ភ្នំពេញ៖ គម្រោងគាំទ្របឋមសម្រាប់សួនឧស្សាហកម្មបៃតងនៅកម្ពុជា ត្រូវបានបញ្ចប់ជាផ្លូវការ ដោយបានបង្ហាញនូវវឌ្ឍនភាពថ្មីមួយទៀតក្នុងការផ្តល់ “គោលការណែនាំស្តីពីសួនឧស្សាហកម្មបៃតង” សម្រាប់តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មនៅកម្ពុជា។
គម្រោងរយៈពេលមួយឆ្នាំ ដែលអនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមកិច្ចគាំទ្រពីលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) នៃរដ្ឋាភិបាលស្វីស ផ្តោតលើការលើកកម្ពស់ផ្នែកចំណេះដឹង ការវិភាគគម្លាតគោលនយោបាយ ការធ្វើផែនទីនៃភាគីពាក់ព័ន្ធ ការវាយតម្លៃតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មដែលបានជ្រើសរើសធៀបនឹងបទដ្ឋានអន្តរជាតិ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោង ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖
«គម្រោងគាំទ្របឋមសម្រាប់សួនឧស្សាហកម្មបៃតង នាំយករបៀបវារៈបៃតងឱ្យឈានទៅមួយកម្រិតថ្មីទៀត ដោយពង្រីកផលជះរបស់គម្រោងពីកម្រិតរោងចក្រ ទៅកម្រិតសួនឧស្សាហកម្មទាំងមូល»។
ឯកឧត្តមបានអំពាវនាវឱ្យបន្តភាពជាដៃគូ ដើម្បីអនុវត្តដំណាក់កាលអនាគតនៃគម្រោងនេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួល។
ឯកឧត្តមបានបន្ថែមថា៖
«កិច្ចខិតខំប្រឹងប្រែងរួម និងជាប្រព័ន្ធនឹងធ្វើឱ្យអភិក្រម សួនឧស្សាហកម្មបៃតង ទទួលបានជោគជ័យ និងផ្តល់ជាឧត្តមប្រយោជន៍សម្រាប់យើងទាំងអស់គ្នា»។
សូមបញញជាក់ដែរថា សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងគាំទ្របឋមនេះ បានប្រមូលផ្តុំតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស ដើម្បីពិនិត្យលទ្ធផលគម្រោង និងស្វែងរកវិធីសាស្ត្រអនុវត្តឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព និងបរិយាបន្ន៕








វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content