បរទេស ៖ ប៊ុលហ្ការី បានក្លាយទៅប្រទេសដំបូងគេបង្អស់នៅក្រៅតំបន់ឧបទ្វីបអាយប៊ឺរៀ (Iberian Peninsula) ដែលក្រុមហ៊ុនយីហោរថយន្តដ៏ចំណាស់អាយុកាលច្រើនទសវត្សរ៍របស់អេស្បាញ EBRO បានឈានជើងចូលទីផ្សារជាមួយនឹងសែស្រឡាយម៉ូដែលចំនួន៤របស់ខ្លួន។
យោងតាមការចេញផ្សាយរបស់កាសែត Novinata បានបញ្ជាក់ថា ម៉ាករថយន្តរបស់ប្រទេសអេស្ប៉ាញ EBRO បានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារប្រទេសប៊ុលហ្ការី ក្នុងកំឡុងពេលពិធីសម្ពោធជាផ្លូវការមួយដែលបានរៀបចំឡើងនៅក្នុងទីក្រុងSofia។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានាធិបតី លោក Rumen Radev ផងដែរ។
ការផលិតរថយន្តទាំងនេះ គឺធ្វើឡើងនៅក្នុងរោងចក្រ Zona Franca ក្បែរទីក្រុងបាសេឡូណា ឬBarcelona ដែលមានបុគ្គលិកបម្រើការងារនាពេលបច្ចុប្បន្នប្រមាណជា ២០០០ នាក់។ប្រភពដដែលបានសរសេរថា តំណាងចែកចាយផ្លូវការរបស់ EBRO នៅក្នុងប្រទេសប៊ុលហ្ការី គឺក្រុមហ៊ុន Cario Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង ៣០ ឆ្នាំនៅក្នុងវិស័យយានយន្ត។
នៅលើទីផ្សារប្រទេសប៊ុលហ្ការី ម៉ាករថយន្តដែលនឹងបើកដំណើរការគឺជារថយន្តប្រភេទ SUV សុទ្ធទាំង ៤ម៉ូដែល ដូចជា EBRO S400 មានតម្លៃប្រមាណ ២៨០០០ អឺរ៉ូ។
ម៉ូដែល EBRO S700 Hybrid ជាប្រភេទរថយន្ត Hybrid ដែលមានកម្លាំងម៉ាស៊ីន ២២៤ សេះ និងមានតម្លៃ ៣៣៦៩០ អឺរ៉ូ។ ទី៣ គឺជារថយន្តម៉ូដែល EBRO S800 ជាប្រភេទរថយន្ត SUV ម៉ាស៊ីនសាំង ទំហំ ១.៦ លីត្រ មានកម្លាំង ៧ សេះ និងប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិជាមួយនឹងតម្លៃប្រម៉ូសិន ៣៨៩៩០ អឺរ៉ូ ហើយចុងក្រោយនោះ គឺ EBRO S900 Plug-in Hybrid ដែលជាម៉ូដែលកំពូលមានកៅអី ៧ ជួរ បំពាក់ដោយម៉ាស៊ីនសាំងទំហំ ១.៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ មានតម្លៃចាប់ផ្តើមគឺ ៥៦៩៩០ អឺរ៉ូ ។
គួរឲ្យដឹងដែរថា រថយន្ត EBRO ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអេស្ប៉ាញនាអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ប៉ុន្តែបានបញ្ឈប់ប្រតិបត្តិការទៅវិញនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ នៅក្នុងឆ្នាំ ២០២៣ ម៉ាកយីហោនេះត្រូវបានរស់រានមានជីវិតឡើងវិញ តាមរយៈការបណ្តាក់ទុនរួមគ្នា (Joint Venture) រវាងដៃគូភាគីអេស្ប៉ាញ និងក្រុមហ៊ុនផលិតរថយន្តចិន Chery ដែលជាអ្នកផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យា និងហិរញ្ញវត្ថុ៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content