បរទេស៖ យោងតាមប្រភពព័ត៌មានពីនីគីអាស៊ី បានរាយការណ៍ថា សេដ្ឋកិច្ចឥណ្ឌូនេស៊ីមានកំណើនយឺតត្រឹមអត្រា ៥,០៥ ភាគរយក្នុងត្រីមាសទី២ឆ្នាំនេះបើទោះបីជាត្រូវបានគាំទ្រដោយការចំណាយនៅថ្ងៃបុណ្យសាសនា និងការកើនឡើងនៃតម្រូវការប្រើប្រាស់ក្នុងគ្រួសារប្រចាំថ្ងៃក៏ដោយ ។

ផ្អែកតាមប្រភពដដែលបានបង្ហាញថា សេដ្ឋកិច្ចឥណ្ឌូនេស៊ីបានកើនឡើងយឺតក្នុងអត្រា ៥,០៥ ភាគរយ ដែលបានធ្លាក់ចុះពីត្រីមាសទី១ មានតួរលេខ ៥,១១ ភាគរយ(ខែមករាដល់ខែមីនា) និងទាបជាង ៥,១៧ ភាគរយក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣។ កាលពីខែមុន ធនាគារកណ្តាលឥណ្ឌូនេស៊ី បាននិយាយថា កំណើននៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៤ ត្រូវបានជំរុញដោយការកើនឡើងនៃការប្រើប្រាស់គ្រួសារ និងការវិនិយោគ។ ការប្រើប្រាស់គ្រួសារដែលមានចំណែកពាក់កណ្តាលនៃសេដ្ឋកិច្ចឥណ្ឌូនេស៊ីបានកើនឡើង ៤,៩៣ ភាគរយ ដោយសារកំណើនក្នុងវិស័យដឹកជញ្ជូន និងបដិសណ្ឋារកិច្ចបានកើនឡើង។
លោក Mohammad Edy Mahmud អនុប្រធានស្ថិតិរបស់ឥណ្ឌូណេស៊ី លើកឡើងថា កំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី២ត្រូវបានគាំទ្រដោយការចំណាយក្នុងអំឡុងពេលវិស្សមកាលរបស់សាសនា និងសាលា។ ទន្ទឹមនឹងនេះ ការចំណាយរបស់រដ្ឋាភិបាលមានអត្រាត្រឹមតែ ១,៤២ ភាគរយប៉ុណ្ណោះក្នុងត្រីមាសទី២ បន្ទាប់ពីការចំណាយកើនឡើងជិត ២០ ភាគរយក្នុងត្រីមាសទី១ ដែលជាការចំណាយលើការបោះឆ្នោតកាលពីខែកុម្ភៈ។ លើសពីនេះ ការនាំចេញបានកើនឡើង ៨,២៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

គួរកត់សម្គាល់ថា កាលពីខែមុន ធនាគារកណ្តាលឥណ្ឌូនេស៊ីបានព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី ៣ និងទី ៤ ឆ្នាំនេះថា នឹងត្រូវបានជំរុញដោយកំណើនដែលបានគ្រោងទុកពីការជំរុញសារពើពន្ធពី ២,៣ ភាគរយទៅ ២,៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប រួមជាមួយនឹងការកើនឡើងនៃការនាំចេញលើតម្រូវការកាន់តែខ្លាំងពីដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ឥណ្ឌូនេស៊ី។ ក្នុងឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌូនេស៊ីមានអត្រា ៥,០៥ ភាគរយដែលធ្លាក់ចុះពីកំណើន ៥,៣១ ភាគរយពីឆ្នាំ ២០២២។
ធនាគារកណ្តាលឥណ្ឌូនេស៊ីបានព្យាករណ៍ពីអត្រាកំណើនចន្លោះពី ៤,៧ ភាគរយទៅ ៥,៥ ភាគរយសម្រាប់ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ឥណ្ឌូនេស៊ី រំពឹងថានឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងស្រុកដ៏រឹងមាំ ជាមួយនឹងគោលដៅសម្រាប់អត្រាកំណើន GDP ចំនួន ៥ ភាគរយពេញមួយឆ្នាំ២០២៤ ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content