បរិមាណនៃការនាំចេញផលិតផលជ័រកៅស៊ូ បានធ្លាក់ចុះជាបន្តបន្ទាប់នៅរយៈពេលចុងក្រោយននេះ ដោយសារកំណើននៃការប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុកកើនឡើង ជាពិសេសតម្រូវការនៃការផលិតសំបកកង់ម៉ូតូ និងសំបកកង់រថយន្តជាដើម។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងវេទិកាសាធារណៈ នៅទីស្តីក្រសួង នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦។
ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ប្រទេសមានការរីកចម្រើនទៅបាន មិនអាចពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុងនោះទេ ពោលដើម្បីឱ្យប្រទេសមានអភិវឌ្ឍន៍លឿន គឺត្រូវពឹងផ្អែកលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។
ឯកឧត្តម បានលើកឡើងដូច្នេះថា៖
“កំណើនក្នុងវិស័យកសិកម្មនេះ មិនអាចធ្វើឱ្យប្រទេសមួយក្លាយជាអ្នកមានបានទេ ប្រទេសមួយមានការអភិវឌ្ឍន៍គឺដោយសារវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។ កំណើនក្នុងវិស័យកសិកម្មធៀបនឹងវិស័យផ្សេងមានភាពខុសគ្នា ប្រទេសកាន់តែរីកចំរើន កំណើនវិស័យកសិកម្មកាន់តែថយចុះ។”

គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៣៤៣ ៧៦២ តោន ថយចុះចំនួន ៤៨ ៣៣៣ តោន ស្មើនឹង ១២.៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ៣០ ២៣៨ ម៉ែត្រគូប។ នេះបើយោងតាមតួលេខបង្ហាញដោយអគ្គនាយកដ្ឋានកៅស៊ូ។
ចំណូលសរុប គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមានចំនួន ៨៣២ ៤៨៤ ៩២៦ ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ២២៣ ០៤១ ២៥៩ ដុល្លារ ចំណូលលក់ជ័រកៅស៊ូក្នុងស្រុកចំនួន ២២៣ ០៤១ ២៥៩ ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៦ ១៩៩ ០៧៣ ដុល្លារ។
លោក គិន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun Cambodia ជាក្រុមហ៊ុនវិនិយោគលើរោងចក្រផលិតផលសំបកកង់រថយន្តមួយ ក្នុងចំណោមក្រុមហ៊ុនផលិតសំបករថយន្តក្នុងស្រុកមួយចំនួនទៀត បានឱ្យដឹងថា ក្នុងមួយឆ្នាំក្រុមហ៊ុនបានផលិតសំបករថយន្តសរុបជាង ២០ លានគ្រាប់ ហើយក្នុងឆ្នាំ ២០២៦ នេះ ក្រុមហ៊ុននឹងបង្កើនការផលិតឱ្យបានដល់ជិត ២៣ លានគ្រាប់ ប៉ុន្តែផលិតផលទាំងអស់នេះ គឺភាគច្រើននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងមួយចំនួន គឺសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក។
កាលពីឆ្នាំ ២០២៥ ក្រុមហ៊ុនចែកចាយសំបករថយន្តនៅលើទីផ្សារក្នុងស្រុកសរុបបានចំនួនជាង ២០ ម៉ឺនគ្រាប់ និងក្នុងឆ្នាំ ២០២៦ នេះ សំបកកង់រថយន្តម៉ាក Sailun Cambodia គ្រោងដណ្ដើមទីផ្សារក្នុងស្រុកឱ្យបាន ៥០ ភាគរយ នៃតម្រូវការសរុបដែលមានត្រឹជិត ១ លានគ្រាប់។
គិតមកទល់ដើមឆ្នាំ ២០២៦ កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន ៨ រោងចក្រ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន ៥ នៃខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ ។
គួរបញ្ជាក់ថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង ៤ សែនហិកតា គិតត្រឹមឆ្នាំ ២០២៥ នៅក្នុងខេត្តចំនួន ១១ រួមមានកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រះវិហារ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងកំពត៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content