បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA រាយការណ៍ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថាការប្រកាសពន្ធថ្មីរបស់អាម៉េរិកកំពុងជំរុញទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាន់តែមានភាពមិនច្បាស់លាស់។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា បរិយាកាសនៅក្នុងពាណិជ្ជកម្មកំពុងមានភាពមិនច្បាស់លាស់ក្នុងកម្រិតខ្ពស់ ហើយប្រទេសនានាគួរតែបន្តសហការគ្នាដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងដោះស្រាយបញ្ហាប្រឈមរួមគ្នា។ ទន្ទឹមនឹងនេះ IMF កំពុងតាមដានសេចក្តីប្រកាសពន្ធចុងក្រោយរបស់សហរដ្ឋអាម៉េរិកយ៉ាងដិតដល់ និងជំរុញឱ្យបណ្តាប្រទេសនានាសហការគ្នាដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយស្ថិរភាព។ IMF នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត នៅពេលដែលចេញផ្សាយទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួននៅចុងខែកក្កដា។
កាលពីខែមេសា IMF banកាត់បន្ថយការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់អាម៉េរិក ចិន និងប្រទេសភាគច្រើន ដោយលើកឡើងពីផលប៉ះពាល់នៃពន្ធរបស់ Trump មានកម្រិតខ្ពស់ និងព្រមានថាការកើនឡើងភាពតានតឹងពាណិជ្ជកម្មនឹងធ្វើឱ្យកំណើនកាន់តែយឺត។

កាលពីថ្ងៃពុធ ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសពីគម្រោងដាក់ពន្ធថ្មី ៥០% លើការនាំចូលទង់ដែងពីបរទេស និងគំរាមដាក់ពន្ធ ៥០% លើទំនិញពីប្រទេសប្រេស៊ីល ដែលវិធានការទាំងពីរនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា។ បន្ទាប់មក Trump ប្រកាសពីអត្រាពន្ធ ៣៥% សម្រាប់ទំនិញដែលនាំចូលពីកាណាដា ដែលចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា ហើយអាម៉េរិកគ្រោងនឹងដាក់ពន្ធ ១៥% ឬ ២០% លើដៃគូពាណិជ្ជកម្មផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ Trump បានប្រកាសពន្ធលើ ១៤ ប្រទេសចន្លោះពី ២៥% ទៅ ៤០% កាលពីប៉ុន្មានថ្ងៃមុន ជាមួយនឹងការគំរាមឲ្យពួកគេបង្កើនការនាំចូលពីអាម៉េរិកកាន់តែច្រើន។
ឥឡូវនេះ ក្ដីព្រួយបារម្ភអំពីការប្រកាសពន្ធគយថ្មីរបស់អាម៉េរិកកំពុងធ្វើឱ្យរោងចក្រនៅទូទាំងអាម៉េរិកខ្លួនឯង អាស៊ី និងអឺរ៉ុប កំពុងប្រឈមនឹងភាពមិនច្បាស់លាស់។ ក្រុមអ្នកវិភាគបានស្ទង់មតិពីចំណុចខ្សោយ និងរកឃើញថា ទាំងអាជីវកម្ម និងអ្នកបង្កើតគោលនយោបាយកំពុងជួបបញ្ហា ខណៈដែលព្យាយាមសម្របខ្លួនទៅនឹងការផ្លាស់ប្តូររបស់ Trump ដែលកំពុងបង្កភាពវឹកវរដល់ពាណិជ្ជកម្មពិភពលោក៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content