ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានជួបពិភាក្សាជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា៖ ក្នុងកិច្ចជំនួបខាងលើនេះបានផ្តោតទៅលើកិច្ចពិភាក្សាការងារអំពីបច្ចុប្បន្នភាពនៃការកែច្នៃ និងការនាំចេញផលិតផលកសិផលកម្ពុជារបស់ក្រុមហ៊ុន ខណៈដែលភាគីខាងក្រុមហ៊ុនបានស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មលើគម្រោងរបស់ខ្លួនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរ ដែលបានចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាពនៃដំណើរការផលិតកម្ម ការពង្រីករោងចក្រ ការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពលក្នុងនាំចេញផលិតផលកសិផល ជាពិសេស ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីបានបង្ហាញអំពីការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផលខាងលើដែលនេះជាការចូលរួមចំណែកមួយជាមួយរដ្ឋាភិបាលក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លោកជំទាវរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ក៏ដូចជាចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្ត និងយន្តការគាំទ្រផ្សេងទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ សំដៅលើកកម្ពស់សមត្ថភាពក្នុងការផលិត និងកែច្នៃ ដែលមានភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត អ្នកកែច្នៃនិងអ្នកនាំចេញសំដៅជំរុញការនាំចេញបង្កើនចំណែកទីផ្សារនិងកិត្យានុភាពរបស់កម្ពុជាលើទីផ្សារអន្តរជាតិ៕








វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content