កំពង់ធំ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបបារាយណ៍-តាំងគោក នៅរដូវប្រមូលផលស្រូវចូលមកដល់ រួមមាន ស្រូវសែនក្រអូប និងស្រូវស្រង៉ែ នៅលើផ្ទៃដីដាំដុះជាង ១០០០ហិកតា ដែលកំពុងមានតម្លៃទីផ្សារខ្ពស់ អាចទទួលបានចំណេញច្រើនជាងអ្នកដាំស្រូវអូអឹមប្រមាណ ១លានរៀលក្នុង១ហិកតា។

ក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបបារាយណ៍ តាំងគោក នៅខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សា និងស្ដាប់សំណូមពររបស់សមាជិកសហគមន៍ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលសហគមន៍កំពុងជួបប្រទះ ជាពិសេស ការបង្កើនប្រព័ន្ធធារាសាស្រ្តស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ការជ្រើសរើសពូជយុទ្ធសាស្ត្ររបស់កម្ពុជាមកដាំ និងការចុះកិច្ចសន្យាទិញលក់ទុកជាមុន ធ្វើឱ្យកសិករសមាជិកនៃសហគមន៍កសិកម្មទំនើបនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងរដូវកាលនេះ ចំណេញច្រើនជាងអ្នកដាំស្រូវអូអឹមជិត ១លានរៀលក្នុង១ហិកតា។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីអត្ថប្រយោជន៍នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ព្រមទាំងបានណែនាំឱ្យសហគមន៍ត្រៀមផែនការឱ្យបានច្បាស់លាស់សម្រាប់ផលិតកម្មនៅរដូវកាលបន្ទាប់ ជាពិសេសការត្រៀមទុន ពូជ និងទីផ្សារ។ ក្រសួងកសិកម្មនឹងសហការជាមួយក្រសួងធនធានទឹក សិក្សារៀបចំប្រព័ន្ធស្រោចស្រពគោល ដើម្បីធានាឱ្យបានថាការធ្វើផលិតកម្មស្រូវនៅក្នុងតំបន់នេះមានទឹកគ្រប់គ្រាន់ទៅតាមតម្រូវការជាក់ស្តែង។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអបអរសាទរ កសិករជាសមាជិកនៃសហគមន៍កសិកម្មទំនើបនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានជ្រើសដាំស្រូវសែនក្រអូបក្នុងរដូវកាលនេះ ។ មួយផ្នែកធំនៃផលចំណេញនេះ ដោយសារតែស្រូវសែនក្រអូបកំពុងលក់ចេញក្នុងតម្លៃ ១២៧០រៀលក្នុង១គីឡូក្រាម ខ្ពស់ជាងថ្លៃស្រូវអូអឹមក្នុងរង្វង់ ៤៥០ រៀល ប៉ុណ្ណោះ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្ថែមទៀតថា ផលចំណេញមួយផ្នែកទៀតបានមកពីការកាត់បន្ថយការចំណាយលើធាតុចូល និងថ្លៃការប្រាក់កម្ចី ជាពិសេស ទទួលបានចំណេញពីថ្លៃជីរហូតដល់ទៅ ៣០ ០០០រៀលក្នុងបាវ បើធៀបនឹងថ្លៃដែលកសិករទិញជីរៀងៗខ្លួន ហើយរដូវកាលក្រោយនេះនឹងមានសមាជិកចូលថ្មីបន្ថែមទៀត ដែលធ្វើឱ្យផ្ទៃដីផលិតកម្មរបស់សហគមន៍ហក់ឡើងពី ១,០០០ ហិកតា រហូតដល់ ៥,០០០ហិកតា។

ប្រធានសហគមន៍កសិកម្មទំនើបបារាយណ៍ តាំងគោក លោកស្រី ឯក ចាន់សុផល្លី បានបញ្ជាក់ថា ដោយសារតែកំណើនរបស់សមាជិកសហគមន៍កាន់តែបន្តកើនឡើង ពី ១៧គ្រួសារ មានផ្ទៃដីសរុបជាង ១ពាន់ហិកតា កើនដល់ដល់ ១៧០គ្រួសារ មានផ្ទៃដីដាំដុះសរុបជាង ៥ពាន់ហិកតា រហូតធ្វើឱ្យការផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់នៅតំបន់មួយចំនួន។

ឆ្លើយតបនឹងសំណូមពរនេះ ឯកឧត្តម ឌិត ទីណា នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាមួយលោកអភិបាលខេត្តកំពង់ធំ ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធទឹកជូនប្រជាកសិករក្នុងសហគមន៍ឱ្យបានទាន់ពេលវេលាសម្រាប់ការបង្កបង្កើនផលនៅរដូវក្រោយ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នាក្នុងសហគមន៍ និងវិស័យឯកជន ស្មោះត្រង់ បន្តស្មារតីសាមគ្គីភាព តម្លាភាព និងតម្កល់ផលប្រយោជន៍រួមជាធំ ហើយក្រសួងនៅតែបន្តគាំទ្រឱ្យសហគមន៍ឱ្យទទួលបានការរីកចម្រើនធំធាត់ និងមាននិរន្តរភាព៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content