ភ្នំពេញ៖ របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ដោយគិតចាប់ពីខែមករា ដល់ខែសីហា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់មានទំហំ ២០.១៨ពាន់លានដុល្លារអាម៉េរិក ដែលចំនួននេះមានការកើនឡើង ១៤.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទំហំប្រមាណជាង១៧ពាន់លានដុល្លារអាម៉េរិក។
សូមជម្រាបថា សហរដ្ឋអាម៉េរិក គឺជាទីផ្សារដែលកម្ពុជានាំចេញទំនិញច្រើនជាងគេដែលមានបរិមាណរហូតដល់ ៨.៣ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៣.២%។ បន្ទាប់មកគឺ វៀតណាម មានតម្លៃ ២.៧ពាន់លានដុល្លារ កើនឡើង១១.៥%, ចិនមានតម្លៃជាង ១ពាន់លានដុល្លារ, ជប៉ុនជាងពាន់លានដុល្លារ, អេស្ប៉ាញ ជាង៧៧០លានដុល្លារ, និងបណ្តាប្រទេសសំខាន់ៗមួយចំនួនទៀត ដូចអង់គ្លេស ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក អូស្ត្រាលី ជាដើម។

ដោយឡែក សម្រាប់តែខែសីហា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញទៅអន្តរជាតិបានជាង ៣ពាន់លានដុល្លារ ដែលក្នុងនោះនាំចេញទៅអាម៉េរិកជាង១,៣ពាន់លានដុល្លារ នាំចេញទៅវៀតណាមជាង៣១៣ពាន់លានដុល្លារ នាំចេញទៅចិនជាង១៦៦ពាន់លានដុល្លារ នាំចេញទៅជប៉ុនជាង១៥៦ពាន់លានដុល្លារ អេស្ប៉ាញចំនួនជាង១៤១ពាន់លានដុល្លារ កាណាដាជាង១២៨ពាន់លានដុល្លារ អង់គ្លេសជាង១១៤ពាន់លានដុល្លារ ហូល្លង់ជាង១០៤ពាន់លានដុល្លារ អាល្លឺម៉ង់ជាង៧៧ពាន់លាន ថៃជាង៤៦ពាន់លានដុល្លារ និងបារាំងជាង៣៨ពាន់លានដុល្លារ។
ទំនិញសំខាន់ដែលកម្ពុជា នាំចេញភាគច្រើន គឺ សម្លៀកបំពាក់,វត្ថុធ្វើអំពីស្បែក, បរិក្ខារធ្វើពីរោមសត្វ, គ្រឿងប្រដាប់សម្រាប់ការធ្វើដំណើរ កាបូបដៃ និងវត្ថុសម្រាប់វេចខ្ចប់ប្រហាក់ប្រហែល, ស្បែកជើង, ធញ្ញជាតិ, កៅស៊ូ ,គ្រឿងសង្ហារឹម, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់ឧបករណ៍អគ្គិសនី និងផ្លែឈើ៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content