(ភ្នំពេញ ៖ អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករដទៃទៀតមកចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង ជំនាញ និងបទពិសោធការងារដែលមានស្រាប់ ជាពិសេសវាក៏ជាកូនសោបើកទ្វារទៅកាន់ទីផ្សារការងារ និងបង្កើនប្រាក់ចំណូលកាន់តែប្រសើរថែមទៀត។
លោក ទុយ វិទូ អតីតពលករខ្មែរ ដែលបានមកចុះឈ្មោះធ្វើតេស្ត RPL លើមុខជំនាញរៀបចំប្រព័ន្ធទឹក និងអគ្គិសនីបាននិយាយថា លោកបានទទួលដំណឹងនេះពីមិត្តភក្ដិដែលបានមកធ្វើតេស្ត និងទទួលបានវិញ្ញាបនប័ត្ររួចហើយ។ ដូច្នេះលោកមានការចាប់អារម្មណ៍ និងបន្តការរៀនជំនាញថែមទៀត ដើម្បីបង្កើនចំណេះដឹងផង និងចង់បានការងារសមរម្យផងដែរ។
លោកបញ្ជាក់ថា៖
«ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានមកចូលរួមធ្វើតេស្ត RPL ដើម្បីទទួលបានការបញ្ជាក់ពីជំនាញរបស់ខ្ញុំ ព្រោះកម្មវិធីនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកខ្ញុំជាពលករ ហើយមិនបានសិក្សាជំនាញនៅសាលាទូទៅ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនយើងដែលមិនទាន់បានមកចុះឈ្មោះធ្វើតេស្ត គួរតែប្រញាប់មកចុះឈ្មោះ ដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ជំនាញយកទៅប្រើប្រាស់ជាផ្លូវការ»។
អតីតពលករខ្មែរម្នាក់ទៀត លោក សួន វណ្ណា បាននិយាយថា លោកបានមកធ្វើតេស្តជំនាញរៀបចំបណ្ដាញអគ្គិសនី ព្រោះលោកបានធ្លាប់ធ្វើការងារទាក់ទងការរៀបចំបណ្ដាញអគ្គិសនីនៅក្នុងប្រទេសថៃ ហើយលោកក៏មានបទពិសោធន៍រយៈពេល ៦ឆ្នាំមកហើយ ប៉ុន្ដែមិនទាន់មានវិញ្ញាបនប័ត្រសម្រាប់បញ្ជាក់ជំនាញរបស់លោកទេ។
លោកបញ្ជាក់ថា៖
«ថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ ព្រោះខ្ញុំក៏មានវិញ្ញាបនប័ត្របញ្ជាក់ពីជំនាញរបស់ខ្ញុំដែរ គឺធ្វើឱ្យខ្ញុំមានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ។ កន្លងមក ពេលខ្ញុំទៅរកការងារធ្វើខាងក្រុមហ៊ុនតែងតែសួរនាំពីសញ្ញាប័ត្រ ឬវិញ្ញាបនប័ត្របញ្ជាក់ពីជំនាញរបស់ខ្ញុំ តែពេលហ្នឹងខ្ញុំអត់មានទេ ចឹងក្រុមហ៊ុនគេមិនទទួលយកខ្ញុំឱ្យចូលធ្វើការងារទេ»។
លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អតីតពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ អាចចុះឈ្មោះធ្វើតេស្ត RPL បានតាម ៤ វិធី ដើម្បីទទួលបានលិខិតបញ្ជាក់ជំនាញផ្លូវការ ដែលអាចប្រើប្រាស់ក្នុងការស្វែងរកការងារល្អប្រសើរ និងបង្កើនប្រាក់ចំណូលខ្ពស់។
លោកបន្តថា វិធីទាំង៤នោះរួមមាន ទី១. ចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩កន្លែងក្នុងម៉ោងធ្វើការ, ទី២. ចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមអាសយដ្ឋាន https://erpl.mlvt.gov.kh, ទី៣. ទំនាក់ទំនងតាមប្រព័ន្ធឆ្លើយតបបន្ទាន់(Hotline) លេខ ១២៩៧ និងទី៤. ការស្គែនឃ្យូរកូដ(QR Code)៕






វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content