ភ្នំពេញ ៖ ក្នុងគោលបំណងទទួលនាវាខ្នាតធំនានានៅលើពិភពលោកអាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន រាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍកំពង់ផែមួយនេះឱ្យមានសមត្ថភាពដោយកំណត់ត្រឹមឆ្នាំ២០២៩ នាវាលើពិភពលោកនឹងអាចចូលចតបានស្ទើរតែទាំងអស់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានមានប្រសាសន៍ថា នៅឆ្នាំ២០២៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងអាចឱ្យនាវាលើពិភពលោកចូលចតបានស្ទើរតែទាំងអស់ ខណៈបច្ចុប្បន្នននេះ កំពង់ផែនេះមានសមត្ថភាពទទួលនាវាបានតែ១៨ភាគរយប៉ុណ្ណោះ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រកាលពីពេលថ្មីៗនេះថា នៅក្នុងឆ្នា២០២៤ខាងមុខនេះ ផែកុងតឺន័រ ដែលមានជំរៅទឹកទឹក ៩,២ម៉ែត្រ នឹងធ្វើរួចរាល់ ហើយពេលនោះនាវាដឹកកុងតឺន័របន្ថែមទៀតអាចចូលចតនៅផែនេះបាន តែនាវាតែ១៨ភាគរយដដែលអាចចូលចតបានរហូតដល់ឆ្នាំ២០២៦ ចំណតផែទឹកជ្រៅជំរៅ១៤,៥ម៉ែត្រ សង់រួច ដែលអាចឱ្យវានា៩៣ភាគរយមកពីកំពង់ផែនានាលើពិភពលោកអាចចូលចតបាន ។

សម្ដេចតេជោបន្តថា រហូតដល់ឆ្នាំ២០២៨ ផែកុងតឺន័រជំហានទី២ប្រវែង ៤០០ម៉ែត្រនិងមានជំរៅទឹក ១៦,៥ម៉ែត្រនឹងសង់រួចរាល់ ពេលនោះនាវាដែលមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងអាចចូលចតបានទាំងអស់ ហើយរហូតដល់ឆ្នាំ២០២៩ ផែកុងតឺន័រប្រវែង ៤៣០ម៉ែត្រ និងមានជំរៅទឹករហូតដល់ ១៧,៥ម៉ែត្រនឹងរួចរាល់ ហើយពេលនេះកំពង់ផែទឹកជ្រៅរបស់កម្ពុជានឹងដូចកំពង់ទាំងអស់លើពិភពលោក ដែលមានន័យថានាវាខ្នាតធំប៉ុនណាក៏អាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបានដែរ ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា តាមពិតទៅការអភិវឌ្ឍកំពង់ផែកុងតឺន័រនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុមានបួនដំណាក់កាលឯណោះ ដោយទី១គឺការកែប្រែកំពង់ផែដឹកទំនិញរាយឱ្យទៅជាកំពង់ផែកុងតឺន័រ មានប្រវែង២៥៣ម៉ែត្រ ដែលអាចបង្កើនសមត្ថភាពកំពុងផែយើងបាន ២៥០ពាន់ TEUs ថែមទៀត ។ កំពង់ផែនេះត្រូវការពេលវេលាសាងសង់១៨ខែ ។ ដំណាក់កាលទី២គឺកំពង់ផែទឹកជ្រៅជំរៅ ១៤,៥ម៉ែត្រ ដែលអនុញ្ញាតអាចអនុញ្ញាតឱ្យនាវានៅតំបន់ប៉ាស៊ីហ្វិកចូលចតបាន៩៣ភាគរយ ខណៈសព្វថ្ងៃនេះ មានតែ ១៨ភាគរយប៉ុណ្ណោះ ។ កំពង់ផែនេះនឹងបង្កើតសមត្ថភាពកុងតឺន័រ ៤៥០ពាន់TEUs បន្ថែមទៀត ។
ឯកឧត្តមបន្តថា ដំណាក់កាលបន្តគឺសាងសង់កំពង់ផែកុងតឺន័រទឹកជ្រៅ១៦,៥ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាមកពីកំពង់ផែនៃមហាសមុទ្រឥណ្ឌាចូលចតបាន ដោយអាចបង្កើនសមត្ថភាពកុងតឺន័រ៥៧០ពាន់ TEUs បន្ថែមទៀត ។ ដំណាក់កាលចុងក្រោយគឺចំណតផែកុងតឺន័រ១៧,៥ម៉ែត្រ អាចឱ្យនាវាធំៗចូលចតបានស្ទើរតែទាំងអស់ ។ នាវាដែលចេញពីកំពង់ផែក្រុងព្រះសីហនុ អាចទៅកាន់សហរដ្ឋអាមេរិក ទៅអឺរ៉ុបបានដោយមិនចាំបាច់ចូលចតនៅកំពង់ផែក្នុងតំបន់ផ្សេងទៀតឡើយ ។
ឯកឧត្តមបន្ថែមថា នៅពេលយើងធ្វើចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២៩ ឬយ៉ាងយូរនៅឆ្នាំ២០៣០ សមត្ថភាពកំពង់ផែរបសកម្ពុជានឹងមានសមត្ថភាពកើនឡើង៤ដងនៃសមត្ថភាពនាពេលបច្ចុប្បន្ននេះ ហើយនៅពេលនោះដែរកំពង់ផែក្រុងព្រះសីហនុនឹងដើរនាទីដ៏សំខាន់ក្នុងការនាំចេញនិងនាំចូលទំនិញពីកម្ពុជាទៅបរទេសនិងពីបរទេសចូលមកកម្ពុជា ខណៈបច្ចុប្បន្ននេះ កំពង់ផែក្រុងព្រះសីហនុគឺមានសកម្មភាពសំខាន់ដែលទំនិញនាំចេញប្រមាណ៦០ភាគរយត្រូវកាត់កំពង់ផែមួយនេះ ៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content