កំពង់ធំ ៖ ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន MIRATH GREEN TECH បានសម្រេចចិត្តបណ្តាក់វិនិយោគដោយបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈដែលមានទីតាំងនៅក្នុងទឹកដីខេត្តកំពង់ធំ ដែលសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីជាផលិតផលសម្រេចសម្រាប់នាំចេញរហូតដល់ប្រមាណ ១៥០០តោនក្នុងមួយឆ្នាំ ក្រោមជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និងអង្គការ JICA។

នៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវនាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋលេខាធិការបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះខិតខំប្រឹងប្រែងបង្កើតឱ្យមានរោងចក្រកែច្នៃស្វាយចន្ទីនេះឡើង ជាពិសេសគឺការកែឆ្នៃសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ ខណៈដែលកម្ពុជាមានដំណាំសក្តានុពលជាច្រើនដែលក្នុងនោះស្វាយចន្ទី គឺជាដំណាំកសិ-ឧស្សាហកម្មមួយ ដែលមានសក្តានុពលទាំងការដាំដុះ កែច្នៃ និងនាំចេញ។

ឯកឧត្តម តូច ប៊ុនហួរ បានបញ្ជាក់បន្ថែមថា ៖
«ដោយមើលឃើញពីសក្តានុពល និងកាលានុវត្តភាពនៃការបង្កើនតម្លៃបន្ថែម ការបង្កើតការងារ និងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ច ខណៈដែលការកែច្នៃក្នុងស្រុកនៅមានកម្រិតនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ “គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧” ក្នុងគោលដៅកែច្នៃ និងពង្រីកការនាំចេញ ដើម្បីក្លាយជាប្រទេសស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក»។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការបន្តអាទិភាព និងជំរុញការអភិវឌ្ឍស្វាយចន្ទី និងវិស័យកសិកម្ម ដើម្បីសម្រេចនូវចក្ខុវិស័យខាងលើ ដោយចាប់ផ្តើមកែច្នៃនាំចេញពីផលិតផលពាក់កណ្តាលសម្រេច ការបន្តពង្រឹងធ្វើម៉ាកនិងទីផ្សារ ការជំរុញចងក្រងនិងបង្កើតសហគមន៍ស្វាយចន្ទី និងការពិនិត្យលទ្ធភាពបង្កើនទុនបង្វិលសម្រាប់ប្រមូល ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី។

លើសពីនេះទៀត ឯកឧត្តម បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលក៏បានគិតគូរ ដោយបានដាក់នូវវិធានការមុតស្រួចជាកញ្ចប់ និងដោយប្រយោល ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនៃការវិនិយោគ ការសម្របសម្រួលពាណិជ្ជកម្ម និងការអនុគ្រោះផងដែរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានលើកបញ្ជាក់អំពីការចូលរួមពី ARDB និងធនាគារសហគ្រាស WING និងដៃគូដទៃទៀត ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់គាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ជាពិសេសការកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។

សូមជម្រាបថា រយៈពេល៥ខែដំបូង ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ ៧១ម៉ឺនតោន ៦ពាន់តោន ក្នុងនោះនាំចេញទៅវៀតណាមបានសរុប ៦៦ម៉ឺន ៧ពាន់តោន ស្មើទឹកប្រាក់ ៨៥១លានដុល្លារ ខណៈតម្លៃមធ្យមគ្រាប់ស្ងួត ១.៧៣០ដុល្លារ ក្នុង១តោន។ នេះបើផ្អែកតាមការឱ្យដឹងពីលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក)។

កាលពីឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥៦.០០០តោន ថយចុះ ៧,៦ភាគរយ គិតជាទឹកប្រាក់ ៨៣៧លានដុល្លារអាមេរិក ថយចុះប្រមាណ ១៦ភាគរយ។ ដោយឡែកនាំចេញទៅ ប្រទេសវៀតណាមមានចំនួន ៦១៨.០០០តោន៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content