ភ្នំពេញ ៖ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជានឹងទទួលបានចំណងដៃថ្មីពីរាជរដ្ឋាភិបាលកម្ពុជា ហើយសមិទ្ធផលខ្លះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលមិនធ្លាប់មានពីមុនមក ។ តើសមិទ្ធផលអ្វីខ្លះ ដែលពលរដ្ឋកម្ពុជានឹងទទួលបាននៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ?
បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធ ពលរដ្ឋកម្ពុជានៅបណ្ដាខេត្តចំនួន៣ រួមមាន បាត់ដំបង ពោធិ៍សាត់ កោះកុង នឹងទទួលបានចំណងដៃថ្មីមួយគឺស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១០ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា នៅអំឡុងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ខាងមុខនេះ ក្រសួងនឹងអនុញ្ញាតឱ្យពលរដ្ឋឆ្លងកាត់ស្ពានខ្ពស់ជាងគេរយៈ៧ថ្ងៃ ពោលគឺនៅមុនថ្ងៃបុណ្យចូលឆ្នាំ ២ថ្ងៃ និងក្រោយពិធីបុណ្យចូលឆ្នាំ ២ថ្ងៃរួមទាំងថ្ងៃចូលឆ្នាំ រយៈពេល៣ថ្ងៃផងដែរ ។

ដោយឡែកក្រលេកមកមើលស្ពានមរតកតេជោស្ថិតនៅក្នុងរាជធានីភ្នំពេញ ក៏សម្រេចបានការសាងសង់ជិតរួចរាល់ហើយ ពោលគឺនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ស្ពានមរតកតេជោ នឹងបញ្ចប់ការសាងសង់ទាំងស្រុង ហើយស្ពាននេះដែរ ក្នុងដំណាក់កាលទី១ បានដាក់ឱ្យពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្នហើយ និងត្រៀមដាក់ឱ្យដំណើរការនូវស្ពានទាំងស្រុងក្នុងពេលឆាប់ៗនេះ ។ សមិទ្ធផលនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុន និងជាស្ពានអាកាសពីរជាន់ ។

អ្វីដែលពិសេស និងជាចំណងដៃដ៏ថ្លៃថ្លាពីសំណាក់រាជរដ្ឋាភិបាលកម្ពូជា ដែលមានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាសេនាធិការនោះ គឺការបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ។ ការបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីនេះដែរ នឹងអាចឈានដល់ការចេញបណ្ណសម្គាល់កម្មសិទ្ធជូនពលរដ្ឋឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានបញ្ជាក់ថា ក្រុមការងារចុះវាស់វែងដីធ្លីនឹងបញ្ចប់ការងារនេះឱ្យបានចប់សព្វគ្រប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ហើយបន្ទាប់មកទៀត ក្រុមការងារ និងចាប់ផ្ដើមរៀបចំពិនិត្យចុះបញ្ជី និងបិទផ្សាយជាសាធារណៈ ដើម្បីឱ្យពលរដ្ឋផ្ទៀងផ្ទាត់ឯកសារមុនឈានដល់ការចេញបណ្ណសម្គាល់កម្មសិទ្ធម្ចាស់អចលនវត្ថុជាផ្លូវការជូនពលរដ្ឋ។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ការបញ្ចប់វាស់វែងចុះបញ្ជីដីធ្មី និងចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋនេះដែរ នឹងកាត់បន្ថយ ឬលែងមានបញ្ហាទំនាស់ដីធ្លីដូចមុនទៀតហើយ ទាំងទំនាស់ដីធ្លីរវាងរដ្ឋ និងឯកជន រវាងឯកជន និងឯកជន ។ ការដែលពលរដ្ឋមានបណ្ណសម្គាល់កម្មសិទ្ធិលើអចលនវត្ថុនេះដែរ ក៏ជាយន្តការពារទ្រព្យសម្បត្តិ និងជាបណ្ណសម្គាល់លើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content