ភ្នំពេញ ៖ ឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រជុំគ្នារិះរកវិធានការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំអន្ដរក្រសួងមួយកាលពីថ្ងៃទី២៦ ខែឧសភា ដើម្បីពិភាក្សាគ្នាអំពីការផ្ដល់សេវាសុរិយោដីជូនប្រជាជនឲ្យបានកាន់តែឆាប់រហ័ស ស្របតាមការចង់បានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនសកម្ពុជា។ ក្នុងទិសដៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបង្កើនកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំយន្តការ និងវិធានការថ្មីៗបន្ថែមទៀត ក្នុងគោលបំណងពន្លឿនការផ្ដល់សេវាចុះបញ្ជីដីឱ្យបានរួចរាល់កាន់តែឆាប់រហ័សជូនប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងបានដាក់ចេញគោលនយោបាយចុះបញ្ជីដីបង្ហើយ ដោយវាស់វែងក្បាលដីប្រមាណ ១៤លានក្បាលដីនៅទូទាំងប្រទេស ហើយបច្ចុប្បន្ន ក្រសួងកំពុងដំណើរការចេញបណ្ណកម្មសិទ្ធិ និងបញ្ចូលទិន្នន័យ ព្រមទាំងវាស់វែងក្បាលដីបន្ថែមជាបន្តបន្ទាប់ទៀត។
យ៉ាងណាក៏ដោយ បើទោះជាដំណើរការចុះបញ្ជីដីធ្លីនេះនៅមានភាពយឺតយ៉ាវនៅឡើយក្តី ប៉ុន្តែសម្រាប់ក្រសួងរៀបចំដែនដី ត្រូវតែបើកកិច្ចប្រជុំអន្តរក្រសួងបន្ទាន់នាពេលនេះ ដើម្បីប្រមូលធាតុចូលបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញពន្លឿនការអនុវត្តការងារចុះបញ្ជីដីធ្លីឱ្យបានឆាប់រហ័ស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យអង្គប្រជុំរិះរកយន្តការ ឬវិធានការថ្មីៗបន្ថែមទៀត ក្នុងការពន្លឿនការងារចុះបញ្ជីដី និងពិនិត្យមើលលើការផ្ដល់សេវារហ័សជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅតាមសំណូមពររបស់សម្ដេចតេជោ និងសម្ដេចធិបតី ដែលមានបំណងចង់ឱ្យការផ្ដល់សេវាចុះបញ្ជីដីជូនប្រជាពលរដ្ឋកាន់តែមានភាពឆាប់រហ័សជាងមុន ពោលគឺត្រូវបញ្ចប់ក្នុងរយៈពេល ៦ខែខាងមុខនេះ៕
ដោយ ហេង វណ្ណា / រូបភាព គ្រី សម្បត្តិ




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content