ភ្នំពេញ ៖ លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥ បានចុះពិនិត្យទីតាំងគម្រោងវិនិយោគ និងធុរកិច្ចចំនួន ៩ គម្រោង ខណៈដែលក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងគម្រោងវិនិយោគ និងធុរកិច្ច ចំនួន ២២ គម្រោងផ្សេងទៀត ដែលបានស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្រោមវិសាលភាព «កម្មវិធីពិសេសជំរុញការវិនិយោគក្នងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលបានបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។
នេះជាលើកទី ១៨ ដែលលេខាធិការដ្ឋានក្រុមការងារ និងរដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងគម្រោង ដើម្បីពិនិត្យមើលស្ថានភាព និងវឌ្ឍនភាពអនុវត្តគម្រោងក្នុងខេត្តព្រះសីហនុ សម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យសម្រេចផ្តល់ «អត្ថប្រយោជន៍ពិសេស» និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត ព្រមទាំងការបង្កើតការងារជូនប្រជាជន ។

ការចុះពិនិត្យទីតាំងនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងទេសចរណ៍, ក្រសួងរ៉ែ និងថាមពល, រដ្ឋបាលខេត្តព្រះសីហនុ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គិសនីកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។

ការចុះពិនិត្យនេះ គឺជាភារកិច្ចសំខាន់មួយនៃសកម្មភាពស្នូលរបស់ក្រុមការងារ ដែលធ្វើឡើងដោយមានការយកចិត្តទុកដាក់ និងកិច្ចសហការខ្ពស់ក្នុងចំណោមក្រសួងស្ថាប័ន ក្រោមការផ្តល់សេវាថែទាំវិនិយោគ និងលើកកម្ពស់បរិយាកាសវិនិយោគ ។
គួរជម្រាបដែរថា ៖ ថ្មីៗនេះ គម្រោងវិនិយោគចំនួន ៣៥បន្ថែមទៀត ក្រោមទុនវិនិយោគសរុបចំនួន ៣២៧ លានដុល្លារ ដែលអាចបង្កើតការងារប្រមាណ ៣ ៣៦៣ កន្លែង ត្រូវបានទទួលការលើកទឹកចិត្តពិសេស និងជួយសម្របសម្រួលនីតិវិធីពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមគម្រោងទាំង៣៥នោះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ២២, គម្រោងថ្មីចំនួន ១២, និងគម្រោងមានស្រាប់ចំនួន ១។ គម្រោងទាំង ៣៥ នោះ មានជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងបង្កើតសួនឧស្សាហកម្ម,រោងចក្រកែច្នៃចំណីសត្វ,រោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, គម្រោងសណ្ឋាគារ,គម្រោងផ្ទះលំហែនិងអគារពាណិជ្ជកម្ម ។
សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានផ្តល់ការលើកទឹកចិត្តជូនគម្រោងចំនួន ១១៨ គម្រោង ក្នុងនោះ អគារជាប់គាំង ចំនួន ៥១ គម្រោង, គម្រោងវិនិយោគថ្មី ចំនួន ៥៤ គម្រោង, គម្រោងពង្រីក ចំនួន ៨ គម្រោង និង គម្រោងមានស្រាប់ ចំនួន ៥ គម្រោង ៕






វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content