ភ្នំពេញ ៖ ចាប់ពីឆ្នាំ២០២៥ខាងមុខនេះទៅ រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមធ្វើការគិតពន្ធលើដីធ្លីមិនប្រើប្រាស់នៅតាមតំបន់បណ្ដាខេត្ត ដែលមានទំហំចាប់ពី ៥ហិកតាឡើងទៅ ។ ប៉ុន្តែក៏មានប្រភេទដីចំនួន៥ប្រភេទដែលរដ្ឋនឹងមិនគិតពន្ធពីម្ចាស់កម្មសិទ្ធិ ឬមិនចាត់ទុកជាដីមិនបានប្រើប្រាស់ ។
កម្មវត្ថុត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាដីទាំងឡាយណាដែលពុំមានលក្ខណៈណាមួយនៃលក្ខណៈទាំង៥ រួមមាន ៖
១. ដីមានសំណង់ស្ថិតក្នុងតំបន់លំនៅដ្ឋាន ដែលកម្មសិទ្ធិករប្រើប្រាស់ជាកន្លែងស្នាក់នៅជាគោល និងបានស្នាក់នៅកន្លែងនោះចំនួន ១៨៣ថ្ងៃ ឬច្រើនជាង គិតចាប់ពីថ្ងៃទី០១ ខែតុលា នៃឆ្នាំកន្លងទៅរហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំប្រមូលពន្ធ ។ សម្រាប់ការកំណត់ពន្ធនេះ កម្មសិទ្ធិករម្នាក់ពុំអាចមានទីកន្លែងស្នាក់នៅជាគោលសំខាន់លើសពីមួយកន្លែងបានទេ។
២. ដីជួលដែលមានសំណង់មានការកាន់កាប់ ជាដីមានសំណង់ស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន ឬស្ថិតនៅក្នុងតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច ដែលបានជួលឱ្យទៅអតិថិជនដើម្បីយកឈ្នួលប្រចាំខែ ប្រចាំឆ្នាំ ឬក្រោមកិច្ចសន្យារយៈពេលវែង ហើយលាភការប្រចាំខែទទួលបានពីការជួលលើសពី ៨០% នៃចំនួនមួយភាគដប់ពីរនៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធ គុណនឹងមេគុណដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយក្នុងនោះតម្លៃដីត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ។

៣.ដីដែលមានសកម្មភាពសេដ្ឋកិច្ច ជាដីដែលកម្មសិទ្ធិករប្រើប្រាស់សម្រាប់សកម្មភាពសេដ្ឋកិច្ចដូចជា ដាំដុះ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ស្របតាមការកំណត់តំបន់របស់រដ្ឋ និងប្រាក់ចំណូលប្រចាំខែបានមកពីសកម្មភាពសេដ្ឋកិច្ចទាំងនោះលើសពីចំនួន ៨០% នៃចំនួនមួយភាគដប់ពីរនៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធ គុណនឹងមេគុណដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុងនោះតម្លៃដីត្រូវកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។
៤. ដីជាកម្មសិទ្ធិរដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬជារូបវន្តបុគ្គល ជាដីសាធារណៈ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ទោះបីមានក្នុងបញ្ជីសារពើភណ្ឌ ឬក្រៅបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋក្តី ហើយដីនោះមានលក្ខណៈណាមួយនៃចំណុចទាំង៣ខាងលើ។
៥. ដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ ជាដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគនិងដីសម្បទាន ដែលបានការអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យធ្វើវិនិយោគលើវិស័យអ្វីមួយ ឬដីសម្បទាន រយៈពេលខ្លី មធ្យម ឬវែង ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យអនុវត្តនូវគម្រោងអ្វីមួយ។ ប្រសិនបើដីវិនិយោគ ឬសម្បទាននោះពុំបាន ឬពុំទាន់ដំណើរការដោយមូលហេតុប្រធានសក្តិ ឬដោយមូលហេតុអសន្តិសុខផ្សេងៗនោះពុំត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទេ ប៉ុន្តែលុះណាតែការអាក់ខាន ឬពន្យារពេលនោះ មានការបញ្ជាក់ទទួលយល់ព្រមពីស្ថាប័នជំនាញមានសមត្ថកិច្ច និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកាលពីពេលកន្លងមកថា គោលបំណងនៃការយកពន្ធលើដីធ្លីមិនប្រើប្រាស់ ដើម្បីជំរុញឱ្យមានការវិនិយោគលើដី ឬប្រើប្រាស់ដីធ្លីឱ្យអស់សក្ដានុពល និងមិនចង់ឱ្យមានសកម្មភាពការទិញដីទុកចោលដើម្បីយកលក់ចំណេញនៅពេលបន្ទាប់៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content