វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេររបស់កម្ពុជា រក្សាបាននូវភាពធន់ ស្របពេលដែលរោងចក្រមានចំនួនកាន់តែច្រើន និងការបញ្ជាទិញទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាន់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា មានប្រសាសន៍ប្រាប់បណ្តាញសារពត៌មាន AMS កាលពីម្សិលមិញថា វិស័យវាយនភណ្ឌកាត់ដេរនៅកម្ពុជារក្សាបានភាពធន់ ជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាសសរគ្រឹះដ៏រឹងមាំក្នុងការរកចំណូលជូនជាតិបានជាង ៥០-៦០ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា។
អ្នកឧកញ៉ាបានបន្តថា ភាពធន់នៃវិស័យវាយនភណ្ឌកាត់ដេរ ដោយកម្ពុជាមានកម្លាំងពលកម្មជាស្រ្តីមានចំនួនច្រើនជាង ៧០-៨០ ភាគរយ សម្រាប់ធ្វើការក្នុងរោងចក្រ ដែលកម្លាំងពលកម្មទាំងនេះមានវ័យក្មេងធ្វើការរហ័សរហួន និងមានប្រាក់ខែសមរម្យ បើធៀបជាមួយប្រទេសជិតខាង។
អ្នកឧកញ៉ាបន្ថែមដូច្នេះថា៖
“ទីផ្សារសម្រាប់នាំចេញផលិតផលវាយនភណ្ឌ មានចំនួនកាន់តែច្រើនឡើងៗ ក្នុងនោះមានទីផ្សារធំៗ ដូចជា អាម៉េរិក អឺរ៉ុប កាណាដា អាស៊ាន និងទីផ្សារប្រទេសចិនជាដើម ខណៈដែលរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តក្នុងការទាក់ទាញអ្នកវិនិយោគ ចូលមកបណ្តាក់ទុនមានចំនួនកាន់តែច្រើនឡើងៗ។“
ដោយឡែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា ភាពធន់នៃវិស័យឧស្សាហកម្មនៅកម្ពុជានៅមានកម្រិត ដោយសារការអនុវត្តច្បាប់ការងារមានភាពមិនស្មើគ្នារវាងសហជីព កម្មករនិយោជិត និងនិយោជក់។ លោកថា ទោះជាការបញ្ជាទិញនៅដើមឆ្នាំ២០២៦ មានការកើនឡើងខ្ពស់ ធៀបនឹងរយៈពេលដូចគ្នា ទៅនឹងឆ្នាំ ២០២៥ ក៍ដោយ ក៍ប៉ុន្តែរោងចក្រមួយចំនួនបានផ្អាកការងារកម្មករជាបន្តបន្ទាប់ រោងចក្រខ្លះបន្តបិទទ្វារលែងដំណើរការ និងនិងខ្លះទៀតប្រកាសក្ស័យធនតែម្តង។
ទោះជាយ៉ាងនេះក្តីកំណើនទុនវិនិយោគ កំណើនរោងចក្រ និងកំណើនការងារ បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដែលកើតចេញពីគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលបានធ្វើកំណែទម្រង់វិនិយោគឱ្យមានភាពងាយស្រួល។
បើតាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈបង្ហាញថា កម្ពុជាទទួលបានរោងចក្រថ្មីនៅក្នុងវិស័យកាត់ដេរចំនួន ៣០១ នៅក្នុងឆ្នាំ ២០២៥ ដែលធ្វើឱ្យចំនួនរោងចក្រកើនដល់ ១៨៦៧ សហគ្រាស។ រោងចក្រមិនមែនកាត់ដេរបានកើនឡើងដល់ចំនួន ៤៤ ៧៨២ សហគ្រាស ចំណែកនិយោជិតក្នុងវិស័យកាត់ដេរកើនឡើងដល់ចំនួន ១ ១៣៤ ០៩១ នាក់។
យោងតាមក្រសួងពាណិជ្ជកម្មក្នុងត្រីមាសទី ១ គិតចាប់ពីខែមករា ដល់ខែមីនា ២០២៦ ការនាំចេញសម្លៀកបំពាក់មានទំហំទឹកប្រាក់ចំនួន ២,៥៧ ពាន់លានដុល្លារ កើនឡើង ៦ ភាគរយ ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះការនាំចេញស្បែកជើងមានតម្លៃ ៥១៦ លានដុល្លារ កើនឡើង ១១,៨២ ភាគរយ និងសម្ភារធ្វើដំណើរ និងកាបូបមានតម្លៃ ៥១២ លានដុល្លារកើនឡើង ៤,២៥ ភាគរយ ដែលឆ្លុះបញ្ចាំងពីស្ថិរភាពនៃបរិយាកាសវិនិយោគ ការរក្សាបានភាពធន់ និងលក្ខខណ្ឌនៃការប្រកួតប្រជែងក្នុងតំបន់៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content