ភ្នំពេញ ៖ គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ ដែលមានឱជារសឈ្ងុយឆ្ងាញ់ និងផ្តល់ភាពងាយស្រួលដល់អ្នកចម្អិនអាហារ ក៏ដូចជាចុងភៅផងដែរ។
ជាមួយនឹងភាពជោគជ័យនៅលើទីផ្សារទាំងក្នុងស្រុក និងបណ្តាប្រទេសមួយចំនួនទៀតនោះ បច្ចុប្បន្ន ក្រុមហ៊ុន Sabara Best Food បានបន្ថែមនូវផលិតផលថ្មីរបស់ខ្លួនចំនួន៧មុខផ្សេងទៀត ដោយបានសម្ពោធដាក់លក់ជាផ្លូវការកាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងបណ្តាអ្នកតំណាងដៃគូសហការ ក៏ដូចជាមេចុងភៅល្បីៗជាច្រើននាក់ទៀតនៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខ។

ក្នុងកម្មវិធីនេះ មិនត្រឹមតែមានការដាក់បង្ហាញផលិតថ្មីប៉ុណ្ណោះទេ តែវាក៏ជាការអបអរគម្រប់ខួបពីរឆ្នាំរបស់គ្រឿងហ្លូងសាបារា ដែលបានចាប់ផ្ដើមដាក់លក់ដំបូងកាលពីខែមិថុនា ឆ្នាំ២០២២។
អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី ស្ថាបនិកសិប្បកម្មផលិតគ្រឿងហ្លួងសាបារា បានថ្លែនៅក្នុងពិធីនេះថា កម្មវិធីសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុន Sabara Best Food ដែលកម្មវិធីនេះធ្វើឡើងនេះគឺដើម្បីគម្រប់ខួបពីរឆ្នាំរបស់គ្រឿងហ្លួងសាបារាផង និងបង្ហាញនូវផលិតថ្មីចំនួន៧មុខ ផ្សេងទៀតផងដែរ។
អ្នកស្រីបានមានប្រសាសន៍ ៖
«យើងមានផលិតផលដើមចំនួន ៤ ដែលជាជំហានដំបូង ហើយនៅមានរឿងជាច្រើនទៀតដែលយើងអាចធ្វើ ដើម្បីបង្កភាពងាយស្រួលក្នុងការចម្អិនម្ហូបខ្មែរដែលប្រជាជនខ្មែរចូលចិត្តទទួលទានប្រចាំថ្ងៃ។ ចំពោះការបង្ហាញផលិតផលថ្មីចំនួន ៧មុខនេះ គឺដើម្បីឆ្លើយតបទៅនឹងសំណើរបស់អតិថិជនដែលជាអ្នកគាំទ្រ ជាពិសេសក៏ជាការបង្ហាញពីភាពរីកចម្រើននៃផលិតកម្មរបស់ សាបារា ដែលជាប្រភពនៃការគាំទ្រវត្ថុធាតុដើមជាកសិផលរបស់កសិករក្នុងស្រុក»។

អ្នកស្រីបន្ថែមថា៖
«ផលិតថ្មីរបស់យើងរួមមានគ្រឿងម្ជូរគ្រឿង គ្រឿងកកូរ គ្រឿងឆាបាយ គ្រឿងខគោ និងផលិតផលអាហារសម្រន់ រួមមាន ដំណាប់ស្វាយ ដំណាប់ម្នាស់ គ្រាប់ស្វាយចន្ទី ទាំងបីមុខនេះមាន១០រសជាតិផ្សេងទៀតក្រោមយីហោ Nom Nom ដែលជាផលិត និងកែច្នៃពីកសិផលក្នុងស្រុកមានគុណភាព និងសុវត្ថិភាព ធ្វើយ៉ាងណាឱ្យអ្នកទទួលទានទទួលបាននូវរសជាតិដើមបែបខ្មែរពិតៗ»។

គួរកត់សម្គាល់ថា បច្ចុប្បន្ននេះ គ្រឿងហ្លួង សាបារា មិនត្រឹមតែមានទីផ្សារទូលំទូលាយនៅក្នុងស្រុកប៉ុណ្ណោះទេ ខណៈដែលក្រុមហ៊ុនបានបំបែកទីផ្សារនៅតាមបណ្តាប្រទេសអភិវឌ្ឍ និងជឿនលឿនមួយចំនួនទៀត ដូចជា ប្រទេសជប៉ុន អាម៉េរិក និងត្រៀមនាំចេញទៅប្រទេសស្វីស និងកូរ៉េ ដោយប្រទេសស្វីសអាចនឹងក្លាយជាច្រកចូលដ៏សំខាន់ទៅកាន់ទីផ្សារខាងប៉ែកអ៊ឺរ៉ុប។

សូមបញ្ជាក់ដែរថា ក្នុងការស្មារតីជួយលើកស្ទួយសេដ្ឋកិច្ចជាតិកម្ពុជា គ្រឿងហ្លួង សាបារា បានធ្វើសកម្មភាពយ៉ាងសកម្មជាមួយការប្ដេជ្ញាក្នុងការប្រើប្រាស់តែវត្ថុធាតុដើមក្នុងស្រុក ដោយមានការធ្វើកិច្ចសន្យាទិញ-លក់ជាមួយកសិករខ្មែរនៅក្នុងខេត្តសៀមរាប ដោយរើសយកតែកសិផលណាដែលស្រស់ៗល្អ ដើម្បីធ្វើជាគ្រឿងផ្សំ ការបណ្ដុះបណ្ដាលបច្ចេកទេសដល់កសិករតាមរយៈគម្រោងនានា ការបណ្ដុះបណ្ដាលជំនាញដល់ក្រុមអ្នកកែច្នៃ និងសកម្មភាពផ្សេងទៀតដើម្បីលើកកម្ពស់ និងការផ្សព្វផ្សាយមុខម្ហូបខ្មែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content