ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
លោក Matt Western MP ថ្លែងនៅមុនដំណើរទស្សនកិច្ចថា វាគឺជាក្ដីសោមនស្សរីករាយដែលបានត្រឡប់មកកម្ពុជាវិញ ចំពេលដ៏សំខាន់ដែលប្រទេសកម្ពុជាកំពុងចម្រើន។ ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនបញ្ចប់ពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច នេះគឺជាឱកាសពិតប្រាកដក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅ ពង្រឹងភាពជាដៃគូផ្នែកជំនាញ និងការអប់រំ និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មកម្ពុជា។
លោកបានថ្លែងថា៖
“ចក្រភពអង់គ្លេសមានមោទនភាពក្នុងការធ្វើការជាមួយកម្ពុជានៅក្នុងផ្នែកដែលមានភាពខ្លាំង និងមហិច្ឆតារបស់យើងស្របគ្នារួមមាន ហេដ្ឋារចនាសម្ព័ន្ធបៃតង, សេវាកម្មហិរញ្ញវត្ថុ និងទីផ្សារមូលធន, និងការអប់រំ។ វិស័យទាំងនេះមានសក្តានុពលក្នុងការទ្រទ្រង់កំណើនប្រកបដោយនិរន្តរភាព បង្កើតការងារ ទាក់ទាញការវិនិយោគ និងជាគន្លឺះទៅរកភាពរុងរឿងរយៈពេលវែង។”
លោកបានបន្តថា វិធីសាស្រ្តបើកចំហរ និងការគិតគូរទៅខាងក្រៅរបស់កម្ពុជាចំពោះពាណិជ្ជកម្ម និងការវិនិយោគបង្កើតឱកាសសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ ធុរកិច្ចរបស់អង់គ្លេសបានចូលរួមចំណែកជាវិជ្ជមាននៅទូទាំងប្រទេសរួចហើយ ហើយវានៅតែមានសក្តានុពលធំធេងក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ខណៈពេលដែលកម្ពុជាកំពុងអភិវឌ្ឍន៍ទម្រង់សេដ្ឋកិច្ចរបស់ខ្លួន។
លោក Matt Western MP បានលើកឡើងដូច្នេះថា៖
“ក្នុងដំណើរទស្សនៈកិច្ចនេះ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយថ្នាក់ដឹកនាំ និយតករ ធុរកិច្ច និងអ្នកអប់រំកម្ពុជា ដើម្បីស្វែងយល់ពីរបៀបដែលយើងអាចពង្រឹងភាពជាដៃគូ, បើកឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ, និងគាំទ្រដល់ជំហានបន្ទាប់នៃភាពរីកចម្រើនរបស់កម្ពុជា។ តាមរយៈការធ្វើការជាមួយគ្នា យើងអាចបង្កើតភាពជាដៃគូដែលផ្តោតលើអនាគតដែលផ្តល់អត្ថប្រយោជន៍យូរអង្វែងសម្រាប់មនុស្ស និងអាជីវកម្មនៅក្នុងប្រទេសទាំងពីរ។”
ក្នុងដំណើរទស្សនកិច្ចនេះ លោក Matt Western MP នឹងជួបជាមួយមេដឹកនាំជាន់ខ្ពស់កម្ពុជា រួមមាន ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព) ។ ការពិភាក្សានឹងផ្តោតលើអាទិភាពពាណិជ្ជកម្ម និងការវិនិយោគសំខាន់ៗរបស់កម្ពុជា, ការអនុវត្តបន្តបន្ទាប់ពីវេទិកាពាណិជ្ជកម្ម និងការវិនិយោគរួម (JTIF), កំណែទម្រង់បទប្បញ្ញត្តិ, និង ការបង្កើនទាញយកផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (DCTS)។ កិច្ចប្រជុំក៏នឹងបង្ហាញពីតួនាទីរបស់អ្នកជំនាញ និងកម្មវិធីនានារបស់ចក្រភពអង់គ្លេសផងដែររួមមាន កម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស (EIP) សម្រាប់ជួយដល់កំណើនរយៈពេលវែងរបស់កម្ពុជា។
លោក Western នឹងជួបជាមួយអ្នកតំណាងមកពីអគ្គិសនីកម្ពុជា (EDC) ដើម្បីជជែកអំពីមហិច្ឆតារបស់កម្ពុជាលើវិស័យថាមពល, ភាពជាដៃគូខាងហិរញ្ញប្បទាន, និង តួនាទីរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងការផ្លាស់ប្តូរទម្រង់នៃវិស័យថាមពលនៅកម្ពុជា។ លើសពីនេះ លោកនឹងចូលរួមជាមួយសមាជិកនៃក្រុមការងារអភិវឌ្ឍន៍ទីផ្សារមូលធនចក្រភពអង់គ្លេស-កម្ពុជា ដែលបង្កើតឡើងក្រោមភាពជាដៃគូជាមួយសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា (BritCham) ដើម្បីពិនិត្យមើលលទ្ធផលកន្លងមក, ពិភាក្សាលើជំហានបន្ទាប់, និងស្វែងរកឱកាសក្នុងការនាំយកជំនាញវិជ្ជាជីវៈ និងសេវាកម្មហិរញ្ញវត្ថុរបស់អង់គ្លេស មកគាំទ្រដល់ការអភិវឌ្ឍទីផ្សារទុនរបស់កម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះ លោក Western នឹងធ្វើទស្សនកិច្ចអាជីវកម្មរបស់អង់គ្លេសដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជារួមមាន Reigate Grammar School Phnom Penh និង Unilever ដើម្បីបង្ហាញពីការរួមចំណែករបស់ពួកគេក្នុងការបង្កើតការងារ ការអភិវឌ្ឍន៍ជំនាញ និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
លោកក៏នឹងចូលរួមក្នុងងពិធីជួបជុំបង្កើតបណ្តាញទំនាក់ទំនងមួយ ជាមួយស្ថាប័នអង់គ្លេស, ក្រុមហ៊ុនអាជីវកម្មនានា, សភាពាណិជ្ជកម្មអង់គ្លេស (BritCham), និង ដៃគូខាងភាគីកម្ពុជា ដែលមានគោលបំណងពង្រឹងកិច្ចសហការ និងពង្រឹងភាពជាដៃគូលើវិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅ។ ចក្រភពអង់គ្លេសបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា ដើម្បីជំរុញភាពរីកចម្រើនទៅវិញទៅមក, បើកឱកាសពាណិជ្ជកម្ម, និង ជំរុញការវិនិយោគថ្មីៗដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ៕




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content