ភ្នំពេញ ៖ សមាគមលើកកម្ពស់ម្រេចកំពត បានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ស្ថិតនៅភូមិអង្គរជ័យទី១ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរហូតមកដល់ពេលបច្ចុប្បន្នមានសមាជិកសរុបចំនួន ៣៤៥គ្រួសារ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា សមាគមបានចុះបញ្ជីជាម៉ាកសំគាល់ភូមិសាស្រ្ត (GI) នៅក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងឆ្នាំ២០១០ និងនៅសហភាពអឺរ៉ុបឆ្នាំ២០១៦។ ផ្ទៃដីដាំដុះសរុបចំនួន ២១២ ហិកតា ផ្ទៃដីប្រមូលផល ១៥៧ ហិកតា ទិន្នផល ២តោនក្នុង១ហិកតា និងបរិមាណផល ៣១៤ តោន ហើយនៅក្នុងចម្ការម្រេចសមាគមមួយនេះ ដើមមួយចំនួនមានអាយុកាលរហូតដល់ ៤០ឆ្នាំ ប៉ុន្តែនៅតែផ្តល់ទិន្នផលខ្ពស់ និងមានរសជាតិឆ្ងាញ់។

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានចុះពិនិត្យ និងវាយតម្លៃពីដំណើរការខ្សែច្រវាក់ផលិតកម្មដំណាំម្រេច តម្លៃ និងតម្រូវការទីផ្សារក្នុងខេត្តកំពត ព្រមទាំងបានជួបសំណេះសំណាលជាមួយសមាជិកសមាគមផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្សព្វផ្សាយផលប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើបទៅដល់ប្រជាពលរដ្ឋ ដែលពួកគាត់នឹងទទួលបាន ដូចជា ការធានាតម្លៃទីផ្សារ ការទទួលបានទុនជាប្រាក់កម្ចីពីធនាគារមានការប្រាក់សមរម្យ ថ្លៃដើមផលិតកម្មតិចជាងមុន មានតម្លៃល្អតាមរយ:កិច្ចសន្យាផលិតកម្ម និងអនុវត្តតាមផែនការផលិតកម្មជាដើម។

ជាមួយគ្នានេះ តំណាងកសិករបានបង្ហាញពីការចាប់អារម្មណ៍ គាំទ្រការប្រែក្លាយពីសហគមន៍ម្រេចទៅជាសហគមន៍ទំនើប និងបានស្នើឱ្យមន្ត្រីជំនាញរបស់ក្រសួងកសិកម្មពន្យល់បន្ថែមអំពីគោលការណ៍ និងនីតិវិធីក្នុងការបង្កើតសហគមន៍កសិកម្មទំនើបនេះផងដែរ។
គួរជម្រាបថា ដើម្បីស្វែងរកទីផ្សារ លើកកម្ពស់កេរ្តិ៍ឈ្មោះ និងទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” នៅទីផ្សារក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” នៅសហភាពអឺរ៉ុប វៀតណាម ថៃ និង បានចុះបញ្ជីនៅប្រទេសជាង៣០ ជាពិសេសការរៀបចំឯកសារគតិយុត្តមួយចំនួនទៀត ដូចជា៖ ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ, ការប្រកាសស្តីពីនីតិវិធីចុះបញ្ជី និងការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាដើម។

លោក ស៊ីម សុទុម ប្រធានគណៈប្រតិបត្តិរបស់សមាគមលើកកម្ពស់ម្រេចកំពត បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ដោយសារបញ្ហាអាកាសធាតុក្ដៅខ្លាំង ធ្វើឱ្យម្រេចជ្រុះច្រើន ហើយបង្ខំឱ្យកសិករភាគច្រើនបេះម្រេចខ្ចីលក់ក្នុង ១គីឡូ តម្លៃ ៤ម៉ឺនរៀល ចំណែកតម្លៃម្រេចកំពត (GI) មិនប្រែប្រួលឡើយ ដោយម្រេចខ្មៅ មានតម្លៃមធ្យម ១៥ដុល្លារក្នុង ១គីឡូក្រាម ម្រេចក្រហម ២៥ដុល្លារ និងម្រេចស ២៨ដុល្លារ។





វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content