តម្លៃប្រេងសាំងនៅកម្ពុជា បន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានធូរស្បើយ ចាប់តាំងពីពាក់កណ្ដាលខែមិថុនា។
ជាក់ស្ដែង តម្លៃលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា បានធ្លាក់ចុះនៅត្រឹម ៤ ០៥០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា និងតម្លៃ ៤ ០០០រៀល ក្នុង១លីត្រ សម្រាប់ម៉ាស៊ូត។ នេះបើតាមការកំណត់របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ដោយតម្លៃនេះនឹងប្រែប្រួលនៅរយៈពេល ៧ ថ្ងៃខាងមុខ។
លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានកត់សម្គាល់ពីសញ្ញាវិជ្ជមាន។ ប៉ុន្តែ លោកស្រីយល់ឃើញថាតម្លៃប្រេងឥន្ធនៈនៅកម្ពុជា គួរតែមានតម្លៃក្រោម ៤ ពាន់រៀលក្នុង ១ លីត្រ ដូចមុនពេលផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់ ទើបជាការល្អសម្រាប់សេដ្ឋកិច្ចជាតិ។
លោកស្រីបណ្ឌិត បានថ្លែងថា ៖
“តម្លៃហ្នឹងបើសិនចុះបន្តិចទៀតក្រោម ៤ ពាន់រៀលអាហ្នឹងវាសមរម្យត្រឹម ៣៧០០ រៀលអីទៅ។ ប៉ុន្តែ តម្លៃយើងមិនអាចកំណត់បានទេព្រោះយើងមិនមែនជាអ្នកផលិតប្រេងខ្លួនឯង។”
លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមពាណិជ្ជកររុស្សីនៅកម្ពុជា មើលឃើញពីផលវិជ្ជមាននៃការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ចំពោះវិស័យកសិកម្ម ក៏ដូចជាការកាត់បន្ថយកម្រិតអតិផរណា។ លោកបានពន្យល់ថា នៅពេលតម្លៃថាមពលធ្លាក់ចុះ វានឹងធ្វើឱ្យថ្លៃដើមមានការធ្លាក់ចុះដូចគ្នា ដែលជំរុញឱ្យបង្កើនការប្រកួតប្រជែងផ្នែកផលិតកម្មនៅកម្ពុជា។
លោកបណ្ឌិត ញិល រដ្ឋា បានឱ្យដឹងដូច្នេះថា៖
“ការដឹកជញ្ជូននៅពេលម៉ាស៊ូតធ្លាក់ សាំងធ្លាក់ វានឹងធ្វើឲ្យថ្លៃដឹកជញ្ជូន ឬទំនិញផ្សេងៗ ធ្លាក់មកតម្លៃទាបដែរ។”
ទោះបីយ៉ាងណា លោក សុខ សុថា តំណាងកសិករនៅកម្ពុជា យល់ឃើញថា វិស័យកសិកម្មកម្ពុជាអាចនៅតែជួបបញ្ហាប្រឈម បើទោះបីតម្លៃប្រេងឥន្ធនៈធ្លាក់ចុះបន្តបន្ទាប់ក៏ដោយ ព្រោះថ្លៃដើមកសិកម្មនៅតែខ្ពស់នៅឡើយ គួបផ្សំនឹងបញ្ហាអាកាសធាតុនៅក្នុងឆ្នាំ ២០២៦ នេះ មានការប្រែប្រួលខ្លាំង។
លោក សុខ សុថា និយាយថា៖
“សម្រាប់កសិកររបស់យើងនៅតែរារែកចិត្តក្នុងការបង្កើនផលិតកម្មរបស់ខ្លួន ក្នុងឆ្នាំ ២០២៦ នេះ ទោះបីតម្លៃប្រេងសាំង និងម៉ាស៊ូតមានការធ្លាក់ចុះក៏ដោយ ព្រោះយើងមិនអាចវាយតម្លៃបាន។”
តម្លៃប្រេងសាកល រួមទាំងនៅកម្ពុជា បានធ្លាក់ចុះបន្តទៀត ភ្លាមៗ ក្រោយពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាបញ្ចប់សង្គ្រាមជាមួយគ្នា កាលពីថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ឆ្នាំ ២០២៦។
ជាក់ស្ដែង តម្លៃប្រេងឆៅក្នុងពិភពលោកធ្លាក់ពីជាង ១២០ ដុល្លារ អំឡុងពេលសង្គ្រាម មកត្រឹម ៧០ ដុល្លារ ក្នុង ១ បារ៉ែលវិញ នៅថ្ងៃអង្គារ ទី ៣០ ខែមិថុនា ឆ្នាំ២០២៦។ ៧០ ដុល្លារក្នុង ១ បារ៉ែលនេះ គឺជាតម្លៃមុនពេលផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់៕ អត្ថបទ៖ ខន ណារី AMS




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content