ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអារម្ភកថាដ៏មានសារសំខាន់លើផែនការយុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលជាចំណែកមួយក្នុងគោលដៅបើកសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យឡើងវិញ។
នៅក្នុងអារម្ភកថារបស់សម្ដេចដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះបានបញ្ជាក់ថា អស់រយៈកាល ១៨ខែ កន្លងមកនេះ វិបត្តិនៃជំងឺកូវីដ-១៩ បាននាំមកនូវគ្រោះមហន្តរាយដល់ពិភពលោកទាំងមូល ក្នុងនោះវិស័យទេសចរណ៍សកលលោក ក៏ដូចជានៅកម្ពុជា បាន និងកំពុងទទួលរងឥទ្ធិពលអវិជ្ជមាន យ៉ាងធ្ងន់ធ្ងរ។ ការណ៍នេះបានជំរុញឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសនានាបានធ្វើការបិទ-បើកតំបន់ ឬប្រទេសទាំងមូលជាច្រើនលើកច្រើនសារ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំកំពុងត្រូវបានបន្តអនុវត្តដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅជំរុញការស្ដារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ស្របតាមគន្លងប្រក្រតីភាពថ្មី។
ឈរលើទស្សនវិស័យនៃ “ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និងជាក់ស្តែងនិយម ដោយមានផែនការច្បាស់លាស់ក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញនូវ “ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់គោលដៅសំខាន់ៗ ដែលជាឯកសារគោលដ៏មានសារៈសំខាន់ ជាយុទ្ធសាស្ត្រសម្រាប់អនាគតវិស័យទេសចរណ៍កម្ពុជា។
ទន្ទឹមនេះ ភាពចាំបាច់ក្នុងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ចពេញលេញជាបណ្តើរៗឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី ដោយហេតុថាស្ថានភាពទីផ្សាទេសចរណ៍នឹងមានភាពតូចចង្អៀត ជាមួយការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្ម ថ្លៃ ទំនុកចិត្តលើសុវត្ថិភាពនៃគោលដៅទេសចរណ៍, វិធានការក្នុងការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងការសម្រួលការធ្វើដំណើរ។ ចំណុចទាំងនេះគឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅដំណើរកម្សាន្តទេសចរណ៍ក្នុងបរិបទថ្មី។ ក្នុងន័យនេះ ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង នឹងក្លាយជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការបើកឱ្យដំណើរការឡើងវិញជាបណ្តើរៗនៃការទទួលភ្ញៀវទេសចរអន្តរជាតិ ដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ឱ្យបានឆាប់ទៅរក«ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ការបើកទទួលទេសចរអន្តរជាតិឡើងវិញ នឹងត្រូវធ្វើឡើងតាមដំណាក់កាល ជាជំហានៗ ដោយផ្អែកលើវិធីសាស្ត្រជាក់លាក់ក្នុងការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដែលជាអនុគមន៍នឹងអត្រានៃការចាក់វ៉ាក់សាំងអត្រាអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ និងកម្រិតមធ្យម និងអត្រាស្លាប់នៃអ្នកជំងឺកូវីដ-១៩ សមត្ថភាពឆ្លើយតប និងគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី និងការត្រៀមលក្ខណៈសម្បត្តិរបស់ឧស្សាហកម្មទេសចរណ៍កម្ពុជាស្របតាមគន្លងប្រក្រតីភាព។
ក្នុងស្មារតីនេះ ព្រះរាជាណាចក្រកម្ពុជានឹងបើកទទួលទេសចរណ៍វ៉ាក់សាំងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយចាប់ផ្តើមនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ រួមនឹងតំបន់តារាសាគរនៃខេត្តកោះកុង ហើយបន្ទាប់មកនៅខេត្តសៀមរាប នៅក្នុងខែមករា ឆ្នាំ២០២២។ ឈរលើស្មារតីប្រុងប្រយ័ត្ន ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រនេះ នឹងត្រូវមានការត្រួតពិនិត្យ តាមដាន វាយតម្លៃជាប់ជាប្រចាំ ស្របតាមការវិវត្តជាក់ស្តែងនៃសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងជំហាននីមួយៗ ផ្សារភ្ជាប់ជាមួយនឹងជម្រើសសម្រាប់ការបើក -បិទ ដោយផ្អែកលើការបែងចែកតំបន់, ការធ្វើអាទិភាវូបនីយកម្ម ជម្រើសសកម្មភាពទេសចរណ៍តាមអនុវិស័យ និងកត្តាពេលវេលាដែលដើរតួជាចន្ទល់យុទ្ធសាស្ត្រសំខាន់ក្នុងការផ្តល់លទ្ធភាពដល់ការគ្រប់គ្រងហានិភ័យ។
ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងទេសចរណ៍ និងក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលបានរៀបចំឯកសារផែនការយុទ្ធសាស្ត្រដ៏សំខាន់នេះ ចំពេលវេលាដ៏ចាំបាច់ សម្រាប់វិស័យទេសចរណ៍ជាតិ ក្នុងដំណាក់កាលដ៏លំបាកនេះ។ ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ត្រូវប្រកាន់់ភ្ជាប់នូវឆន្ទៈទទួលខុសត្រូវខ្ពស់ ដោយផ្តល់អាទិភាពដល់ការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំងឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកដល់ការធានានិរន្តរភាព និងការស្ដារកំណើនសេដ្ឋកិច្ច៕



ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content