ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលហ្វីលីពីន បានប្រជុំទ្វេភាគីប្រចាំឆ្នាំលើកទី២ ក្រោមវត្តមានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ឯកឧត្តមបណ្ឌិត Eli Remolona ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Bohol ប្រទេសហ្វីលីពីន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំង ២ បានពិភាក្សាផ្លាស់ប្តូរទស្សនទាន និងបទពិសោធលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច វិស័យធនាគារ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំង២ បានឯកភាពលើកិច្ចសហការពន្លឿនការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនទ្វេភាគីតាមឃ្យូអរកូត ដែលគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងទេសចរ រវាងប្រជាជននៃប្រទេសទាំង២ ឱ្យកាន់តែប្រសើរថែមទៀត។
គួរំលឹកថា៖ កាលពីខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងទ្វេភាគី និងការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ជាពិសេស ពាក់ព័ន្ធនឹងប្រព័ន្ធប្រតិបត្តិការធនាគារកណ្តាល ការតភ្ជាប់ និងនវានុវត្តន៍ប្រព័ន្ធទូទាត់ នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការត្រួតពិនិត្យប្រព័ន្ធធនាគារ ការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្សេងៗជាច្រើនទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមក៕







វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content