ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃនិងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានរួមដៃគ្នាគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលតាមរយៈជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរ និងជួយសម្រាលបន្ទុកចំណាយនិងពេលវេលារបស់ប្រជាពលរដ្ឋ។
ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាដឹកជញ្ជូនឯកសារ អត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ នៅទីស្តីការក្រសួងមហាផ្ទៃ។
អ្នកឧកញ៉ា សួរ វីរៈ បានមានប្រសាសន៍ក្រោយពិធីចុះហត្ថលេខា ថា៖ « អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងរួមចំណែកគាំទ្រ គោលនយោបាយរាជរដ្ឋាភិបាលតាមរយៈការជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរ និងជួយសម្រាលបន្ទុកចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋ»។

អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបន្តថា៖ ក្នុងដំណើរអាជីវកម្មជាង២១ឆ្នាំមកនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បាននិងកំពុងធ្វើបេសកកម្ម រួមចំណែកលើកកម្ពស់ស្ទើរតែគ្រប់វិស័យ នៅកម្ពុជា ដែលក្នុងនោះរួមមានវិស័យដឹកជញ្ជូនអ្នកដំណើរ បញ្ញើទំនិញឆាប់រហ័ស បដិសណ្ឋារកិច្ចរីសតប្រណិត អចលនទ្រព្យ និងវិស័យកសិកម្ម។ បច្ចុប្បន្នក្រុមហ៊ុន វិរៈ ប៊ុនថាំ បានពង្រីកអាជីវកម្មរបស់ខ្លួនទៅទូទាំងក្នុងនិងទៅកាន់ក្រៅប្រទេសមួយចំនួនផងដែរ។ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស តែងតែយកចិត្តទុក្ខដាក់បម្រើអតិថិជន រាប់លាននាក់ និងបានផ្តល់ឱកាសការងារដល់ ប្រជាជនខ្មែរ ប្រមាណជិត ១០០០០នាក់ ដែលកំពុងបំពេញប្រតិបត្តិការ និងផ្តល់សេវាកម្មយ៉ាងទូលំទូលាយពេញផ្ទៃប្រទេស។

អ្នកឧកញ៉ា បានបន្ថែមថា ៖ ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស តែងមានវត្តមាន និងដើរតួនាទីជាវិស័យឯកជនដែលបានសហប្រតិបត្តិការជាមួយវិស័យរដ្ឋ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែ រីកចម្រើនទៅមុខ។ តួយ៉ាង កិច្ចសហប្រតិបត្តិការជំរុញដល់ការនាំអង្ករ និងកសិផលកម្ពុជាចេញទៅទីផ្សារអន្តរជាតិ ជាមួយ ក្រសួងកសិកម្ម កិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងទេសចរណ៍ កិច្ចប្រតិបត្តិការចូលរួមជាមួយរាជរដ្ធាភិបាល ក្នុងការដឹកជញ្ជូនអំណោយ ស្បៀងអាហារពីសប្បុរសជនគ្រប់ទីតាំង ទៅជូនវីរកងទ័ព និងជនភៀសសឹក និងកិច្ចសហប្រតិបត្តិការថ្ងៃនេះ ជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ក្នុងការជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ និងជួយសម្រាលបន្ទុកចំណាយ និងពេលវេលាជូនដល់ប្រជាពលរដ្ឋយើង។តាមរយៈកិច្ចសហប្រតិបត្តិការ អ្នកឧកញ៉ាសង្ឃឹមយ៉ាងមុតមាំ និងតាំងចិត្តខ្ពស់ក្នុងការផ្តល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋដែលមកប្រើប្រាស់សេវារបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មឱ្យដល់គោលដៅ គ្រប់ភូមិស្រុក និងទីដាច់ស្រយាល ដើម្បីផ្តល់នូវភាពងាយស្រួល និងកាត់បន្ថយចំណាយជូនដល់ប្រជាជនខ្មែរនៅគ្រប់តំបន់នៃព្រះជាណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកអត្តសញ្ញាណកម្ម បានថ្លែងថា៖ អនុស្សរណៈនៃការយោគយល់ (MoU)នេះ ជាយន្តការមួយដ៏មានសារសំខាន់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ កាន់តែងាយស្រួល និងឆាប់រហ័ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមបានបញ្ជាក់ថា៖«កិច្ចសហការនេះ ជាការត្រួសត្រាយផ្លូវ ដើម្បីផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវជម្រើសដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសសេវាបញ្ញើ (តាមគោលការណ៍ស្ម័គ្រចិត្ត) លើឯកសារអត្តសញ្ញាណកម្មដល់លំនៅឋាន ឬដល់ទីតាំងដែលប្រជាពលរដ្ឋបានស្នើ»។
ឯកឧត្តមបានបន្តថា៖អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម យកចិត្តទុកដាក់លើការផ្តល់សេវារដ្ឋបាលលើការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល សាមញ្ញ និងឆាប់រហ័ស។ ឈរលើស្មារតីនេះ អនុស្សរណៈនៃការយោគយល់គ្នា គឺជាការបោះជំហានដ៏សំខាន់ក្នុងបេសកកម្មរួមគ្នារវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ក្នុងការពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ដើម្បីរួមចំណែកផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ នេះជាការឆ្លើយតបជាវិជ្ជមានទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែទំនើប ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ការផ្តល់សេវាបញ្ញើឯកសារអត្តសញ្ញាណកម្មដល់ផ្ទះប្រជាពលរដ្ឋ ទទួលបាននូវការសាទរ និងការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ មានន័យថា ពេលពលរដ្ឋមកស្នើសុំលិខិតឆ្លងដែន ឬ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គាត់មានជម្រើសចង់ប្រើសេវាផ្ញើដល់ផ្ទះ ឬយ៉ាងណា ក្រោយពេលបោះពុម្ពរួច (ដោយពុំចាំបាច់ត្រឡប់មកយកវិញឡើយ)។ ជាលទ្ធផល គិតមកទល់បច្ចុប្បន្ន កិច្ចសហការលើការប្រើប្រាស់សេវាប្រៃណីយ៍កម្ពុជា បានផ្តល់សេវាដឹកជញ្ជូនលិខិតឆ្លងដែនដែលបានបោះពុម្ពរួចទៅដល់លំនៅឋានប្រជាពលរដ្ឋបានចំនួន ២២ ៧២១កញ្ចប់ (គិតពីខែមិថុនា ២០២៤ – វិច្ឆិកា ២០២៥ ឬគិតជាមធ្យម ចំនួន ១ ២៦២កញ្ចប់/ខែ) និងផ្តល់សេវាដឹកជញ្ជូនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលបានបោះពុម្ពរួច ទៅដល់លំនៅឋានប្រជាពលរដ្ឋបានចំនួន ២១ ២៥៥កញ្ចប់ (គិតពីខែវិច្ឆិកា ២០២៤ – វិច្ឆិកា ២០២៥ ឬគិតជាមធ្យមចំនួន ១៦៣៥កញ្ចប់/ខែ)។ នេះជាជោគជ័យដ៏ធំមួយនៃកិច្ចសហការនៃភាពជាដៃគូរវាងអង្គភាពរដ្ឋ និងអង្គភាពរដ្ឋ។

ដោយបានទទួលគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឈានមួយជំហានទៀត ដោយពង្រីកបន្ថែមកិច្ចសហការជាមួយវិស័យឯកជនគឺ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនដែលមានឈ្មោះបោះសម្លេងដ៏ធំមួយក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះជារបស់ខ្មែរ បង្កើតឡើងដោយកូនខ្មែរ និងមានការរួមចំណែកជាច្រើនក្នុងការជួយអភិវឌ្ឍសង្គមជាតិ។ ការពង្រីកបន្ថែមភាពជាដៃគូនេះ មិនមែនជាការប្រកួតប្រជែងគ្នាដៃគូបច្ចុប្បន្នទេ (ប្រៃណីយ៍កម្ពុជា) ប៉ុន្តែជាការបំពេញបន្ថែមឱ្យគ្នាផង និងជាការផ្តល់ជម្រើសបន្ថែមសម្រាប់បងប្អូនប្រជាពលរដ្ឋផង។ យើងជឿជាក់ថា ភាពជាដៃគូរវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ចាប់ពីពេលនេះតទៅ នឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋផងនិងជួយពង្រឹងសេវាឱ្យកាន់តែមានគុណភាពជាលំដាប់។
ឯកឧត្តមបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ដែលមានឯកសារត្រូវផ្ញើជូនប្រជាពលរដ្ឋ)និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលទទួលភារកិច្ចក្នុងការផ្តល់សេវាបញ្ញើឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ផ្តល់សេវាឱ្យបានល្អជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ មានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ទឹកមុខញញឹម រួសរាយរាក់ទាក់សូមយកកម្រៃសេវាដែលបានកំណត់ក្នុងបញ្ជីផ្តល់សេវា ដោយមិនអនុញ្ញាតឱ្យយកកម្រៃលើសពីការកំណត់ឡើយ សូមរក្សាការសម្ងាត់ និងឯកជនភាពនៃឯកសារបញ្ញើ ជៀសវាងបែកធ្លាយព័ត៌មាន ឬ ទិន្នន័យក្នុងឯកសារបញ្ញើ ដោយមិនមានការអនុញ្ញាតពីសាមីខ្លួន សូមយកចិត្តទុកដាក់ថែរក្សាឯកសារបញ្ញើរបស់ប្រជាពលរដ្ឋឱ្យបានល្អ ជៀសវាងបាត់បង់ ខូចខាត ឬផ្ញើទៅខុសទីតាំង ដែលធ្វើឱ្យខកខាតពេលវេលា សូមយកចិត្តទុកដាក់សហការជាមួយក្រុមហ៊ុន ដើម្បីពង្រីកការផ្តល់សេវាដឹកជញ្ជូននេះឱ្យបានកាន់តែទូលំទូលាយ កាន់តែឆាប់រហ័ស ស្របតាមខ្លឹមសារនៃអនុស្សរណៈនេះ៕









វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content