ភ្នំពេញ ៖ ការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជានៅតែមានសក្ដានុពលទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ និងវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ ។ ដោយឡែក សម្រាប់រាជធានីភ្នំពេញត្រូវបានចាត់ទុកថាជាតំបន់ដែលមានសន្ទុះនៃការអភិវឌ្ឍលំនៅឋានខ្លាំងជាងគេ ជាពិសេសនៅក្នុងខណ្ឌចំនួន២ដែលស្ថិតនៅជាយក្រុង រួមមាន ខណ្ឌកំបូល និងខណ្ឌដង្កោ ។

កំបូល គឺជាខណ្ឌដែលបង្កើតឡើងក្រោយគេបន្ទាប់ពីរាជធានីភ្នំពេញអនុវត្តផែនការពង្រីកវិសាលភាពក្រុងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាតំបន់ដែលមានការទាក់ទាញខ្លាំងទៅលើការអភិវឌ្ឍលំនៅឋាន ដោយកំណើននៃចំនួនអ្នកអភិវឌ្ឍន៍លំនៅឋានមានកាន់តែច្រើន ជាពិសេសទៅលើប្រភេទលំនៅឋានសម្រាប់អ្នកចំណូលមធ្យម ។ ដោយឡែក សម្រាប់ខណ្ឌមួយទៀត ដែលស្ថិតនៅតំបន់ជាយក្រុងផងដែរនោះ គឺខណ្ឌដង្កោ ក៏កំពុងមានភាពសកម្មក្នុងការទាក់ទាញ់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ចូលទៅយ៉ាងច្រើនបើទោះជាស្ថិតនៅក្នុងអំឡុងពេលដែលជំងឺកូវីដកំពុងរាលដាលក៏ដោយ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ថា ការអភិវឌ្ឍលំនៅឋាន ប្រភេទផ្ទះជាប់ដី គេត្រូវស្វែងរកទីតាំងនៅឆ្ងាយពីក្រុង ពីព្រោះតម្លៃដីធ្លីនៅតំបន់ឆ្ងាយពីកណ្ដាលក្រុងនៅមានតម្លៃទាបងាយស្រួលអភិវឌ្ឍន៍ និងរកប្រាក់ចំណេញបាន ដូចជានៅប៉ែកខាងត្បូង និងខាងជើងក្រុង ដែលគេចាត់ទុកថាជាតំបន់ថ្មីមួយនៃការអភិវឌ្ឍលំនៅឋាន ខណៈដែលរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនខ្វាត់ខ្វែង។
លោកបន្តថា ៖
“ផ្លូវក្រវាត់ក្រុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដូចជា ប្រព័ន្ធទឹកស្អាត បណ្តាញរំដោះទឹក(លូ) និងបណ្តាញអគ្គិសនី ជាដើម សុទ្ធតែជាកត្តាទាក់ទាញឱ្យមានការអភិវឌ្ឍលំនៅឋាន និងអាចទាក់ទាញមនុស្សទៅរស់នៅតំបន់នោះកាន់តែច្រើនឡើង ។ នៅពេលណាទីក្រុងកាន់តែរីកសាយ នោះការអភិវឌ្ឍតំបន់ជាយក្រុងនឹងត្រូវតែរីកដូចគ្នា ហើយផែនការនៃការពង្រីកទីក្រុងក៏បាន និងកំពុងតែធ្វើឱ្យតំបន់ជាយក្រុងមានសន្ទុះអភិវឌ្ឍដូចគ្នាផងដែរ”
អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ PropNex Cambodia បានមានប្រសាសន៍ផងដែរថា តំបន់ប៉ែកខាងត្បូងភ្នំពេញ កំពុងតែមានការអភិវឌ្ឍលំនៅឋានដ៏សកម្ម ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍ថ្មីៗជាច្រើនបានចាប់ផ្ដើមធ្វើសកម្មភាពក្នុងការអភិវឌ្ឍម្រោងរបស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជន ។
អ្នកស្រីបន្តថា ៖
“តំបន់នោះយើងក៏ឃើញថាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មានព្រលានយន្តហោះអន្តរជាតិ មានការអភិវឌ្ឍផ្លូវក្រវាត់ក្រុង ផ្សារទំនើប ដែលទាំងអស់នេះសុទ្ធសឹងតែជាកត្តាទាក់ទាញឱ្យការអភិវឌ្ឍលំនៅកាន់តែមានសន្ទុះខ្លាំង”
អ្នកស្រីបញ្ជាក់ថា ដោយសារតែសន្ទុះនៃការអភិវឌ្ឍទាំងវិស័យរដ្ឋ និងវិស័យឯកជន មានសកម្មភាពយ៉ាងមមាញឹកដំណាលគ្នា បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងវិស័យសំណង់ថ្មីៗជាច្រើនចូលទៅបង្ហាញវត្តមានបន្ថែមនៅក្នុងតំបន់នេះ ស្របពេលដែលអតិថិជនក៏កំពុងផ្តោតអារម្មណ៍ដូចគ្នា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content