បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា កិច្ចព្រមព្រៀងជាលើកដំបូងរវាងតៃវ៉ាន់ និងសហរដ្ឋអាម៉េរិកក្រោមគំនិតផ្តួចផ្តើមពាណិជ្ជកម្មបានចូលជាធរមានហើយនៅថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រកបដោយភាពជោគជ័យរវាងមហាអំណាចសហរដ្ឋអាមេរិក ជាមួយនឹង តៃវ៉ាន់ បានកើតមានឡើងក្រោយការចរចា និងកិច្ចសន្ទនាភាពជាដៃគូវិបុលភាពរវាងសេដ្ឋកិច្ចអាម៉េរិក-តៃវ៉ាន់ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រួមជាមួយនឹងការវិនិយោគលើបច្ចេកវិទ្យាដែលភាគីទាំង២មានស្រាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក លោកស្រី Katherine Tai បានលើកឡើងថា កិច្ចព្រមព្រៀងលើកដំបូងក្រោមគំនិតផ្តួចផ្តើមពាណិជ្ជកម្មនៅសតវត្សរ៍ទី ២១ ដែលនឹងចូលជាធរមានគ្របដណ្តប់លើផ្នែកមួយចំនួនដូចជា ការប្រឆាំងអំពើពុករលួយ ការគ្រប់គ្រងគយ និងការសម្របសម្រួលពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យម។ ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះតំណាងឱ្យការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងកិច្ចពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក – តៃវ៉ាន់។

ការិយាល័យចរចាពាណិជ្ជកម្មរបស់តៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កិច្ចព្រមព្រៀងនេះបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាងតៃវ៉ាន់ និងសហរដ្ឋអាម៉េរិក។ ស្របពេលដែលតៃវ៉ាន់មើលឃើញពីស្ថានភាពពិភពលោកដែលមានការប្រែប្រួលខ្លាំង វាមានសារសំខាន់ជាយុទ្ធសាស្រ្តសម្រាប់ខ្លួនក្នុងការបង្រួបបង្រួម និងពង្រីកកិច្ចទំនាក់ទំនងជាមួយប្រទេសដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗ។ លើសពីនេះ ពួកគេក៏កំពុងការពិភាក្សាលើកិច្ចព្រមព្រៀងលើកទី២ ដែលគ្របដណ្តប់លើវិស័យមួយចំនួនដូចជា ពលកម្ម បរិស្ថាន និងកសិកម្មផងដែរ។
យ៉ាងណាក៏ដោយ បើទោះបីជារដ្ឋាភិបាលអាម៉េរិកបានផ្អាកកិច្ចចរចារមួយចំនួនក៏ដោយ ប៉ុន្តែ តៃវ៉ាន់ នៅតែមានសង្ឃឹមថា ពួកគេនឹងអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាម៉េរិក។ ភាគីទាំងពីរអាចនឹងខ្វះទំនាក់ទំនងការទូតជាផ្លូវការ ប៉ុន្តែសហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធ និងជាសម្ព័ន្ធមិត្តបរទេសដ៏សំខាន់បំផុតសម្រាប់តៃវ៉ាន់។
យោងតាមទិន្នន័យពី CRS Report បានឲ្យដឹងថា តៃវ៉ាន់ គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ជាមួយនឹងទំហំពាណិជ្ជកម្មសរុប ១៥២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ។ យ៉ាងណាក្ដី ទោះបីជាចិនមិនសប្បាយចិត្តចំពោះកិច្ចពិភាក្សាពាណិជ្ជកម្មរវាងទីក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោនក៏ដោយ ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content