ភ្នំពេញ ៖ ស្របជាមួយនឹងផែនការរបស់រាជរដ្ឋាភិបាលដែលកំណត់យកតំបន់ឆ្នេរជាគោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីតំបន់ខេត្ត និងរាជធានីភ្នំពេញ ទៅកាន់តំបន់សមុទ្រ ត្រូវបានសាងសង់ និងលើកកម្ពស់គុណភាពកាន់តែល្អប្រសើរមួយកម្រិតទៀត ដោយក្នុងនោះផ្លូវជាតិលេខ៤១ ដែលជាផ្លូវសំខាន់តភ្ជាប់ទៅកាន់តំបន់សមុទ្រក៏ត្រូវបានរាជរដ្ឋាភិបាលចំណាយថវិកាជាច្រើនក្នុងការលើកកម្ពស់ឱ្យកាន់តែប្រសើរ ដែលវានឹងជំរុញសក្ដានុពលទេសចរណ៍ និងការវិនិយោគនៅក្នុងខេត្តមួយនេះបានមួយកម្រិតទៀត ។
ផ្លូវជាតិលេខ៤១ បានតភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងផ្លូវសំខាន់ៗក្នុងតំបន់ជាច្រើនទៀត ក្នុងទិសដៅទៅកាន់ខេត្តកំពត ជាពិសេសតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ស្រស់ស្អាត ដែលមានភាពទាក់ទាញបំផុត ហើយក៏ជាផ្លូវតភ្ជាប់ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាមផងដែរ ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិមួយខ្សែនេះបានចូលរួមលើកកម្ពស់ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ជាពិសេស បានចូលរួមជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ។
ក្រសួងបានបញ្ជាក់ថា ផ្លូវជាតិលេខ៤១ មានប្រវែងសរុបជាង ៩៥,២៦គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី(ចំណុចប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។
បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា តាមរយៈការអភិវឌ្ឍផ្លូវជាតិលេខ៤១ នេះ វាមិនត្រឹមតែធ្វើឱ្យខេត្តកំពតក្លាយជាតំបន់ដែលមានការទាក់ទាញទាំងទេសចរណ៍ និងការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឱ្យមានការទាក់ទាញជាងមុន អាចស្រូបទាញបាននូវរោងចក្រ ឧស្សាហកម្ម ឃ្លាំងស្តុកទំនិញ មកអភិវឌ្ឍន៍នៅតំបន់តាមបណ្ដោយផ្លូវនេះផងដែរ ជាក់ស្ដែងបច្ចុប្បន្ននេះ វិនិយោគិនជាច្រើនបានបណ្ដាក់ទុនវិនិយោគតាមបណ្ដោយផ្លូវជាតិលេខ៤១ ដូចជា ការអភិវឌ្ឍន៍បណ្តុំលំនៅឋាន ឃ្លាំង រោងចក្រ និងសហគ្រាសជាដើម ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសម្ពោធផ្លូវជាតិលេខ៣៣ និង៣១ កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ខេត្តកំពតកំពុងមានការចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគពីសំណាក់វិនិយោគិនបរទេស ក្នុងនោះមានក្រុមហ៊ុនធំមួយបានបង្ហាញពីគម្រោងវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តកំពត ដែលជាសញ្ញាល្អសម្រាប់ការបង្កើតឱកាសការងារថ្មីៗបន្ថែមដល់ពលរដ្ឋ ។

ការបង្ហាញការចាប់អារម្មណ៍វិនិយោគនៅក្នុងខេត្តកំពតនេះដែរ ក៏ស្របនឹងខេត្តមួយនេះបានសម្រេចនូវសមិទ្ធផលផ្លូវជាច្រើនខ្សែ ដូចជាគម្រោងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ លេខ៣៣ និងផ្លូវជាតិលេខ៤១ ដែលងាយស្រួលដល់ការដឹកជញ្ជូន ។ ទន្ទឹមនឹងនេះដែរ គម្រោងផ្លូវទឹកព្រែកជីកហ្វូណនតេជោ ក៏នឹងភ្ជាប់ទៅកាន់ខេត្តកំពត និងទៅកំពង់ផែជាច្រើន ដែលនឹងធ្វើឱ្យខេត្តកំពតកាន់តែមានសក្ដានុពលខ្ពស់បន្ថែមទៀត ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content