បរទេស៖ យោងតាមប្រភព័ត៌មានពី BBC បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើដំណើរមកកាន់ប្រទេសចិនតាមរយៈរថភ្លើងពិសេស ដើម្បីចូលលរួមទស្សនាក្បួនដង្ហែយោធាដ៏ធំបំផុតរបស់មហាអំណាចមួយនេះ។

ទន្ទឹមនឹងនេះ គេបានឃើញវត្តមានកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ ឈ្មោះថា គីម ជូអេ (Kim Ju Ae) ដែលភ្នាក់ងារចារកម្មកូរ៉េខាងត្បូងទាយទុកថា ក្មេងស្រីម្នាក់នេះអាចនឹងក្លាយជាអ្នកស្នងតំណែងពីឪពុក។
គីម ជូអេ គឺជាកូនទីពីរក្នុងចំណោមកូនបីនាក់របស់លោក គីម ជុងអ៊ុន និងលោកស្រី រី ស៊ុលជូ ជាអតីតតារា ដែលបានរៀបការកាលពីឆ្នាំ២០០៩ ។ ទន្ទឹមនឹងនេះ គ្រួសាររបស់លោក គីម ជុងអ៊ុន មានភាពអាថ៌កំបាំងយ៉ាងខ្លាំង ដោយភាគច្រើនគេឃើញតែវត្តមានរបស់ប្រពន្ធ និងកូនស្រី គីម ជូអេ ជាសាធារណៈប៉ុណ្ណោះ។ វត្តមានជាលើកដំបូងរបស់ក្មេងស្រីម្នាក់នេះត្រូវបានដឹងលេចឮចេញតាមរយៈព័ត៌មានអំពីអ្នកលេងបាល់បោះ Dennis Rodman ដែលបានប្រាប់កាសែត The Guardian កាលពីឆ្នាំ២០១៣ ថា គាត់បីកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសនេះជាលក្ខណៈសម្ងាត់។ ក្រោយមក គេបានឮអំពី គីម ជូអេ តិចតួចប៉ុណ្ណោះ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ នាងបានអមដំណើរជាមួយឪពុកចុះត្រួតពិនិត្យការរបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ។
នៅខែកុម្ភៈ ឆ្នាំ២០២៣ គីម ជូអេ បានចូលរួមក្នុងពិធីជប់លៀងសម្រាប់មន្ត្រីកំពូលរបស់កូរ៉េខាងជើង និងបានចូលរួមកម្មវិធីជាបន្តបន្ទាប់ជាមួយនឹងឪពុក។ ក្រោយៗមក គេយល់ឃើញថា គីម ជូអេ គឺជាបេក្ខភាពបន្តវេន និងកំពុងសិក្សាមេរៀនស្នងតំណែងពីឪពុក។

ភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង (NIS) បានផ្តល់នូវព័ត៌មានលម្អិតបន្ថែមមួយចំនួនអំពីក្មេងស្រីម្នាក់នេះ គឺនាងចូលចិត្តជិះសេះ ជិះស្គី និងហែលទឹក ហើយទទួលបានការអប់រំនៅក្នុងផ្ទះដោយផ្ទាល់ នារដ្ឋធានីព្យុងយ៉ាង។ នៅឆ្នាំ ២០២៤ NIS បានឈានដល់ការសន្និដ្ឋានមួយផ្សេងទៀតថា គីម ជូអេ ទំនងជាអ្នកស្នងតំណែងដ៏ស័ក្ដិសមបំផុតពីមេដឹកនាំ គីម ជុងអ៊ុន បើទោះបីជាឪពុកអាចនឹងកាន់តំណែងយូរឆ្នាំទៀតក៏ដោយ។ ចាប់តាំងពីពេលនោះមក នាងបានបង្ហាញខ្លួននៅក្បែរឪពុកជាច្រើនដង ព្រមទាំងទទួលបានកិច្ចស្វាគមន៍ពីមេបញ្ជាការយោធាជាន់ខ្ពស់ថែមទៀតផង។ កាលពីថ្ងៃអង្គារកន្លងទៅនេះ គឺជាលើកទីមួយដែលគេឃើញ គីម ជូអេ ធ្វើដំណើរចេញទៅខាងក្រៅប្រទេសកូរ៉េខាងជើង ហើយវត្តមានរបស់នាងជំរុញឱ្យមានការរំពឹងទុកបន្ថែមទៀតថា នាងអាចនឹងស្នងតំណែងឪពុក គីម ជុងអ៊ុន យ៉ាងប្រាកដ។
គួរបញ្ជាក់ដែរថា គ្រួសារលោក គីម បានគ្រប់គ្រងប្រទេសកូរ៉េខាងជើងតាំងពីឆ្នាំ១៩៤៨ និងបានប្រាប់ពលរដ្ឋថា ពួកគេមកពីត្រកូលដ៏ពិសិដ្ឋ ដែលមានន័យថា មានតែពួកគេទេដែលអាចដឹកនាំប្រទេសមួយនេះបាន៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content