ដុល្លារ ជារូបិយបណ្ណដ៏មានអំណាចបំផុតនៅក្នុងទីផ្សារពិភពលោកអស់រយៈពេលជាយូរមកហើយ និងជាឧបករណ៍ប្រើប្រាស់ដ៏មានឥទ្ធិពលទាំងនយោបាយ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងពិភពលោកឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
ទោះបីជាយ៉ាងណាក្តី ដើម្បីអាចគេចចេញពីឥទ្ធិពលនៃលុយដុល្លារបានធ្វើឲ្យពិភពលោកចាប់ផ្តើមមានការបង្កើតឡើងនូវទ្រឹស្តីហិរញ្ញវត្ថុថ្មីមួយដែលគេស្គាល់ថាជាគោលការណ៍កាត់បន្ថយ និងបញ្ឈប់ការប្រើប្រាស់លុយដល្លារ (Dedollarisation) ។ គំនិតនេះត្រូវបានចាប់ផ្តើមដំបូងឡើយដោយមានការផ្តួចផ្តើមពីប្រទេសរុស្សី, ចិន និងអាមេរិកឡាទីន នៅចន្លោះពីឆ្នាំ២០០៧ និងឆ្នាំ២០០៨ ជាឆ្នាំដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុសកល ខណៈគ្រានោះវាបានធ្វើឲ្យតម្លៃលុយដុល្លារធ្លាក់ចុះយ៉ាងខ្លាំងក្នុងទីផ្សារ។
ជាមួយគ្នានេះ ដូចដែលមនុស្សគ្រប់គ្នាបានឃើញ ការទំលាក់រូបិយបណ្ណអាមេរិកចេញពីកំពូលតារាងគឺជារឿងមិនងាយស្រួលឡើយ ប៉ុន្តែរហូតមកដល់ព្រឹត្តិការណ៍ជម្លោះនៅអ៊ុយក្រែនវាបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះឥទ្ធិពលរបស់លុយដុល្លារ និងឥទិ្ធពលរបស់អាមេរិកក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។

ជាថ្មីម្តងទៀត វាមិនត្រឹមតែមិនអាចធ្វើអ្វីរំជួលដល់សេដ្ឋកិច្ចរុស្ស៊ីបានហើយនោះ សូម្បីតែយុទ្ធនាការក្នុងការរារាំងលុយដុល្លារ ឬ Dedollarisation ក៏ចាប់ផ្តើមផ្ទុះឡើងម្តងទៀត។ ក្រុមប្រទេស BRICS ដែលមានប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន និងអាហ្វ្រិកខាងត្បូង បានដាក់ការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះបេសកកម្មនេះដោយក្នុងនោះការចាប់ផ្តើមធ្វើពាណិជ្ជកម្មរវាងគ្នាគឺមិនប្រើប្រាស់លុយដុល្លារជាដើម។
BRICS សុទ្ធតែជាមហាអំណាចសេដ្ឋកិច្ចធំៗរបស់ពិភពលោក ហើយបើគិតជា GDP វាមានទំហំដល់ទៅ១ភាគ៣នៃ GDP ពិភពលោក ដូច្នេះ តិច ឬច្រើនលុយដុល្លារពិតជាបានរងផលប៉ះពាល់។ លើសពីនេះក្រុមប្រទេសយក្សទាំងនេះក៏កំពុងមមាញឹកខ្លាំងក្នុងការធ្វើការរួមគ្នាដើម្បីបង្កើតរូបិយបណ្ណថ្មីរួមគ្នាមួយទៀតដើម្បីប្រឆាំងទៅនឹងលុយដុល្លារផងដែរ។
យ៉ាងណាក៏ដោយ ការផ្លាស់ប្តូររូបិយបណ្ណរបស់ពិភពលោកមួយនេះគឺនៅតែមិនមែនជារឿងងាយស្រួលដដែល ពីព្រោះថា អ្នកវិភាគក៏មើលឃើញអំពីផលលំបាក និងបញ្ហាប្រឈម
ជាច្រើនក្នុងដំណើរការនេះដែលក្នុងនោះរួមមានដូចជា អស្ថិរភាពនៃអត្រាប្តូរប្រាក់ក្នុងរយៈពេលវែង កង្វះខាតសាច់ប្រាក់ ឬលុយបម្រុងសំខាន់នៃសេដ្ឋកិច្ចសម្រាប់ពិភពលោកដែល
អាចធ្វើឲ្យប្រតិបត្តិការទិញ-លក់ នឹងមានតម្លៃថ្លៃ ហើយចុងក្រោយគឺជាបញ្ហាវិបត្តិហិរញ្ញវត្ថុតូចធំជាច្រើនទៀតដែលអាចកើតឡើងអាស្រ័យទៅលើទំហំសេដ្ឋកិច្ចនៃបណ្តាប្រទេស ឬប្លុកសេដ្ឋកិច្ចដែលបានសម្រេចក្នុងការបញ្ឈប់លុយដុល្លារ។
គួរឲ្យដឹងដែរថា ក្រៅតែពី BRICS ហើយនោះ គេក៏សង្កេតឃើញមានប្រទេសជាច្រើនទៀតដែលកំពុងព្យាយាមកាត់បន្ថយការទូទាត់ប្រាក់ជាលុយដុល្លារ មានដូចជាប្រទេស បូឡាវី, អាហ្សង់ទីន, ហ្គាណា និងប្រទេសម៉ាឡេស៊ី ជាដើម ហើយគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសថ្មីចំនួន១៦ទៀតកំពុងពិចារណា ខណៈដែល ៥ប្រទេសរួចទៅហើយបានសម្រេចចិត្តបញ្ឈប់ការទូទាត់លុយដុល្លារដែលមានដូច អារ៉ាប៊ីសាអូឌីត, សហភាពអារ៉ាប់, អេហ្ស៊ីប, អ៊ីរ៉ង់ និងអេត្យូពី៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content