បរទេស ៖ ឆ្នាំនេះ ជាពិសេសដើមខែធ្នូ តម្លៃរបស់លុយគ្រីបតូ Bitcoin បានហក់ឡើងដល់ការចំណុចកំពូលប្រមាណជា១០ម៉ឺនដុល្លារក្នុងមួយកាក់ ប៉ុន្តែយ៉ាងណាក្តី វាមិនមែនជាទីផ្សារដែលស្ថិតនៅបញ្ជីទីផ្សារដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ឆ្នាំ២០២៤នេះទេ។
កាសែត The Bloomberg បានចេញផ្សាយថា ផលិតផលកាកាវ Cocoa ឯនោះទេដែលជាផលិតផលគួរឲ្យចាប់អារម្មណ៍ និងប្រតិបត្តិការជួញដូរល្អបំផុត (Best-Performing) សម្រាប់ឆ្នាំ២០២៤នេះ ខណៈដែលកាក់ Bitcoin នេះគឺបានត្រឹមលេខ២ប៉ុណ្ណោះ។

ប្រភពដដែលនេះបានបង្ហាញទៀតថា តម្លៃរបស់វត្ថុធាតុដើមសម្រាប់ផលិតជាសូកូឡានេះបានហក់ឡើងខ្លាំងគុណនឹង៣ហើយគិតចាប់តាំងតែពីដើមឆ្នាំ២០២៤ ដោយសារតែបញ្ហាជាប់គាំងនៃសង្វាក់ផ្គត់ផ្គង់ពីសំណាក់ប្លុកប្រទេសនៅអាហ្វ្រិកខាងលិច។
កាលពីខែមករា តម្លៃជួញដូរផលិតផលកាកាវប្រមាណជាង៤០០០ដុល្លារក្នុងមួយតោនប៉ុណ្ណោះ ប៉ុន្តែមកទល់ពាក់កណ្តាលខែធ្នូកន្លងទៅនេះ តម្លៃរបស់វាក្នុងមួយតោនបានកើនឡើងទៅដល់ ១២៧០០ដុល្លារ។នេះបើយោងតាមតួលេខដែលបានបង្ហាញដោយ Trading Economics ។ ឆ្នាំនេះការប្រមូលផលដើមកាកាវបានជួបប្រទះនឹងបញ្ហាធ្ងន់ធ្ងរដោយសារតែអាកាសធាតុប្រែប្រួលខ្លាំងពេក ជាពិសេសគ្រោះរាំងស្ងួតនៅក្នុងតំបន់អាហ្វ្រិកប៉ែកខាងលិចដែលក្នុងនោះប្រទេសអ្នកផ្គត់ផ្គង់ធំជាងគេបំផុតរបស់ពិភពលោកចំនួន២ដែលរងគ្រោះបញ្ហានេះជាងគេគឺ Ivory Coast និង Ghana។

មួយវិញទៀត បញ្ហាជីធ្វើកសិកម្មក៏ជាកត្តាជះឥទ្ធិពលសំខាន់ផងដែរដោយសារតែបណ្តាប្រទេសនៅអាហ្វ្រិកភាគច្រើនគឺជាអ្នកដែលពឹងផ្អែកទៅលើការនាំចូលពីក្រៅប្រទេសដែលក្នុងនោះមួយភាគធំពីប្រទេសរុស្សីបេឡារូសនិងអ៊ុយក្រែនដែលកំពុងផ្ទុះជម្លោះយោធាដាក់គ្នា។
តាមការព្យាករណ៍របស់ Trading Economics បានអះអាងថា ការប្រឈមមុខទៅនឹងបញ្ហាផ្គត់ផ្គង់តិចតួចចំពោះផលិតផលកាកាវនឹងធ្វើឲ្យតម្លៃរបស់វាបន្តកើនឡើងកាន់តែខ្ពស់ជាងនេះទៀតនៅប៉ុន្មានឆ្នាំខាងមុខ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content