បរទេស ៖ ទោះបីជាមានការពិភាក្សាវែកញែកគ្នាអស់រយៈពេលជាច្រើនខែកន្លងមកហើយដើម្បីអាចអនុម័តកញ្ចប់ថវិកាយោធាសម្រាប់ជួយគាំទ្រដល់ប្រទេសអ៊ុយក្រែនក្តី ប៉ុន្តែរហូតមកដល់នាទីចុងក្រោយនេះទើបព្រឹទ្ធសភាជាតិអាមេរិកបានឈានទៅដល់ការព្រមព្រៀងគ្នាដើម្បីបញ្ចេញកញ្ចប់ថវិកាយោធាថ្មីមានទឹកប្រាក់សរុបប្រមាណជា ៨៨៦ពាន់លានដុល្លារ។
កញ្ចប់ថវិកាដែលត្រូវបានអនុម័តនៅព្រឹកថ្ងៃពុធសប្តាហ៍នេះត្រូវបានទទួលការគាំទ្រពីសំណាក់ប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ ពីព្រោះថាក្នុងនោះមួយចំណែកក៏មានកញ្ចប់ជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែនដែលគិតជាទឹកប្រាក់មានប្រមាណជា ៣០០លានដុល្លារក្នុងមួយឆ្នាំ និងបន្តផ្តល់ជំនួយរហូតដល់ឆ្នាំ២០២៧។

សមាជិកព្រឹទ្ធសភាដ៏សំខាន់ លោក Chuck Schumer បានថ្លែងកាលពីថ្ងៃពុធដែរថា៖ នៅពេលមានបញ្ហាធំៗជាច្រើនដែលជះឥទ្ធិពលដល់សន្តិសុខពិភពលោក ការអនុម័តកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតគឺជាកិច្ចការងារដ៏មានសារៈសំខាន់ជាងពេលណាទាំងអស់ ។ កញ្ចប់ថវិកាលើកនេះមិនត្រឹមតែអាចទប់ទល់នឹងរុស្ស៊ី ឈរយ៉ាងរឹងមាំប្រឆាំងនឹងបក្សកុម្មុយនិស្តចិននោះទេ វាថែមទាំងអាចធានាថា កិច្ចការពារជាតិរបស់អាមេរិកនៅតែស្ថិតក្នុងស្ថានភាពល្អគ្រប់ពេលវេលា។
ក្រៅតែពីកញ្ចប់ថវិកាជំនួយសម្រាប់អ៊ុយក្រែនហើយនោះ អាមេរិកក៏នឹងត្រូវប្រើប្រាស់ថវិកាទាំងនោះក្នុងការតម្លើងប្រាក់ខែជូនយោធាទាំងអស់របស់ខ្លួនក្នុងអត្រាកំណើន៥,២ភាគរយផងដែរ ព្រមទាំងកញ្ចប់ថវិកាសម្រាប់ធ្វើទំនើបកម្មទៅលើបច្ចេកវិទ្យាសព្វាវុធ ទាំងផ្លូវទឹក ផ្លូវគោក និងផ្លុវអាកាស។
រំលឹកដែរថា ជាច្រើនសប្តាហ៍ចុងក្រោយនេះ កញ្ចប់ថវិកាជាតិត្រូវបានរារាំងដោយភាគច្រើនពីសមាជិកសភានៃគណបក្សសាធារណៈ ដោយសារតែពួកគេបានទាមទារឲ្យមានការកែប្រែពង្រាងថវិកាថ្មីជាមុនសិនដោយអំពាវនាវឲ្យមានការគិតបន្ថែមឲ្យបានច្រើនទៅលើបញ្ហាសង្គមរបស់អាមេរិកជាជាងបញ្ហាបរទេស ជាពិសេសគឺបញ្ហាព្រំដែន និងអន្តោប្រវេសជាដើម៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content