ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាត និងលើកទឹកចិត្តឱ្យវិនិយោគិនក្នុង និងក្រៅប្រទេសបង្កើតតំបន់សេដ្ឋកិច្ចនៅតាមបណ្ដាខេត្ត /ក្រុង ឱ្យបានច្រើនដើម្បីជំរុញការផលិត និងបង្កើតការងារដល់ប្រជាពលរដ្ឋ ហើយជាលទ្ធផលក៏មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនហើយបានដំណើរការ និងផ្ដល់ឱកាសការងារជាច្រើនដល់ពលរដ្ឋ ។ ដោយឡែក ឆាប់ៗខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ដែលមានតម្លៃជាង៩០លានដុល្លារនឹងលេចរូបរាងឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ហើយនឹងផ្ដល់ការងារជាច្រើនដល់ពលរដ្ឋកម្ពុជា ។
នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ថ្មីៗនេះ ខេត្តកំពង់ចាមទទួលបានការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ តាមបណ្ដោយផ្លូវជាតិលេខ៦មានទុនវិនិយោគសុរបប្រមាណ៩៦,៤លានដុល្លារអាមេរិក មានផ្ទៃដីជាង៦៨ហិចតា ។

ឯកឧត្តមបន្តថា តំបន់សេដ្ឋកិច្ចពិសេសនេះនឹងបង្កើតឱ្យមានការទាក់ទាញរោងចក្រ សហគ្រាសជាច្រើនថែមទៀតមកបង្កើតនៅខេត្តកំពង់ចាម ដែលអាចបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងតំបន់ជុំវិញ។
ឯកឧត្តមបន្តទៀតថា តាមរយៈគោលនយោបាយក្នុងការជំរុញ ការកសាងរោងចក្រសហគ្រាសនៅតាមបណ្ដាខេត្ត ការបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឱ្យកាន់តែកៀកទៅនឹងមូលដ្ឋានរស់នៅរបស់បងប្អូនកម្មករនិយោជិតនោះ រោងចក្រសហគ្រាសត្រូវបានពង្រាយ និងពង្រីកជាបន្តបន្ទាប់ទៅតាមបណ្ដាខេត្តផ្សេងៗ ដែលក្នុងនោះ ចំនួនរោងចក្របានកើនឡើងពី៦៤រោងចក្រនៅក្នុងឆ្នាំ១៩៩៧ មានកម្មករនិយោជិតត្រឹមតែ៨ម៉ឺននាក់ មកដល់ពេលនេះ រោងចក្របានកើនដល់ ១៧,៦៨៤ រោងចក្រសហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១លាន ៥សែននាក់ ក្នុងនោះវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប មាន ១,៣៣៧រោងចក្រ និងមានកម្មករនិយោជិតជាង៨៣ម៉ឺននាក់ ដោយផ្ដល់ប្រាក់ចំណូលក្នុងឆ្នាំប្រមាណ ២,៦០០លានដុល្លារអាមេរិក ។

ឯកឧត្តមបន្ថែមថា សម្រាប់ខេត្តកំពង់ចាម រោងចក្រសហគ្រាសសរុបមានចំនួន ៥១៣រោងចក្រសហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៤ម៉ឺន ១ពាន់នាក់ និងផ្ដល់ជាប្រាក់ចំណូលប្រមាណជា ១២៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងនោះគ្រាន់តែវិស័យវាយនភណ្ឌកាត់ដេរមួយមុខ គឺមានរោងចក្រដល់ទៅ២០រោងចក្រ និងមានកម្មករប្រមាណជិត ៣ម៉ឹននាក់ ដោយផ្ដល់ប្រាក់ចំណូលប្រមាណ ៨០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។
សម្ដេចមហាបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងផងដែរថា គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យបង្កើតរោងចក្រនៅតាមបណ្ដាខេត្តឱ្យបានច្រើន ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋនៅនឹងកន្លែង ដោយមិនចាំបាច់ធ្វើដំណើរចំណាកស្រុកទៅប្រទេសក្រៅ ឬទៅធ្វើការនៅរាជធានីភ្នំពេញដែលត្រូវចំណាយលើថ្លៃឈ្នួលផ្ទះ ថ្លៃធ្វើដំណើរឆ្ងាយពីក្រុមគ្រួសារនោះឡើយ ។

សម្ដេចបានជំរុញឱ្យថ្នាក់ដឹកនាំតាមខេត្តត្រូវទាក់ទាញវិនិយោគិនបរទេសដែលមកដល់កម្ពុជាឱ្យចូលទៅបណ្ដាក់ទុននៅខេត្តរបស់ខ្លួន ខណៈមន្ត្រីកំពូលៗក៏បានទាក់ទាញវិនិយោគចូលមកកម្ពុជាឱ្យមកបណ្ដាក់ទុននៅតាមតំបន់សក្ដានុពលក្នុងប្រតេសក៏ច្រើនផងដែរ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content