ភ្នំពេញ៖ ក្នុងវេទិកាពិភាក្សាស្តីពីស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា អ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញថា កម្ពុជា គួរដល់ពេលដូររបត់ឧស្សាហកម្មរបស់ខ្លួន ដោយងាកចេញពីឧស្សាហកម្មកាត់ដេរ ទៅរកឧស្សាហកម្មគ្រឿងបង្គុំអេឡិចត្រូនិកនៅក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងបរិបទថ្មីនេះ គួរដល់ពេលវេលាមួយក្នុងការទទួលយកនូវរបត់ថ្មីនៃឧស្សាហកម្មអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក ដោយគួរងាកចេញពីឧស្សាហកម្មកាត់ដេរ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចជាតិ តាមរយៈរបត់នៃឧស្សាហកម្មថ្មី និងជាទាក់ទាញបាននូវ ការវិនិយោគដោយផ្ទាល់បន្ថែម។

ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជា បានរងនូវផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងការអូសបន្លាយនៃវិបត្តិសង្គ្រោះរបស់រុស្ស៊ី និងអ៊ុយគ្រែន ដែលធ្វើឱ្យកម្លាំងនៃការបញ្ជាទិញពីក្រៅប្រទេសមានការថមថយ ។ ស្របពេលនេះ ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងមានកំណើនងើបឡើងវិញបន្តិចធៀបនឹងឆ្នាំទៅ តែយ៉ាងណាក៏ដោយ ការបន្តទាក់ទាញនូវការវិនិយោគដោយផ្ទាល់ពីក្រៅប្រទេស ដែលយើងហៅថា FDI គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាជាបន្ត ដោយក្នុងនោះ ការផ្លាស់ប្តូររបត់ថ្មីនៃការធ្វើឧស្សាហកម្ម គឺជារឿងចាំបាច់ឱ្យស្របតាមការធ្វើបរិវដ្តឧស្សាហកម្មឌីជីថល។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៤នេះ មានគម្រោងវិនិយោគរហូតដល់ទៅ៣២គម្រោង ត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាព។ គម្រោងទាំង៣២នេះ មានទុនវិនិយោគសរុបជាង ១៨៧លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានជិត ២៩ពាន់កន្លែង។

របាយការណ៍ដដែលបានឱ្យដឹងផងដែរថា ទុនវិនិយោគជាង ៧៨ភាគរយ មានប្រភពមកពីប្រទេសចិន ៩.៦៥ ភាគរយ មកពីប្រទេសសិង្ហបុរី ៥,៣៤ភាគរយមកពីសហរដ្ឋអាមេរិក ៣.៥៥ភាគរយ មកពីសាធារណរដ្ឋកូរ៉េ និង២,៧៣ ភាគរយ ជាប្រភពក្នុងស្រុក៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content