ភ្នំពេញ ៖ គិតត្រឹមខែសីហា ឆ្នាំ២០២៥ ចំនួនពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃវិញមានចំនួនប្រមាណ ៩២ម៉ឺននាក់ ក្នុងនោះប្រមាណ ៧២ម៉ឺននាក់ជាពលករ និងប្រមាណ ២០ម៉ឺននាក់ទៀតជាអ្នករស់នៅ ប្រកបអាជីវកម្មជាលក្ខណៈគ្រួសារ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារបានឱ្យដឹងថា ក្នុងរយៈ ២ខែ គឺខែកក្កដា និងខែសីហា ក្រសួងការងារបានស្វះស្វែងរកការងារជូនពលករចំនួនប្រមាណ ១៥ម៉ឺននាក់ហើយ ដែលបានន័យថា ក្នុង១ខែ ក្រសួងអាចមានលទ្ធភាពរកការងារឱ្យពលករបាន ៧ម៉ឺនកន្លែង។
ជាក់ស្ដែង លោក មិញ ស៊ឺ គឺជាពលករម្នាក់ដែលបានបម្រើការងារផ្នែកសំណង់នៅប្រទេសថៃចំនួន ២ឆ្នាំ និងទើបតែបានវិលត្រឡប់មកប្រទេសកម្ពុជាវិញរួមជាមួយនឹងភរិយា ទទួលបានការងារនៅរោងចក្រ សុិនគី អឹភែរឹល នៅក្នុងខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បុរសវ័យ ២០ឆ្នាំប្លាយរូបនេះ បានឱ្យដឹងថា ខ្លួន និងភរិយា ពិតជាសប្បាយចិត្តជាខ្លាំងដែលបានត្រឡប់មកធ្វើការក្នុងស្រុកវិញ។ សប្បាយចិត្ត ព្រោះអាចជួបជុំគ្នា និងទៅលេងគ្រួសារបានញឹកញាប់ ម្យ៉ាងទៀតក៏មិនចាំបាច់ត្រូវចំណាយលើថ្លៃរដ្ឋបាលដូចកាលនៅប្រទេសថៃនោះដែរ។
លោក មិញ ស៊ឺ បានបន្តឱ្យដឹងថា៖
«នៅស្រុកយើងស្រួលរស់នៅជាងស្រុកគេឆ្ងាយណាស់ ប្រាក់ខែឥឡូវក៏បានគ្រាន់បើដែរ ថ្លៃបាយ ទឹក និងការធ្វើដំណើរក៏នៅលើគេ ហើយរោងចក្រក៏មាន ព្យាបាលជំងឺដោយមិនគិតប្រាក់ទៀតផង»។
មិនខុសគ្នាប៉ុន្មានពី លោក មិញ ស៊ឺ នោះទេ ងាកមកលោកស្រី សើម ច្រឹប ដែលជាអ្នករស់នៅខេត្តសៀមរាប ក៏ទើបតែទទួលបានការងារនៅក្នុងរោងចក្រកាបូបមួយកន្លែង មានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ។ បើតាមការឱ្យដឹងរបស់ស្ត្រីរូបនេះ ខ្លួនបានធ្វើការនៅប្រទេសថៃអស់រយៈពេល ១០ឆ្នាំ ហើយកាលដែលត្រឡប់មកប្រទេសកំណើតវិញនេះ ក៏បង្កជាការព្រួយបារម្ភសម្រាប់លោកស្រីខ្លាំងដែរ។
ព្រួយបារម្ភខ្លាចថា មកដល់ស្រុកកំណើតវិញ មិនមានការងារធ្វើ ដែលនឹងនាំឱ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់លោកស្រី។ ប៉ុន្តែ ជាក់ស្ដែង បន្ទាប់មកដល់ស្រុកមិនបានប៉ុន្មានផង លោកស្រីក៏ទទួលបានការ សម្របសម្រួលឱ្យចូលបម្រើការងារ។
ដោយឡែក អ្នកស្រី ហែម ស្រីម៉ៅ ឯណោះវិញ ក៏ជាពលករទើបតែត្រឡប់មកពីប្រទេសថៃ ដែលបានសម្ភាសការងារជាប់ភ្លាមៗនៅរោងចក្រ សុិនគី អឹភែរឹល បន្ទាប់ពីបម្រើការងារនៅប្រទេសថៃអស់ចំនួន ៦ឆ្នាំផ្នែកដេរកៅអី។

អ្នកស្រីបន្តថា ៖
«មកដល់ភ្លាម ខាងភូមិ-ឃុំ បានណែនាំឱ្យមកដាក់ពាក្យចូលធ្វើការ ប៉ុន្តែខ្ញុំនៅមានការព្រួយបារម្ភខ្លះដែរ ដោយហេតុថាជំនាញមិនត្រូវជាមួយនឹងតម្រូវការរបស់រោងចក្រ។ ប៉ុន្តែជាលទ្ធផល មិនត្រឹមតែខ្ញុំនោះទេ កូនរបស់ខ្ញុំក៏បានជាប់ធ្វើការនៅក្នុងរោងចក្រតែមួយនោះដែរ ដោយរោងចក្រមានផ្ដល់ការបណ្ដុះបណ្ដាលបន្ថែម»។
បើទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានគូសបញ្ជាក់ថា បច្ចុប្បន្ននៅសល់ពលករប្រមាណជា ៥០ម៉ឺននាក់ទៀត ដែលក្រសួងត្រូវបន្តស្វះស្វែងរកការងារជូនឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ហើយក្រសួងចង់ជំរុញលទ្ធភាពក្នុងការស្វែងរកការងារជូនពលករឱ្យបាន ១០ម៉ឺននាក់ក្នុងមួយខែ។
ជាមួយគ្នានេះ ដើម្បីអាចសម្រេចគោលដៅនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏កំពុងពង្រីកវិសាលភាពការងារទៅទល់សហគ្រាសធុនតូច និងមធ្យម ដោយផ្ដោតជាពិសេសទៅលើពលករដែលមានអាយុលើស ៤០ឆ្នាំ។ ពលករដែលមានអាយុលើស ៤០ឆ្នាំ ប្រាកដណាស់ថា នឹងពិបាកក្នុងការរកការងារធ្វើ ដូច្នេះមានតែសហគ្រាសតូចៗ ដែលអាចផ្ដល់ការងារឱ្យពួកគេបាន។

ឯកឧត្តម លី វិចិត្រ ប្រធានក្រុមការងារមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺ បានលើកឡើងថា ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកកម្ពុជាដែលជាប្រទេសកំណើតវិញត្រូវជឿជាក់លើរាជរដ្ឋាភិបាល។ ការប្រកបកិច្ចការងារនៅក្នុងស្រុក ក្នុងប្រទេសកំណើតរបស់ខ្លួនគឺមានភាពកក់ក្ដៅ និងមិនប្រថុយប្រថានដូចធ្វើការចំណាកស្រុកនៅប្រទេសថៃនោះទេ។
ឯកឧត្តមបានបញ្ជាក់ថា ៖ ធ្វើការនៅស្រុកយើងមានភាពងាយស្រួល ចំណូលបានមកក៏មិនតិចជាងនៅប្រទេសថៃដែរ ហើយអ្វីដែលសំខាន់គឺបាននៅក្បែរសាច់ញាតិ បងប្អូន ប្ដី ប្រពន្ធ និងកូន ដោយនៅថ្ងៃសម្រាក សៅរ៍ ឬអាទិត្យ គឺអាចទៅជួបជុំគ្នាបាន មិនពិបាកនោះទេ។ បន្ថែមពីនេះ នៅពេលបងប្អូនមកធ្វើការនៅក្នុងប្រទេសយើង គឺជួយបង្កើនកំណើនសេដ្ឋកិច្ចក្នុងប្រទេសរបស់យើង គួរឈប់បម្រើការងារនៅប្រទេសគេ ដែលជាការជួយបង្កើនសេដ្ឋកិច្ចរបស់គេ៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content