កណ្តាល ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា នេះ គឺជាឱកាសនៃការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា។
តាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងក្នុងពិធីសម្ពោធនេះ ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលផ្កាឈូក គឺជាគំនិតផ្ដួចផ្ដើមថ្មីមួយ និងមិនធ្លាប់មានសម្រាប់ផ្ដល់ការថែទាំ ការការពារ ការគាំពារ និងការស្ដារនិតិសម្បទាជូនដល់ជនរងគ្រោះ ដោយសារអំពើរំលោភបំពាន និងមានលក្ខណៈពិសេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សម្ដេចបានបន្តមានប្រសាសន៍ដែរថា អង្គភាពការពារកុមារមានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវដែលបាន និងកំពុងដើរតួនាទីជាត្រីវិស័យសម្រាប់ដឹកនាំអង្គភាពនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងការគាំពារកុមារកម្ពុជា តាមរយៈការផ្ដល់សេវាកម្ម ស៊ើបអង្កេត និងសេវាកម្មគាំពារកុមាររងគ្រោះដោយសារអំពើររំលោភបំពាន ដោយប្រើប្រាស់នូវ បច្ចេកវិទ្យា ព្រមទាំងវិធីសាស្ត្រទំនើបក្នុងការស៊ើបអង្គេត ស្រាវជ្រាវ និងវិភាគបទល្មើស។

ជាមួយគ្នានេះ រដ្ឋាភិបាលប្ដេជ្ញាចិត្តដ៏មោះមុតនៅក្នុងការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ ដែលជាជនងាយរងគ្រោះ។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចជាពាក្យស្លោក «ទំពាំងស្នងឫស្សី» និងកុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ ម្លោះហើយ កិច្ចការពារកុមារ គឺប្រៀបបានទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ការអភិវឌ្ឍទៅថ្ងៃអនាគត។
ក្នុងឱកាសដដែលនេះ សម្ដេចធិបតីក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ឱ្យបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងយុទ្ធនាការប្រឆាំងការរំលោភបំពានគ្រប់រូបភាពនៅទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ដើម្បីចូលរួមកាន់តែសកម្មក្នុងការគាំពារកុមារ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ ជាមួយនឹងចក្ខុវិស័យធានាឱ្យកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជាទទួលបានសិទ្ធិស្មើគ្នា ដូចមានចែងនៅក្នុង អនុសញ្ញាស្ដីពីសិទ្ធកុមារ។
គួរបញ្ជាក់ថា អង្គភាពកុមារកម្ពុជានៃមូនិធិកុមារកម្ពុជា គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តការរវាងអគ្គស្នងការនគរបាលជាតិ និងអង្គការមូនិធិកុមារកម្ពុជា។ អង្គភាពការពារកុមារមួយនេះ (Child Protection Unit) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ជាមួយគោលបំណងផ្ដល់ការជ្រោមជ្រែង គ្រប់ជ្រុងជ្រោយ នៅក្នុងការស៊ើបអង្កេត និងកិច្ចគាំពារកុមាររងគ្រោះ ដោយសារបទល្មើសបៀតបៀន កេងប្រវ័ញ្ច និងជួញដូរ៕













វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content