ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានជំរុញឱ្យវិនិយោគិនជប៉ុន គួរបង្កើនការបណ្តាក់ទុននៅក្នុងវិស័យកែច្នៃផលិតផលកសិកម្ម បច្ចេកវិទ្យា និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសតាមរយៈប្រតិភូវិនិយោគិនជប៉ុន ដែលមានសមាសភាពមកពី ៣៦ ក្រុមហ៊ុន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ។ គោលបំណងនេះត្រូវបានបង្ហាញនៅក្នុងឱកាសអនុញ្ញាតឱ្យ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឱ្យដឹងពីខ្លឹមសារនៃកិច្ចជំនួបនេះថា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការពេញចិត្តចំពោះការចូលរួមចំណែកដ៏សកម្មរបស់សមាគមជប៉ុន-កម្ពុជា នាពេលកន្លងមក ដែលជាការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ពិសេស គឺការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាឱ្យកាន់តែប្រសើរ។
ឯកឧត្តម បានស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលលើកឡើងក្នុងកិច្ចជំនួបនោះថា ៖
«នេះគឺជាសកម្មភាពដែលបានចូលរួមយ៉ាងសកម្ម និងសំខាន់ដល់ការគាំទ្រការវិនិយោគ និងការជំរុញដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា»។

នៅក្នុងឱកាសនោះ លោក TAKAHASHI Fumiaki បានសម្តែងការអរគុណចំពោះសម្តេចតេជោ ដែលអនុញ្ញាតឱ្យប្រតិភូបានជួបសម្តេចសាជាថ្មី ខណៈដែលបណ្តាអ្នកវិនិយោគជប៉ុន មានការចាប់អារម្មណ៍ក្នុងការពង្រីកការរកស៊ីរបស់ខ្លួននៅកម្ពុជា ក្នុងវិស័យសក្តានុពលមួយចំនួន ដូចជា វិស័យបច្ចេកវិទ្យា ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកសិឧស្សាហកម្មជាដើម។ ជាមួយគ្នានេះ លោកក៏បានរំលេច និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគជប៉ុនក្នុងភាពជាដៃគូវិនិយោគប្រកបដោយផ្លែផ្កា។

សូមជម្រាបដែរថា សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីសារសំខាន់នៃផ្នែកកសិឧស្សាហកម្ម ដែលជាចំណុចស្នូលមួយរបស់រដ្ឋាភិបាលរៀងរហូតមក ជាពិសេសក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលបច្ចុប្បន្នក៏បានបន្តចាត់ទុកការកែច្នៃផលិតផលកសិកម្មនេះ ជារឿងចាំបាច់ និងអាទិភាព ហើយវិស័យបច្ចេកវិទ្យាក៏បានក្លាយជាវិស័យអាទិភាពថ្មីផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content