បរទេស៖ សហរដ្ឋអាម៉េរិក អាចនឹងបន្ទាបពន្ធលើការនាំចូលពីស្វីសមកនៅត្រឹម ១៥% បន្ទាប់ពីដំឡើងរហូតដល់ទៅ ៣៩% កាលពីខែសីហា នេះបើយោងតាមសេចក្ដីរាយការណ៍ពី Bloomberg។

អ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិបានព្យាករណ៍ថា ស្វីស អាចនឹងទទួលបានការបន្ទាបពន្ធមកត្រឹម ១៥% ពីអាម៉េរិក ហើយកិច្ចចរចាពាណិជ្ជកម្មអាចនឹងត្រូវបានបញ្ចប់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ប៉ុន្តែក៏មានការព្រមានដែរថា សេចក្តីសម្រេចអាចនឹងមិនត្រូវបានបញ្ចប់ផងដែរ ប្រសិនបើកិច្ចចរចាមិនចុះសម្រុងគ្នាដូចក្នុងអំឡុងពេលពិភាក្សារវាងអ្នកចរចាពាណិជ្ជកម្មនៃប្រទេសទាំងពីរកាលពីចុងខែកក្កដាកន្លងទៅ។ យ៉ាងណាមិញ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបញ្ជាក់ថា រដ្ឋបាលរបស់លោកកំពុងធ្វើការលើកិច្ចព្រមព្រៀងដើម្បីបន្ទាបពន្ធគយស្វីសឱ្យទាបជាងនេះបន្តិច ប៉ុន្តែមិនបានបញ្ជាក់ពីអត្រាពិតប្រាកដដែលត្រូវបានបន្ថយនោះទេ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលស្វីសបានបដិសេធ និងមិនទាន់ធ្វើអត្ថាធិប្បាយចំពោះរឿងនេះនោះទេ។
គួរឲ្យបញ្ជាក់ដែរថា លោក Trump បានប្រកាសដំឡើងពន្ធ ៣៩% លើការនាំចូលពីស្វីសនៅថ្ងៃទី ១ ខែសីហា ដែលជាថ្ងៃបុណ្យជាតិរបស់ប្រទេសនេះ។ លើសពីនេះ លោក Trump បានលើកហេតុផលនៃការដំឡើងពន្ធដោយសារអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ឱនភាពទំនិញរបស់អាម៉េរិកជិត ៤០ ពាន់លានដុល្លារ (មានន័យថា អាម៉េរិកនាំចូលពីស្វីសច្រើនជាងការនាំចេញ)។ ចាប់តាំងពីស្វីសត្រូវបានដំឡើងពន្ធដល់កម្រិតខ្ពស់មក ប្រទេសនេះព្យាយាមចរចាជាមួយនឹងអាម៉េរិក ដើម្បីទទួលបានលក្ខខណ្ឌល្អប្រសើរ ជាពិសេសក្រុមមហាសេដ្ឋីស្វីស និងនាយកប្រតិបត្តិសាជីវកម្មបានជួបជាមួយនឹងលោក Trump នៅការិយាល័យ Oval កាលពីសប្តាហ៍មុន។
ជាមួយគ្នានេះ ស្របពេលដែលកិច្ចពិភាក្សាដំណើរការទៅយ៉ាងល្អ លោក Trump បានបញ្ជាឱ្យអ្នកតំណាងពាណិជ្ជកម្ម Jamieson Greer ជំរុញការចរចាដោយផ្ទាល់ជាមួយសមភាគីស្វីស។ ជាលទ្ធផល កាលពីថ្ងៃអង្គារ៍សប្ដាហ៍នេះ សន្ទស្សន៍ទីផ្សារហ៊ុនរបស់ស្វីសបានកើនឡើង ២% ដែលគាំទ្រដោយការកើនឡើងពីភាគហ៊ុនរបស់ Richemont, Lonza Group AG, និងក្រុមហ៊ុន Partners Group Holding AG ដែលសុទ្ធតែជាក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋី។ យ៉ាងណាក៏ដោយ បើទោះបីជាមិនទាន់មានព័ត៌មានផ្លូវការអំពីការបន្ទាបពន្ធក៏ពិតមែន ប៉ុន្តែគេព្យាករណ៍ថា ស្វីស អាចនឹងទទួលបានអត្រាពន្ធ ១៥% ស្មើគ្នាទៅនឹងពន្ធរបស់សហភាពអឺរ៉ុបដែលជាប្រទេសជិតខាងរបស់ខ្លួន៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content