ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដោយក្នុងឆ្នាំ២០២៥ ធនាគារនេះ បានបន្ថយការព្យាកររបស់ខ្លួនលើកំណើនសេដ្ឋកិច្ចកម្ពុជា ពី៦,១ភាគរយមកនៅត្រឹម៤,៩ភាគរយ ខណៈឆ្នាំ២០២៦ ធនាគារ ADB ក៏បានបន្ថយការព្យាករពី ៦,២ភាគរយនៅត្រឹម ៥ភាគរយ ។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ ។
បើតាមធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា ការទាញទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដោយយោងទៅលើការឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាម៉េរិក ។ ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឺងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស ។

លោកស្រី Jyotsana Varma នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ក្នុងឆមាសទី១ នៃឆ្នាំ២០២៥ ។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូប និងការធ្លាក់ចុះនៃប្រេងឥន្ធនៈបានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ ។ នាពេលខាងមុខនេះ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព ។
បើតាមរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា អតិផរណាឆ្នាំលើឆ្នាំ បានធ្លាក់ចុះខ្លាំងពី ៦ភាគរយ ក្នុងខែមករា មកនៅត្រឹ ១,៦ភាគរយនៅក្នុងខែមិថុនា ។ អតិផរណាត្រូវបានរំពឺងថានឹងមានជាមធ្យមប្រមាណ ២ភាគរយទាំងនៅក្នុងឆ្នាំ២០២៥ និង ឆ្នាំ២០២៦ ។

ជាមួយគ្នានេះ ADB ក៏បានបញ្ជាក់ដែរថា វិស័យកសិកម្មត្រូវបានគេព្យាករថានឹងកើនឡើងប្រមាណ ១,១ភាគរយ ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលជំរុញដោយតម្រូវការនាំចេញកំពុងបន្ត និងការរំពឹងទុកពីការរួមចំណែករបស់កម្មករកសិកម្មដែលបានត្រឡប់មកពីប្រទេសថៃវិញក្នុងឆមាសទី២នៃឆ្នាំនេះ។ ការនាំចេញកសិផលបានកើនឡើង១៤,១ភាគរយ ឆ្នាំលើឆ្នាំ នៅឆមាសទី១ ឆ្នាំ២០២៥ ជំរុញដោយការនាំចេញគ្រាប់ស្វាយចន្ទី និងអង្ករ ដែលជួយប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញដំឡូងមី និងកៅស៊ូ ៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content