បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា បណ្តាប្រទេស G7 បានពិភាក្សាគ្នាអស់រយៈពេលជាងមួយឆ្នាំក្នុងការដាក់ទណ្ឌកម្មសាជាថ្មីលើការនាំចេញពេជ្រមិនទាន់ច្នៃរបស់រុស្ស៊ី ដែលអាចនឹងធ្វើឱ្យតម្លៃត្បូងពេជ្រកើនឡើងទូទាំងពិភពលោក។

អ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុន Capital Economics លោក Edward Gardner បាននិយាយថា ការជជែកដេញដោលគ្នាបានបន្តមួយរយៈ ពីព្រោះមានហានិភ័យដែលរុស្ស៊ីអាចបង្វែរការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសដែលមិនចូលរួមការពិភក្សានោះ។ ប្រសិនបើការដាក់ទណ្ឌកម្មត្រូវបានអនុវត្តដោយការរឹតបន្តឹងលើការនាំចេញពេជ្រ នោះការផ្គត់ផ្គង់របស់រុស្ស៊ីនឹងតិចជាងមុនមកលើទីផ្សារ ហើយតម្លៃកាន់តែថ្លៃ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងបង្កការព្រួយបារម្ភសល់ឧស្សាហកម្មពេជ្រក្នុការការផ្លាស់ប្តូរពាណិជ្ជកម្មពេជ្រទៅកាន់ទីផ្សារផ្សេងទៀតដូចជា ទីក្រុងឌូបៃ ជាដើមដែលនឹងនាំឱ្យអ្នកប្រើប្រាស់ចំណាយប្រាក់កាន់តែច្រើនក្នុងការទិញ។
ដូចនេះហើយ ក្រុមប្រទេស G7 កំពុងមានការពិភក្សាអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យាដើម្បីតាមដានរកប្រភពដើមនៃពេជ្រ។ កាលពីខែមីនាកន្លងទៅនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីបន្តរកប្រាក់បានរាប់ពាន់លានដុល្លារពីពាណិជ្ជកម្មពេជ្រ ប៉ុន្តែភាគីទាំងពីរនេះនៅតែប្តេជ្ញាចិត្តក្នុងការបង្កើតផលវិបាកលើសេដ្ឋកិច្ចរុស្ស៊ី។

រហូតមកដល់ពេលនេះ អាមេរិកបានហាមឃាត់ការនាំចូលពេជ្រមិនទាន់ច្នៃរបស់រុស្ស៊ី ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែនាំចូលត្បូងដែលចម្រាញ់ចេញពីរុស្ស៊ី។ លើសពីនេះផងដែរ ចក្រភពអង់គ្លេស កាណាដា និងនូវែលហ្សេឡង់ បានអនុវត្តតាមវិធានការស្រដៀងគ្នានេះប្រឆាំងនឹងក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Alrosa ហើយសហភាពអឺរ៉ុប និង ក្រុមប្រទេស G7 កំពុងស្វែងរកវិធីថ្មីក្នុងការតាមរឹតបន្តឹងពេជ្ររុស្ស៊ីឆ្លងតាមព្រំដែន។ គួរឲ្យបញ្ជាក់ផងដែរថា រុស្ស៊ីគឺជាអ្នកផលិតពេជ្ររដុប ឬ ពេជ្រមិនទាន់កែច្នៃធំមួយរបស់ពិភពលោក ដែលអាចរកបានចំណូល ៤,៧ ពាន់លានដុល្លារពីការនាំចេញពេជ្រ ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកនាំចេញពេជ្រធំបំផុតទី ៨ នៅទូទាំងពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ វិធានការដែលបានស្នើឡើងត្រូវបានជំទាស់យ៉ាងខ្លាំងដោយអ្នកនាំចូលត្បូងធំៗដូចជាប្រទេសបែលហ្ស៊ិក ដែលមាននៅទីក្រុង Antwerp ជាមជ្ឈមណ្ឌលពាណិជ្ជកម្មពេជ្រដ៏ធំបំផុតរបស់ពិភពលោក ។
អ្នកប្រឆាំងនៃវិធានការនេះក៏ប្រកែកថាការដាក់ទណ្ឌកម្មដោយមិនបង្កើតប្រព័ន្ធសកលដើម្បីតាមដានត្បូងនឹងគ្មានន័យទេ ព្រោះពាណិជ្ជកម្មអាចផ្លាស់ប្តូរយ៉ាងងាយស្រួលទៅកាន់ទីផ្សារផ្សេងទៀតដូចជាឥណ្ឌា និងចិន តាមរបៀបដូចគ្នាទៅនឹងប្រេងឆៅរបស់រុស្ស៊ី។ កញ្ចប់ទណ្ឌកម្មចុងក្រោយបំផុតដែលទាក់ទងនឹងអ៊ុយក្រែន ដែលបច្ចុប្បន្នកំពុងត្រូវបានពិភាក្សាដោយ EU ទំនងជាមិនកំណត់គោលដៅពេជ្ររុស្ស៊ីទេ។ ក្នុងចំណោមទណ្ឌកម្ម ១០ ជុំមកទល់ពេលនេះ វិធានការរបស់សហភាពអឺរ៉ុបបានកំណត់គោលដៅទៅលើរុស្ស៊ីដូចជា ប្រេង ធ្យូងថ្ម ធនាគារ បុគ្គលមានទ្រព្យធន និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានបញ្ចូលទៅក្នុងកញ្ចប់ទណ្ឌកម្ម៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content