ប្រជាពលកម្ពុជាជាច្រើនចាប់ផ្តើមងាកមកប្រើប្រាស់យានយន្តអគ្គិសនី ដែលជាកត្តាមួយនាំឱ្យការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ ហើយការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ត្រូវបានរំពឹងថានឹងបន្តកើនឡើង ដោយសារសម្ពាធសាំងឡើងថ្លៃ។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនី ម៉ូតូ ឬកង់អគ្គិសនី គឺជានិន្នាកាថ្មីមួយរបស់ពិភពលោក ស្របនឹងគោលនយោបាយជាតិអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា។
ឯកឧត្តម បានរំពឹងថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា នឹងបន្តកើនឡើង ដោយសារសម្ពាធសាំងឡើងថ្លៃ ដែលបណ្ដាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។
ឯកឧត្តម ផន រឹម បានថ្លែងថា៖
“ការប្រើប្រាស់រថយន្តអគ្គិសនីបច្ចុប្បន្នវាស្របទៅនឹងទិដ្ឋភាពជាក់ស្ដែង។ ចំពោះការប្រើប្រាស់រថយន្តអគ្គិសនី ខ្ញុំមើលឃើញថាវាជាជម្រើសមួយល្អ។”
របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញថា គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានយានយន្តអគ្គិសនីសរុបជិត ១ ម៉ឺន៣ពាន់គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងនោះការប្រើប្រាស់រថយន្តអគ្គិសនី មានសន្ទុះឡើងខ្លាំងជាងគេ រហូតដល់ ១៧២ ភាគរយ ខណៈត្រីចក្រយានអគ្គិសនី កើន ១០៩ ភាគរយ និងម៉ូតូអគ្គិសនី កើន ៤២ ភាគរយ។
ដោយឡែក ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជា មានការថយចុះ ស្របពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងធ្វើឱ្យទីផ្សារប្រេងសាកលរងការរង្គោះរង្គើ និងប្រឈមកង្វះខាតប្រេងឥន្ធនៈប្រើប្រាស់។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា បានកត់សម្គាល់ការធ្លាក់ចុះនេះ មិនជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ទេ។ ផ្ទុយទៅវិញ គឺដោយសារការរីកចម្រើននៃការប្រើប្រាស់យានយន្តអគ្គិសនីក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។
លោកបណ្ឌិត ជ័យ តិច បានថ្លែងថា៖
“ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជាមានការថយចុះនេះ វាមិនពាក់ព័ន្ធនឹងសង្គ្រាមនៅមជ្ឈិមបូព៌ាទេ។ ហើយកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា កើនខ្លាំងនៅឆ្នាំ២០២៦។”
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចូលប្រេងឥន្ធនៈរបស់ប្រទេសកម្ពុជាក្នុងរយៈពីរខែ ដើមឆ្នាំ២០២៦ បានធ្លាក់ចុះជាង ៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល បានឱ្យដឹងថា ការនាំចូលប្រេងឥន្ធនៈ នៅក្នុងអំឡុងខែ មករា និងខែកុម្ភៈ បានថយចុះពី ៦៥៦ លានដុល្លារ ធៀបនឹងឆ្នាំមុន មកត្រឹម ៦០៦ លានដុល្លារ។ ពោលគឺធ្លាក់ចុះជាង ៧ភាគរយ។
អ្នកឃ្លាំមើលសេដ្ឋកិច្ចអះអាងថា ការធ្លាក់ចុះនៃបរិមាណប្រេងនាំចូល គឺដោយសារសន្ទុះនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងស្រុក។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ ២០២៥ កម្ពុជាបាននាំចូលប្រេងឥន្ធនៈ ក្នុងតម្លៃប្រមាណ ៣ ៦៥៦ លានដុល្លារ ថយចុះជាង ៧ ភាគរយ បើធៀបនឹងឆ្នាំ ២០២៤ ក្នុងតម្លៃប្រមាណ ៣,៨៤៧លានដុល្លារ៕
អត្ថបទ៖ ខន ណារី




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content