ភ្នំពេញ៖ មជ្ឈមណ្ឌលកែច្នៃ នវានុវត្តន៍ និងជាមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពផលិតផលលំដាប់ស្តង់ដារ Labiocert ដែលអាចវិភាគលើផលិតផលជាច្រើនមុខ រាប់ចាប់តាំងពីផលិតផលឱសថ គ្រឿងសំអាង អាហារបំប៉ន ចំណីអាហារ ភេសជ្ជៈ ចំណីសត្វ ទឹក និងដីកសិកម្ម ជាដើម ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់គុណភាពផលិតផល ចំណីអាហារ ភេសជ្ជៈ និងជំរុញការនាំចេញ។
ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព LABIOCERT របស់ក្រុមហ៊ុន ប៉េប៉េអឹម-ខនហ្វីរេល ត្រូវបានកត់សម្គាល់ថា គឺជាការបង្កើតឡើងនូវកាលានុវត្តភាពថ្មីសម្រាប់ការអភិវឌ្ឍកសិ-ម្ហូបអាហារ ឱ្យស្របទៅតាមសភាពការណ៍ និងតម្រូវការទីផ្សារ ក៏ដូចជាអាទិភាពរបស់រាជដ្ឋាភិបាលកម្ពុជា។

លោកជំទាវ ចម និម្មល បានថ្លែងក្នុងឱកាសនោះថា ការបើកដំណើរការមន្ទីរពិសោធន៍នេះ ក្នុងនោះគឺការបង្កើនគុណភាពម្ហូបអាហារ សម្រាប់ប្រើប្រាស់ដល់ប្រជាពលរដ្ឋក្នុងស្រុក និងមួយផ្នែកទៀត ជាការពង្រឹងគុណភាព និងនវានុវត្តន៍កែច្នៃ ដើម្បីលើកកម្ពស់ការនាំចេញ និងបង្កើនចំណែកទីផ្សារអន្តរជាតិ ខណៈកន្លងមកក្រុមហ៊ុន និងអ្នកផលិតនៅកម្ពុជា តែងតែចំណាយពេលវេលា និងថវិកាជាច្រើន ដើម្បីនាំយកផលិតផលខ្លួនទៅធ្វើការវិភាគនៅក្រៅប្រទេស។

លោកជំទាវ រដ្ឋមន្ត្រី បានមានប្រសាសន៍ថា មន្ទីរពិសោធន៍នេះ នឹងចូលរួមជួយពង្រឹងគុណភាពចំណីអាហារ និងផលិតផលរបស់ខ្មែរ ប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់អ្នកទទួលទាន និងអ្នកប្រើប្រាស់ ក៏ដូចជា ជំរុញដល់ការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស ។ ការបញ្ជាក់ពីគុណភាពចំណីអាហារនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្តល់នូវសេចក្តីទុកចិត្តដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន ហេតុនេះការបន្តអភិវឌ្ឍន៍ម្ហូបអាហារប្រកបដោយគុណភាព និងសុវត្ថិភាព គឺជារឿងចាំបាច់។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដើម្បីចូលរួមលើកស្ទួយការកែច្នៃ និងអភិវឌ្ឍម្ហូបអាហារ និងផលិតផលកម្ពុជាជាមួយនឹងការលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ អ្នកផលិត អ្នកកែច្នៃ និងអាជីវករ ចាប់យកនូវឱកាសមួយនេះ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យម្ហូបអាហាររបស់យើងឱ្យបានកាន់តែប្រសើរ និងមានភាពទាក់ទាញកាន់តែខ្លាំងឡើង ។





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content