ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្ននេះ ពលករចំណាកស្រុកកម្ពុជាដែលកំពុងរស់នៅ និងបម្រើការងារនៅក្រៅប្រទេសមានជាង ១,៣៨ លាននាក់ ហើយអាចរកចំណូលបានសរុបជាង ៥ ពាន់លានដុល្លារអាមេរិក ហើយបានដាក់ប្រាក់បញ្ញើត្រឡប់មកប្រទេសវិញប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ បានលើកឡើងថា ក្រសួងបានខិតខំប្រឹងប្រែងបង្កើនឱកាសការងារនៅក្រៅប្រទេសជូនដល់ប្រជាពលកររហូតដល់ប្រមាណ ១,៣៨លាននាក់នៅក្នុងឆ្នាំ២០២៤ ខណៈដែលឆ្នាំ២០២៣ មានត្រឹមតែប្រមាណ ១,៣៥លាននាក់តែប៉ុណ្ណោះ ។ ពោល គឺក្នុងឆ្នាំ២០២៤ ក្រសួងបានស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេសចំនួន ៤៤.៨៦២នាក់ ក្នុងនោះមានស្រី ១៧.២៧០ នាក់ ខណៈដែលមានពលករកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ចំនួន ១៨.៥៦១ នាក់ មានស្រីចំនួន៦.៩៣៤ នាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលតែងយកចិត្តទុកដាក់បំពេញមុខងារជាសេនាធិការដ៏សកម្មរបស់រាជរដ្ឋាភិបាល សម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងឆ្នាំ២០២៤ កន្លងមកនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា៖ ជាការគួរកត់សម្គាល់ សមិទ្ធផលរបស់ក្រសួងការងារក្នុងការអនុវត្តតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមានការសម្របសម្រួល ដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារអាមេរិក ការពង្រីក និងបង្កើនចំនួនអ្នកប្រើប្រាស់របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព រហូតដល់ប្រមាណ ២,៧លាននាក់ នៅត្រឹមឆ្នាំ២០២៤។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា សមិទ្ធផលនេះ រួមមានការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ការសិក្សារៀបចំការបង្កើតទារកដ្ឋាន នៅតាមសហគ្រាស គ្រឹះស្ថានសម្រាប់កូនរបស់កម្មករនិយោជិត ការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ ការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងការជំរុញកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពទទួលស្គាល់ជំនាញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងដើរតួយ៉ាងសំខាន់បំពេញតួនាទីរបស់រដ្ឋក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកដល់ដល់ការជំរុញការនាំចេញ និងស្ថិរភាពកំណើនការងារ និងអនុគមន៍ផលិតកម្ម តាមរយៈការជួយជ្រោមជ្រែងវិស័យឯកជន ក្នុងការផ្គូផ្គងកម្លាំងពលកម្ម ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ និងការសម្របសម្រួលស្ថាប័ន ដែលបានចូលរួមបង្កើនផលិតភាព ។

សូមជម្រាបថា ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅបរទេសជិត ១លាន ៤សែននាក់ ក្នុងនោះនៅប្រទេសថៃមានចំនួន ១ ២៩២ ២៩៧ នាក់ ស្រី ៥២១ ៨៦២ នាក់ ដោយជាមធ្យមទទួលបានប្រាក់ខែទទួលបានប្រាក់ខែ៤០០ ដុល្លារ ក្នុង១ខែ។ កូរ៉េខាងត្បូងទទួលបានប្រាក់ខែ ១ ៥០០ ដុល្លារ ប្រទេសជប៉ុន ទទួលបានប្រាក់ខែ ១ ៤០០ ដុល្លារ ប្រទេសសិង្ហបុរី ទទួលបានប្រាក់ខែ ៥០០ ដុល្លារ ។ ប្រទេសម៉ាឡេស៊ី ទទួលបានប្រាក់ខែ ៣៤០ ដុល្លារ ប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានប្រាក់ខែ ៤០០ ដល្លារ ក្នុង១ខែ ដោយពលករទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ រួមទាំងប្រាក់ឈ្នួល និងរបបសន្តិសុខសង្គមតាមច្បាប់ នៃប្រទេសទទួលពលករកម្ពុជានីមួយៗ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content