កំពង់ឆ្នាំង ៖ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សហគមន៍ការពារធនធានធម្មជាតិទឹកធ្លាក់ស្រែអំពិលត្រូវបានរៀបចំបង្កើតឡើងនៅចន្លោះឆ្នាំ២០១៦-២០១៧ ដោយមានទឹកជ្រោះដ៏ស្រស់ស្អាតជាកត្តាទាក់ទាញ ហើយរហូតដល់ឆ្នាំ២០១៩-២០២០ ទើបសហគមន៍មួយនេះបានចុះបញ្ជីក្លាយខ្លួនទៅជាតំបន់ទេសចរណ៍ពេញលក្ខណៈ។

ហ៊ុំព័ទ្ធជុំវិញទៅដោយព្រៃឈើខៀវស្រងាត់ តំបន់ទឹកធ្លាក់មួយនេះបានសំងំលាក់ខ្លួនជាយូរណាស់មកហើយ ដែលទើបតែត្រូវបានប្រជាពលរដ្ឋក្នុងតំបន់ស្គាល់ និងប្រែទៅជាទីតាំងទេសចរណ៍ធម្មជាតិ និងបានទាក់ទាញភ្ញៀវទៅកម្សាន្ដហូរហែឥតដាច់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក សោភា ដែលជាប្រធានសហគមន៍ការពារធនធានធម្មជាតិទឹកធ្លាក់ស្រែអម្ពិលបានឱ្យដឹងថា តំបន់របស់លោកទទួលបានភ្ញៀវរហូតដល់រាប់ម៉ឺននាក់ក្នុងមួយឆ្នាំ ដែលគិតជាទឹកប្រាក់មានចំនួនជាង១០លានរៀល។ ចំណូលដែលបានមកពីទេសចរនេះបានចាក់ចូលទៅក្នុងសហគមន៍សម្រាប់ទិសដៅអភិវឌ្ឍន៍បន្ថែម ជាពិសេសជួយបង្កើតការងារ ក៏ដូចជាអាជីវកម្មលក្ខណៈគ្រួសារជូនដល់ពលរដ្ឋក្នុងតំបន់ដែលកាលពីមុនធ្លាប់តែប្រកបរបរដោយការចូលព្រៃកាប់ឈើ និងអាស្រ័យលើអនុផលព្រៃឈើ ប៉ុន្តែពេលនេះបានក្លាយទៅជាអ្នកបម្រើសេវាកម្មទេសចរណ៍ ដែលរកចំណូលបានច្រើន ហើយថែមទាំងមិនប្រឈមនឹងច្បាប់។

លោក សោភា៖
“បើធ្វើការប្រៀបធៀបមុនបង្កើតសហគមន៍ និងក្រោយពេលបង្កើតសហគមន៍ទេសចរណ៍នេះឡើង ឃើញថាប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងជាងមុនច្រើនណាស់! មុនបង្កើតពួកគាត់ប្រកបមុខរបរចូលព្រៃកាប់ឈើ បរបាញ់សត្វ ប៉ុន្តែឥឡូវនេះពួកគាត់មកបម្រើសេវាទេសចរណ៍ជូនភ្ញៀវវិញដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារវិញ។ ក្រៅពីនេះ ប្រជាជនក្នុងសហគមន៍បានចិញ្ចឹមសត្វ ដាំដំណាំដោយមិនប្រើជីគីមីសម្រាប់ផ្គត់ផ្គង់ជាអាហារប្រចាំថ្ងៃ ហើយថែមទាំងសម្រាប់ទុកចម្អិនលក់ជូនទេសចរដែលមកកម្សាន្តថែមទៀតផង”
ប្រធានសហគមន៍រូបនេះក៏បានបញ្ជាក់ពីចំណុចពិសេសរបស់សហគមន៍ គឺបានគិតគូរទៅដល់សុវត្ថិភាពភ្ញៀវទេសចរ ដោយយកចំណូលដែលបានមកទៅរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ព្រោះតំបន់នោះតែងតែសើម និងរអិលជាប់ជាប្រចាំ។ ក្រៅពីទឹកជ្រោះដែលហូរចុះពីជើងភ្នំនោះ ភ្ញៀវទេសចរមានទស្សនីយភាពខៀវស្រងាត់នៃដើមឈើធំៗដុះហែរហមជុំវិញទឹកជ្រោះផងដែរ។

គួរបញ្ជាក់ថា សហគមន៍ការពារធនធានធម្មជាតិទឹកធ្លាក់ស្រែអម្ពិល ស្ថិតក្នុងតំបន់អាទិភាពរបស់ក្រសួងបរិស្ថានក្នុងការអនុវត្តគម្រោង «ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ»។ ដែលគម្រោងនេះធ្វើឡើងដើម្បីលើកស្ទួយជីវភាពប្រជាជនរស់នៅតាមតំបន់ការពារធម្មជាតិ និងអភិរក្ស ជីវៈចម្រុះ។ តំបន់អាទិភាពទាំង៦រួមមាន៖ តំបន់អេកូទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ តំបន់អេកូទេសចរណ៍ឆ្នេរ តំបន់អេកូទេសចរណ៍ឋាបនីយជីវៈមណ្ឌលបឹងទន្លេសាប តំបន់អេកូទេសចរណ៍ព្រៃឡង់ និងតំបន់អេកូទេសចរណ៍ភូមិភាគឦសាន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content