បរទេស៖ សហរដ្ឋអាម៉េរិក និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការផលិត និងការផ្គត់ផ្គង់សារធាតុរ៉ែកម្រសំខាន់ៗ ក្នុងអំឡុងពេលដែលលោក Donald Trump ធ្វើដំណើរទៅទីក្រុងតូក្យូជួបជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកស្រី Sanae Takaichi ជាលើកដំបូងកាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ ចំពេលដែលចិនរឹតបន្តឹងលើការនាំចេញសារធាតុរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងពន្ធគយរបស់សហរដ្ឋអាម៉េរិក។

យោងតាមប្រភពពីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាម៉េរិក និងជប៉ុន បានយល់ព្រមគ្នាក្នុងការជំរុញគម្រោងរួមសម្រាប់គាំទ្រដល់ឧស្សាហកម្មក្នុងស្រុក រួមទាំងបច្ចេកវិទ្យាទំនើប និងមូលដ្ឋានឧស្សាហកម្មរៀងៗខ្លួន ដោយប្រើប្រាស់គោលនយោបាយសេដ្ឋកិច្ច និងការសម្របសម្រួលលើការវិនិយោគ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍ទីផ្សារដែលមានលក្ខណៈចម្រុះ និងយុត្តិធម៌សម្រាប់រ៉ែកម្រ។
លោក Trump បានសាទរប្រទេសជប៉ុនថាជាសម្ព័ន្ធមិត្តនៅកម្រិតខ្លាំងបំផុត ដោយសរសើរលោកស្រី Takaichi ដែលទើបចូលកាន់តំណែងកាលពីសប្តាហ៍មុនថា ជានាយករដ្ឋមន្ត្រីដ៏អស្ចារ្យបំផុត។ ទន្ទឹមនឹងនេះ លោកស្រី Takaichi ក៏បានបង្ហាញពីការប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយអាម៉េរិក ដោយកោតសរសើរថា ជាសម្ព័ន្ធភាពដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក។

គួរឲ្យបញ្ជាក់ដែរថា កាលពីដើមឆ្នាំកន្លងទៅនេះ អាម៉េរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអ៊ុយក្រែន ជាមួយនឹងការធានាសន្តិសុខសម្រាប់ទីក្រុងគៀវ។ លើសពីនេះ លោក Trump ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយអូស្ត្រាលីកាលពីដើមខែតុលា ឆ្នាំ២០២៥នេះផងដែរ ក្នុងគោលបំណងប្រឆាំងនឹងអំណាចត្រួតត្រារបស់ចិននៅក្នុងទីផ្សាររ៉ែកម្ររបស់ពិភពលោក៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content