ភ្នំពេញ ៖ ការវិនិយោគដីធ្លី និងផ្ទះសំបែងនៅក្នុងប្រទេសកម្ពុជានៅតែបន្តមានសកម្មភាពបើទោះបីជាក្នុងរយៈពេលប្រមាណជាង២0ឆ្នាំមកនេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងពិភពលោកបានជួបបញ្ហាក៏ដោយ ហើយក្នុងនោះការវិនិយោគដីធ្លីនៅក្នុងស្រុក ជាពិសេសនៅតំបន់ផ្លូវ៥១ រាប់ទាំងប្រភេទដីឡូត៍និងផ្ទះសំបែង ហាក់មានការពេញនិយមជាងមុនក្នុងនាមជាតំបន់ជាយក្រុង និងស្ថិតនៅជិតគម្រោងអភិវឌ្ឍន៍នានាជាច្រើន ។

អ្នកជំនាញ និងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅតំបន់ផ្លូវ៥១ជាច្រើនបានលើកឡើងថា អតិថិជនដែលមកទិញគម្រោងអភិវឌ្ឍន៍នៅពេលនេះ មិនថាចំពោះអ្នកទិញដើម្បីតម្រូវការជាក់ស្ដែង ឬអ្នកទិញដើម្បីទុកលក់ក្រោយពេលបានវចំណេញនោះទេ ពួកគេមានភាពឆ្លាតវៃជាងមុន ខុសកាលពីមុនពេលមានស្ថានភាពកូវីដ ដោយពួកគាត់មានការគិតត្រិះរិះពិចារណាច្រើនមុននឹងសម្រេចបណ្ដាក់ទុនវិនិយោគ ។
លោក ផូន សុអុនដែន ប្រធានផ្នែកលក់នៃក្រុមហ៊ុន KH Land នៅតំបន់ផ្លូវ៥១បានមានប្រសាសន៍ប្រាប់ AMS ថា ពលរដ្ឋដែលវិនិយោគទិញដីឡូត៏ និងផ្ទះនៅផ្លូវ៥១ ឬតំបន់ផ្សេងទៀតកាលពីមុន គាត់មិនសូវគិតគូរវែងឆ្ងាយនោះទេ គឺគាត់ទិញតាមគ្នា ឱ្យតែឮថាតំបន់នោះអាចទិញទៅបានចំណេញនៅពេលអនាគត ពួកគាត់ចាប់ផ្ដើមបោះទុនវិនិយោគភ្លាមមិនថាដីឡូត៍ ឬក៏ផ្ទះឡើយ ។ ប៉ុន្តែមកដល់សព្វថ្ងៃវិញ ពួកគាត់មានការគិតគូរវែងឆ្ងាយ ដោយមុននឹងសម្រេចចិត្តទិញឬបណ្ដាក់ទុន ពួកគាត់បានត្រូវចុះទៅមើលដល់ទីតាំងសាកសួរព័ត៌មានច្រើនពីអ្នកអភិវឌ្ឍន៍ ។

លោកបន្តថា នៅតំបន់ផ្លូវ៥១ជាតំបន់ដែលមានការអភិវឌ្ឍទៅលើដីឡូត៍ និងផ្ទះសំបែងច្រើន ពីព្រោះតែតំបន់នេះត្រូវបានចាត់ទុកជាតំបន់ឧស្សាហកម្មដ៏មានសក្ដានុពល និងកំពុងមានការទាក់ទាញខ្លាំងពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេសដោយយើងឃើញមានគម្រោងវិនិយោគឧស្សាហកម្មច្រើនចាប់ផ្ដើមបោះទុន និងដំណើរការនៅតំបន់នោះ ។
លោកឧកញ៉ា នួន រឹទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ KFA Group បានលើកឡើងផងដែរថា ការវិនិយោគនាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់បន្តិច ហើយចំពោះការវិនិយោគផ្ទះសំបែង ក្នុងពេលនេះ មិនគួរធ្វើនោះទេ ។ លោកឧកញ៉ាបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានលុយគ្រប់គ្រាន់អាចដាក់ទុនវិនិយោគលើដីធ្លីបាន ពីព្រោះដីធ្លីអាចមានលទ្ធភាពក្នុងការឡើងថ្លៃបន្តទៀត តែវាត្រូវការពេលវេលាបន្តិច បើសិនជាតំបន់នោះមានសក្ដានុពលវាអាចប្រើពេលខ្លីដើម្បីទទួលផលចំណេញ តែយ៉ាងណាការវិនិយោគដីធ្លីនៅតែទទួលបានផលចំណេញដដែល។
ជាមួយគ្នានេះ លោកឧកញ៉ា នួន រិទ្ធី ក៏បានបង្ហាញពីគន្លឹះនៃការវិនិយោគអចលនទ្រព្យដើម្បីឱ្យទទួលបានផលចំនេញនៅពេលអនាគ ដោយអ្នកវិនិយោគគួរចេះមើលទីតាំងសក្ដានុពល ក្នុងនោះដែរអ្នកវិនិយោគដីធ្លីមិនគួរវិនិយោគដីដែលនៅជិតភ្នំពេញពេកទេ ពីព្រោះឱកាសនៃការឡើងថ្លៃដីមានកម្រិតតិចតួច តែបើសិនជាដីនៅរាងឆ្ងាយពីភ្នំពេញ ៣០គីឡូម៉ែត្រឡើងទៅអាចនឹងទទួលបានផលចំណេញក្នុងអត្រាខ្ពស់ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content