បរទេស ៖ សហរដ្ឋអាម៉េរិក ត្រូវបានគេមើលឃើញថា គឺជាអ្នកទទួលរងផលប៉ះពាល់ច្រើនជាងគេពីការរឹតត្បិតលើការនាំចេញរ៉ែកម្ររបស់ប្រទេសចិន។ អាស្រ័យហេតុនេះ ជាដំណោះស្រាយ ក្រៅតែពីកិច្ចពិភាក្សាទ្វេភាគីជាមួយចិនហើយនោះ អាម៉េរិក ក៏កំពុងស្វែងរកដៃគូថ្មីៗដើម្បីផ្គត់ផ្គង់រ៉ែកម្រទាំងនោះ ក្នុងគោលបំណងធ្វើឲ្យអំណាចរបស់ចិននៅក្នុងទីផ្សាររ៉ែកម្រអាចចុះថមថយ។
ជាផ្នែកមួយនៃផែនការរបស់ខ្លួន ប្រធានាធិបតីអាម៉េរិក លោក Donald Trump និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានជួបប្រជុំគ្នានៅឯសេតវិមាន និងបានឈានទៅដល់ចុះហត្ថលេខាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់រ៉ែកម្រជាមួយគ្នា ហើយតាមរយៈកិច្ចព្រមពៀងមួយនេះគេជឿជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលទីក្រុងកាន់បេរ៉ា នឹងធ្វើការវិនិយោគរួមគ្នាទៅលើគម្រោងមួយចំនួនដែលមានទំហំទុនសរុបរហូតទៅដល់ ៨,៥ពាន់លានដុល្លារ។

សូមបញ្ជាក់ថា រ៉ែកម្រ ជាប្រភេទរ៉ែចាំបាច់ក្នុងការផលិតសព្វាវុធ ផលិតឧបករណ៍អេឡិចត្រូនិក មនុស្សយន្ត និងយានយន្តអគ្គិសនី។ បច្ចុប្បន្ននេះ ប្រទេសចិន គឺជាជាប្រភព និងជាអ្នកផលិតរ៉ែកម្រធំជាងគេ បំផុតនៅរបស់ពិភពលោក ខណៈដែលបច្ចុប្បន្ន ចិន បានកាន់កាប់ចំណែកទីផ្សារសរុបប្រហែល ៧០ភាគរយនៃរ៉ែកម្ររបស់ពិភពលោក ឬប្រមាណជា ៤៤ លានតោននៃទុនបំរុង ហើយបន្ទាប់មកគឺប្រេស៊ីលដែលមាន ២១លានតោន ខណៈដែលឥណ្ឌា មានទំហំ ៦,៩លានតោន ហើយអូស្ត្រាលី មានប្រមាណ ៥,៧លានតោន។

ដោយឡែក នៅក្នុងកិច្ចព្រមព្រៀងខាងលើនេះត្រូវបានគេរាយការណ៍ថា មានការវិនិយោគដោយផ្ទាល់ចំនួន ៣ ពាន់លានដុល្លារពីសហរដ្ឋអាម៉េរិកសម្រាប់គម្រោងរុករករ៉ែ និងកែច្នៃ ហើយអាម៉េរិកក៏មានគម្រោងវិនិយោគលើការសាងសង់រោងចក្រចម្រាញ់ហ្គាលីញ៉ូមនៅទឹកដីអូស្ត្រាលីខាងលិចផងដែរ ដោយមានសមត្ថភាពផលិតដល់ទៅ១០០ តោនក្នុងមួយឆ្នាំ។ អាម៉េរិក ក៏បានបង្ហើបទៀតថា ការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី នឹងអាចទាញយករ៉ែសំខាន់ៗជាច្រើនប្រភេទដែលមានតម្លៃរហូតទៅដល់ ៥៣ ពាន់លានដុល្លារ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content