹកចិត្តដល់បងប្អូនដែលមានចិញ្ចឹមសត្វ ក៏ដូចជាដាំបន្លែ គួរទិញម៉ាស៊ីននេះយកទៅប្រើប្រាស់ដែលអាចកាត់បន្ថយចំណាយ ពិសេសគឺកាត់បន្ថយការប្រើប្រាស់ថ្នាំគីមីលើដំណាំដោយងាកមកប្រើជីកំប៉ុស មិនប៉ះពាល់ដល់សុខភាពជំនួសវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី