តម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេលដែលសង្គ្រាមដឹកនាំដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់កំពុងបន្ត។ មាសបានធ្លាក់ថ្លៃពី ៥៥០០ ដុល្លារ កាលពីចុងសប្តាហ៍មុន មកនៅត្រឹម ៥២០០ ដុល្លារ ក្នុងមួយតម្លឹង គិតត្រឹមថ្ងៃចន្ទ ទី ២៣ មីនានេះ។ ពោលគឺធ្លាក់ចុះប្រហែល ៣០០ ដុល្លារ ត្រឹមរយៈពេល ៣ ថ្ងៃ។
អ្នកជំនាញទីផ្សារមាសអន្តរជាតិ បានព្យាករណ៍ថា តម្លៃមាសនៅកម្ពុជា អាចនឹងបន្តធ្លាក់ចុះដល់ក្រោម ៥០០០ ដុល្លារ ក្នុងមួយតម្លឹងឆាប់ៗនេះ។ លោក អឿន សុខន អ្នកជំនាញហិរញ្ញវត្ថុ និងតាមដានទីផ្សារមាសអន្តរជាតិ បានប្រាប់បណ្តាញសារព័ត៌មាន AMS នៅថ្ងៃចន្ទនេះថា តម្លៃមាសអាចនឹងបន្តធ្លាក់ចុះដល់ ៤៨០០ ដុល្លារ មួយតម្លឹង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
អ្នកជំនាញដដែល បានឱ្យដឹងដូច្នេះ៖
“កត្តាសេដ្ឋកិច្ចអាមេរិក និងវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា គឺជាសម្ពាធចម្បងដែលរុញឱ្យតម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់។”
លើសពីនេះទៀត ធនាគារកណ្ដាលអាមេរិកនៅតែបន្តរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់ចន្លោះ ៣.៥០% ទៅ ៣.៧៥% ដែលជាសម្ពាធយ៉ាងខ្លាំងដល់តម្លៃមាស។ ការហក់ឡើងនៃតម្លៃប្រេងឆៅសកល ដែលបង្កឡើងដោយសង្គ្រាមរវាងអ៊ីរ៉ង់ និងដៃគូជម្លោះ បានបង្កើតឱ្យមានក្ដីបារម្ភកាន់តែខ្លាំងអំពីអតិផរណា។ នៅពេលដែលតម្លៃប្រេងឡើងខ្ពស់ ប្រទេសជាច្រើនជួបវិបត្តិអតិផរណា ដែលកត្តានេះបានជះឥទ្ធិពលអវិជ្ជមាន និងបន្ទាបតម្លៃមាសឱ្យធ្លាក់ចុះ។
អ្នកជំនាញ បានវាយតម្លៃថា មាសអាចនឹងមានទំនោរបន្តធ្លាក់ចុះបន្ថែមទៀត ប្រសិនបើតម្លៃលុយដុល្លារនៅតែមានសន្ទុះល្អ ហើយសេដ្ឋកិច្ចអាមេរិកនៅតែបន្តបង្ហាញភាពរឹងមាំខ្លាំងដូចពេលបច្ចុប្បន្ន។ទន្ទឹមនេះអ្នកជំនាញសេដ្ឋកិច្ច បានឱ្យដឹងថា សន្ទស្សន៍ប្រាក់ដុល្លារ និងស្ថានភាពនយោបាយនៅមជ្ឈិមបូព៌ា គឺជាកត្តាកំណត់វាសនាតម្លៃមាសក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖ ទួន សុផល




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content