ភ្នំពេញ៖ ប្រទេសកម្ពុជាទទួលបានប្រាក់ជាង ៧,៦ ពាន់លានដុល្លារពីការនាំចេញទំនិញទៅទីផ្សារអាមេរិកនៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៤ កើនជាង ១០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ខណៈអាមេរិកនៅតែជាប្រទេសនាំមុខគេដែលទទួលទិញទំនិញពីកម្ពុជា គឺចំនួនជិត ១/៣ នៃទឹកប្រាក់នាំចេញសរុប។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
បើយោងតាម GDCE ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងអាមេរិក មានចំនួនសរុប ៧,៨ ពាន់លានដុល្លារ កើនជាង ១០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានជាង ៧ ពាន់លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំទៅអាមេរិក ចំនួន ៧,៦ ពាន់លានដុល្លារ កើន ១០,៣ ភាគរយ ចំណែកទំនិញអាមេរិកនាំមកកម្ពុជាចំនួន ១៩៣ លានដុល្លារ កើន ៦,៧ ភាគរយ។
នៅក្នុងរយៈពេល ៩ ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១៩,៨៣ ពាន់ លានដុល្លារ ពីការនាំទំនិញចេញទៅក្រៅប្រទេស កើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ GDCE ។ ការនាំចេញទំនិញរបស់កម្ពុជាមានទំហំទឹកប្រាក់ ១៩,៨៣ ពាន់លានដុល្លារ កើនឡើង ១៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩%។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS Economy នារសៀលថ្ងៃទី១៤ ខែតុលា ថា៖
« ការកើនឡើងនៃការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកនេះ ជាសញ្ញាណល្អមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងអាមេរិក។ នេះក៏អាចជាឱកាសល្អចំពេលប្រទេសមួយចំនួនក្នុងតំបន់មានអស្ថិរភាពដែលធ្វើឱ្យមានការបញ្ជាទិញពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាកើនឡើង»។
អ្នកឧកញ៉ា បានបញ្ជាក់ថា៖ មិនត្រឹមតែការនាំចេញពីកម្ពុជាទៅអាមេរិកមានការកើនឡើងប៉ុណ្ណោះទេ ការនាំចូលពីអាមេរិកក៏មានការកើនឡើងដូចគ្នាផងដែរ។
អ្នកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តលើកឡើងថា៖
« ទំនាក់ទំនងកម្ពុជា និងអាមេរិក កាន់តែល្អប្រសើរ ជាពិសេស រវាងសភាពាណិជ្ជកម្មកម្ពុជា ដែលមានការិយាល័យតំណាងនៅរដ្ឋកាលីហ្វ័រញ៉ា ។ ថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានទៅទាក់ទាញវិនិយោគនៅសហរដ្ឋអាមេរិក ហើយសភាពាណិជ្ជកម្មកម្ពុជា ក៏បានទៅតាំងពិព័រណ៍ផលិតផលចំនួន២លើករួចហើយនៅទឹកដីអាមេរិក ក្នុងគោលបំណងទាក់ទាញការវិនិយោគ»។
អ្នកឧកញ៉ា បានបន្ថែមថា៖ តាមរយៈការគោះទ្វារវិនិយោគនៅអាមេរិក និងការតាំងពិព័រណ៍របស់សភាពាណិជ្ជកម្មនៅអាមេរិក ក៏ដូចជាសកម្មភាពបង្កើតឱកាសវិនិយោគរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅអាមេរិក រំពឹងថាពាណិជ្ជកម្ម កម្ពុជា-អាមេរិក នឹងកាន់តែល្អប្រសើរ និងកើនឡើងថែមទៀត៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content