ភ្នំពេញ៖ ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៣៤៤ ១៩៩តោន ដែលគិតជាទឹកប្រាក់ជាង ២៥២លានដុល្លារអាម៉េរិកទៅកាន់ទីផ្សារចំនួន៦៣នៅជុំវិពិភពលោក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
បរិមាណនៃការនាំចេញនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥ លានដុល្លារសហរដ្ឋអាម៉េរិក។
ជាមួយគ្នានោះដែរ កម្ពុជាក៏បាននាំចេញទៅកាន់ប្រទេសចិន និងហុងកុង ចំនួន៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ៤៩ ៧០០ តោន គិតជាទឹកប្រាក់ចំនួន ៣៤.៥៦ លានដុល្លារសហរដ្ឋអាម៉េរិក និងទៅកាន់គោលដៅ ៣០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី នូវែលសេឡង់។ល។ បានចំនួន៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន៣៧.៨០លានដុល្លារសហរដ្ឋអាម៉េរិក។

របាយការណ៍ដដែលនេះបានឱ្យដឹងថា៖ កម្ពុជា បាននាំចេញអង្ករក្រអូបចំនួន ៧៥.៥៦% ប្រភេទអង្ករសគ្រាប់វែង ១៩.៣៣% អង្ករចំហុយ ២.៤៣% អង្ករសរីរាង្គចំនួន ២.០៣% និងអង្ករផ្សេងៗចំនួន ០.៦៥% ។
បើតាម CRF ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១០២ ៩៧៣ តោន (ស្រូវសើម) ដែលគិតជាទឹកប្រាក់បានប្រមាណ ៧៤០.៩៤ លានដុល្លារសហរដ្ឋអាម៉េរិក។
គួររំលឹកថា៖ ការនាំចេញអង្ករក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ២៨២ ៣១៣ តោន គិតជាទឹកប្រាក់បានចំនួន ២០៩.២២ លានដុល្លារសហរដ្ឋអាម៉េរិក។ ចំណែកក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ២១១ ០៥៨ តោន គិតជាទឹកប្រាក់បានចំនួន ១៦០.៥១ លានដុល្លារសហរដ្ឋអាម៉េរិក៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content