បរទេស ៖ បច្ចុប្បន្ននេះ ជាមួយនឹងទ្រព្យសម្បត្តិរហូតដល់ទៅ ១៣០ពាន់លានដុល្លារ លោក Warren Buffett ដែលជាស្ថាបនិកក្រុមហ៊ុន Berkshire Hathaway បានឈានចូលវ័យ៩៤ឆ្នាំហើយនៅក្នុងខែសីហាខាងមុខនេះ។
ជាអ្នកវិនិយោគដ៏ឆ្លាតវៃ និងជាអ្នកជំនួញដ៏ល្បីល្បាញអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោក Buffett តែងតែជាមនុស្សដែលមានផែនការច្បាស់លាស់លើគ្រប់កិច្ចការងារហើយចុងក្រោយនៃជីវិតរបស់គាត់នេះ លោកក៏បានត្រៀមរៀបចំបញ្ជីមរតកទាំងអស់របស់គាត់បានរួចរាល់ទៅហើយផងដែរ។
ថ្មីៗនេះ លោក Buffett បានប្រកាសជាសាធារណៈថា នៅក្រោយពេលដែលគាត់ទទួលមរណៈភាព ទ្រព្យសម្បត្តិទាំងអស់នឹងត្រូវផ្ទេរចូលទៅក្នុងមូលនិធិសប្បុរសធម៍មួយដែលកំពុងគ្រប់គ្រងដោយកូនប្រុសស្រីទាំង៣នាក់របស់គាត់ ហើយដោយឡែកថវិកាដែលត្រូវផ្តល់ទៅឲ្យមូលនិធិផ្សេងទៀតទាំងអស់ដែល Berkshire Hathaway ធ្លាប់ផ្តល់ឲ្យជារៀងរាល់ឆ្នាំនោះនឹងត្រូវបញ្ចប់ផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍កាលពីសប្តាហ៍មុន លោក Buffett បានអះអាងថា ប្រាក់បរិច្ចាគដែលផ្តល់ទៅឲ្យមូលនិធិ Bill & Melinda Gates Foundation (BMGF)នឹងឈានដល់ទីបញ្ចប់នៅក្រោយការស្លាប់របស់គាត់។ BMGF ដែលធ្លាប់បានទទួលថវិកាសប្បុរសពីលោក Buffett តាំងតែពីឆ្នាំ២០០៦សរុបមកទល់ពេលនេះមានទំហំដល់ទៅ ៣៩,៣ពាន់លានដុល្លារ។
ចំណែកចុងក្រោយដែលជាថវិកាបរិច្ចាគរបស់លោក Buffett សម្រាប់ BMGF ត្រូវបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនដូចគ្នាដែរ ក្នុងនោះភាគហ៊ុនដែលមានតម្លៃប្រមាណជា៤ពាន់លានដុល្លារនឹងត្រូវប្រគល់ទៅឲ្យ BMGF ចាត់ចែងដូចកញ្ចប់ថវិការាល់ដងដែលផ្តោតសំខាន់ទៅលើកិច្ចការងារគាំពារសុខមាលភាព និងកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោក។
លោកបញ្ជាក់បែបនេះថា ៖
«ខ្ញុំជឿជាក់លើកូនប្រុសស្រីទាំង៣ទាំងស្រុងអំពីរបៀបដែលពួកគេនឹងប្រើប្រាស់ថវិកាទាំងនោះក្នុងការបន្តធ្វើការងារមនុស្សធម៍ទៅថ្ងៃមុខ។ ទ្រព្យរបស់ខ្ញុំដែលប្រគល់ឱ្យកូនៗរបស់ខ្ញុំទាំងអស់នឹងត្រូវប្រើប្រាស់ដើម្បីជួយដល់មនុស្ស៨ពាន់លាននាក់ផ្សេងទៀតលើពិភពលោកនេះដែលមានស្ថានភាពរស់នៅលំបាក ហើយយើងមានវិធីច្រើនណាស់ដើម្បីជួយដល់ពួកគេ»។
គួរឲ្យដឹងដែរថា កូនប្រុស-ស្រី របស់លោក Warren Buffett រួមមាន លោកស្រី Susie Buffett មានវ័យ៧១ឆ្នាំ លោក Howie Buffett មានវ័យ៦៩ឆ្នាំ សុទ្ធតែជាបុគ្គលដែលមានមូលនិធិសប្បុរសធម៍រៀងៗខ្លួនរួចទៅហើយ ហើយពួកគេទាំងពីរក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Berkshire Hathaway ផងដែរ ខណៈដែលកូនប្រុសពៅ លោក Peter Buffett វ័យ៦៦ឆ្នាំបច្ចុប្បន្នគឺជាអ្នកនិពន្ធតន្ត្រី៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content